ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបន្តលើកពេលសវនាការលោក កឹម សុខា ទៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ បន្តទៀត ដោយសវនាការព្រឹកមិញនេះ តំណាងអយ្យការបានពិនិត្យភស្តុតាងវីដេអូតែបន្តិចប៉ុណ្ណោះ។ សហមេធាវីរបស់លោក កឹម សុខា យល់ថាការពន្យារពេលសវនាការកូនក្តីខ្លួនក្រោមមូលហេតុផ្សេងៗគឺជាការរំលោភច្បាប់និងសិទ្ធិកូនក្តី។ ទាក់ទងការលើកពេលសវនាការនេះ មេធាវីតំណាងរដ្ឋាភិបាលបន្ទោតាមការលើកឡើងរបស់តំណាងអយ្យការថា បើចង់បញ្ចប់រឿងក្តីបានឆាប់រហ័សលុះត្រាលោក កឹម សុខា ទទួលកំហុស។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ បន្ទាប់ពីបានផ្អាកជិតពីរឆ្នាំដោយសារមូលហេតុរីករាលដាលនៃជំងឺកូវីដ-១៩។ សវនាការដែលបានប្រព្រឹត្តិទៅពីម៉ោង ៨ និង ៣០នាទីព្រឹក ហើយបានបញ្ចប់ទៅវិញនូវម៉ោងប្រហែល ១២ ថ្ងៃត្រង់វិញនោះ ទាំងអង្គអយ្យការនិងមេធាវីទាំងសងខាងបានលើកយកវីដេអូរបស់លោក កឹម សុខា ដែលថ្លែងនៅប្រទេសអូស្រ្តាលីរយៈពេលជាងមួយម៉ោង មកពិនិត្យ។ តែវីដេអូចាក់បង្ហាញបានត្រឹមតែជាង ២៥នាទីប៉ុណ្ណោះ តុលាការក៏សម្រេចបញ្ឈប់នឹងលើកទៅបន្តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។
លោក អាង ឧត្តម មេធាវីមួយរូបក្នុងចំណោមសហមេធាវីរបស់លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា ការលើកពេលជំនុំជម្រះរឿងក្តីលោក កឹម សុខា ជាច្រើនលើកច្រើនសាក្រោមហេតុផលផ្សេងៗ លោកចាត់ទុកថា ជាការរំលោភច្បាប់និងសិទ្ធិកូនក្តីរបស់លោក។លោកយល់ថា តុលាការគួរបន្តសវនាការកូនក្តីគឺលោក កឹម សុខា ជារៀងរាល់ថ្ងៃនឹងបញ្ចប់ឱ្យបានឆាប់រហ័សព្រោះសំនុំរឿងនេះត្រូវខកខានសវនាការជិតពីរឆ្នាំមកហើយ។
លោក អាង ឧត្តម៖«យើងក៏ទទួលស្គាល់នៃការពន្យារពេលដែល តែការពន្យារពេលវាខុសច្បាប់អត់មាននីតិវិធីច្បាប់ចែងរកមូលដ្ឋានច្បាប់ណាអត់មាន។ យើងទទួលស្គាល់ករណីទូទៅនៃជំងឺកូវីដហ្នឹង តែតុលាការមិនបិទទូទៅណា តុលាការពេញស្រុកខ្មែរនៅដំណើរការ តែគេយកលេសថាគេដំណើរការតែអ្នកជាប់ឃុំ។ តែការពន្យារពេលនេះគឺប៉ះពាល់ដល់សិទ្ធិនៃការទទួលបានការជំនុំជម្រះដោយឆាប់រហ័ស ហើយសំន្នើរបស់យើងសូមឱ្យដាក់តារាកម្មវិធីឱ្យបានលឿនតែគាត់អត់ឆ្លើយ យើងចង់សួរគាត់បិទ បែរជាដាក់កម្មវិធីថ្ងៃ២៥មករា អាចហ្នឹងឆ្លើយតបតាមការចង់បានឆាប់រហ័សអត់»។

ដោយឡែកលោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណីបានប្រាប់អ្នកសារព័ត៌មានតាមការលើកឡើងរបស់តំណាងអយ្យការថា ករណីរបស់លោក កឹម សុខា នេះបើសិនចង់បញ្ចប់រឿងបានឆាប់រហ័ស លុះត្រាតែជនជាប់ចោទទទួលមរណភាព។ ទី២៖ លុះត្រាតែមានសាលក្រមចូលជាស្ថាពរ និងករណីទី៣៖ គឺលោក កឹម សុខា ទទួលស្គាល់កំហុសថាខ្លួនពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់មែន។
លោក គី តិច៖«ជាពិសេសជនជាប់ចោទ កឹម សុខា មេធាវីការពារសិទ្ធិឱ្យ កឹម សុខា គឺគាត់ចង់ឱ្យមានការដាក់កាលវិភាគឬកម្មវិធីសវនាការឱ្យបានលឿន ហើយចង់ឱ្យឆាប់ចប់ តែពេលនោះតំណាងអយ្យការបានបំភ្លឺថា អារឿងចប់មានមធ្យោបាយឱ្យឆាប់ចប់ តែត្រូវអនុវត្តតាមច្បាប់។ ទីមួយការបញ្ចប់ក្នុងរឿងព្រហ្មទណ្ឌដោយសារជនជាប់ចោទទទួលមរណភាព។ទី២៖ការបញ្ចប់ដោយមានសាលក្រមស្ថាពរដោយការជម្រះសេចក្តី។និងទី៣៖ក៏ចប់លឿនដែលបើសិនជនជាប់ចោទទទួលស្គាល់ការពិត ទទួលស្គាល់កំហុស និងទទួលស្គាល់ទង្វើដែលគាត់បានធ្វើខុសនឹងច្បាប់»។

ឆ្លើយតបក្នុងរឿងនេះលោក អាង ឧត្តម និយាយថា លោក កឹម សុខា គ្មានប្រព្រឹត្តិទោសកំហុសដូចការចោទប្រកាន់ថាក្បត់ជាតិនោះទេ ដូច្នេះគ្មានឡើយការទទួលស្គាល់កំហុស។ យ៉ាងណាលោក អាង ឧត្តម ដាក់ជាសំនួរវិញថា បើសិនជាកូនក្តីលោកទទួលស្គាល់កំហុស តើមានលក្ខខ័ណ្ឌលើកលែងទោស និងបន្ថូរបន្ថយទោសសម្រាប់កូនក្តីរបស់លោកដែលឬទេ?
លោក អាង ឧត្តម៖«អូខេបាន! តែដាក់លក្ខខ័ណ្ឌនិយាយគ្នាមកចប់លើកលែងទោសគាត់ទៅ ឬបន្ថូរសម្រាលទោសគាត់ទៅ! វាមិនត្រូវ ទទួលទោសយ៉ាងម៉េះបើគាត់អត់ទោសផងហ្នឹង វាមិនដែលទទួលស្គាល់សារភាពទោសហើយតុលាការដោះលែងទេ?»។
ចំណែកលោក ចាន់ ចេន សហមេធាវីមួយរូបទៀតរបស់លោក កឹម សុខា លើកឡើងថា រឿងក្តីមួយនេះមានភាពស្មុគស្មាញ ពិសេសសំនុំរឿងនេះទាក់ទងនឹងរឿងនយោបាយ។ លោកយល់ថា រឿងក្តីទាក់ទងនឹងបញ្ហានយោបាយបែបនេះ លុះត្រាតែដោះស្រាយតាមបែបនយោបាយទើបរឿងឆាប់ចប់។
លោក ចាន់ ចេន៖«នេះជាជម្លោះអ្នកនយោបាយ ហើយបើឱ្យអ្នកបច្ចេកដោះស្រាយហ្នឹងគឺពិបាកដោះមិនចេញទេ! ចឹងរឿងនេះត្រូវដោះស្រាយតាមផ្លូវនយោបាយ។ហើយបងប្អូនសួរថាមានសង្ឃឹមទេបើដោះស្រាយតាមបែបនយោបាយ យើងពិតជាមានសង្ឃឹម។ បើយើងបកក្រោយវិញ យើងឃើញហើយខ្មែរមានជម្លោះប្រដាប់អាវុធបាញ់គ្នាបង្ហូរឈាមខ្មែរនឹងខ្មែរ ប៉ុន្តែខ្មែរនៅតែអាចចូលតុចរចាជជែកគ្នាដោះស្រាយបញ្ចប់បញ្ហាបាន»។

សវនាការលោក កឹម សុខា នៅព្រឹកមិញនេះមានការឃ្លាំមើលជាច្រើនពីសំណាក់សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនបរិស្ថាន មន្រ្តីសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងអ្នកសារព័ត៌មានផងដែរ។ ដោយឡែកគេសង្កេតឃើញថា មានកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ខ្លះឈរ ខ្លះអង្គុយដើម្បីត្រៀមរក្សាសន្តិសុខ ខណៈសមត្ថកិច្ចខ្លះបានជួយសម្រួលចរាចរផងដែរ។
លោក រ៉ុង ឈុន មេសហជីពល្បីល្បាញមួយរូបដែលបានមកឃ្លាំមើលសវនាការនាព្រឹកនេះយល់ថា លោក កឹម សុខា អាចទទួលបានការបន្ថូរបន្ថយទោស ឬកាត់តម្រឹមទោសខ្លះ ខណៈកម្ពុជានឹងក្លាយជាប្រធានប្តូរវេនអាស៊ាននានាពេលឆាប់ៗនេះ។ លោកដាក់ការសន្និដ្ឋានថា តុលាការទំនងមិនទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងនោះទេ ហើយអាចដាក់លោក កឹម សុខា នៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ការយល់បែបនេះ ព្រោះហេតុថា លោក កឹម សុខា ជាដៃគូប្រកួតប្រជែងដ៏មានសក្តានុពលជាមួយបក្សកាន់អំណាច ដូច្នេះមិនអាចប្រលែងឱ្យលោក កឹម សុខា អាចធ្វើនយោបាយបានដោយងាយនោះទេ។
លោក រ៉ុង ឈុន៖«ហើយគេមិនព្រលែងសេរីភាពឱ្យបង កឹម សុខា បានមួយរយភាគរយទេ ព្រោះវាជាហានិភ័យនៅពេលដែលគាត់ទៅបូកជាមួយបក្សដែលមានសក្តានុពលដែលអាចប្រកួតជាមួយគណបក្សប្រជាជនបាន នោះធ្វើឱ្យកម្លាំងមានទ្វេដងតែម្តង។ហើយបើខ្ញុំមើលឃើញគេមិនអាចឱ្យគាត់មានសេរីភាពពេញលេញត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យណាមួយ»។

សូមរំលឹកថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។ សម្រាប់មេធាវីការពារក្តីលោក កឹម សុខា វីដេអូរយៈពេលជាងមួយម៉ោងនេះ ជាភស្តុតាងដោះបន្ទុកកូនក្តីមួយយ៉ាងសំខាន់ ព្រោះកន្លងមក វីដេអូមួយនេះត្រូវបានកាត់ជាចំណែកៗយកមកធ្វើជាមូលដ្ឋាននៃការចោទប្រកាន់លោក កឹម សុខា ដែលមិនបានឆ្លុះបញ្ចាំងពីខ្លឹមសារពិតនៃការថ្លែងនោះ។
លោក កឹម សុខា ដែលបន្ទាប់មកត្រូវតុលាការចោទប្រកាន់លោកត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត ដោយតុលាការ ហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ៕