en     km
en     km

កំពង់ធំ៖ប្រជាពលរដ្ឋឃុំសាន់គសាទរពេលឃុំសង់ផ្លូវបេតុងឆ្លើយតបតាមតម្រូវពលរដ្ឋ

Share

កំពង់ធំ៖ ផ្លូវបេតុង ១ ខ្សែប្រវែង ២៤៦០ ម៉ែត្រជាមូលនិធិឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  បានសាងសង់រួចរាល់ជាស្ថាពរ នាពេលថ្មីៗនេះ។ ផ្លូវមួយខ្សែនេះ បានបម្រើតាមសេចក្តីត្រូវការសម្រាប់ប្រជាពលរដ្ឋភូមិសារី ភូមិវាល ភូមិសាន់គ(ក)និងភូមិបល្លង្ក អាចធ្វើដំណើរឆ្លងកាត់ដោយផាកសុកភាព ពិសេសបានលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ។

ក្មេងៗរត់លេងលើផ្លូវបេតុងដែលទើបសាងសង់រួមយ៉ាងសប្បាយរីករាយ។រូបភាព ប៉ាត ពណ្ណរាយ។

អាជីវករលក់គ្រឿងភេសជ្ជៈមួយរូបអ្នកស្រី ប៉ៃ ថា រស់នៅក្នុងភូមិសាន់គ និយាយរៀបរាប់ថា ចាប់តាំងពីផ្លូវបានជួសជុលស្អាតមក ធ្វើឱ្យការលក់ដូរប្រចាំថ្ងៃរបស់អ្នកស្រីមានភ្ញៀវច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវបេតុងមួយខ្សែនេះ ក៏បង្កភាពងាយស្រួលដល់កសិករដឹកជញ្ជូនកសិផលផ្សេងៗមកកាន់ទីផ្សារផងដែរ។

ថ្លែងពីភាពងាយស្រួលធ្វើដំណើរនិងការរកស៊ីលក់ដូរពេលមានផ្លូវបេតុងល្អក្នុងភូមិ។រូបភាព ប៉ាត ពណ្ណរាយ។

រីឯប្រជាពលរដ្ឋមួយរូបទៀតគឺអ្នកស្រី ឈូក ចាន់រ៉ា រស់នៅភូមិសារី ឃុំសាន់គ សម្តែងក្តីសប្បាយរីករាយដែលរដ្ឋបាលឃុំសាន់គ បានយកចិត្តទុកជួសជុលផ្លូវឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ហាត់ប្រាណ និងសិស្សានុសិស្សទៅរៀនទាន់ពេលវេលា។ អ្នកស្រីរំលឹកថា កាលពីមុនផ្លូវមួយខ្សែតែងរងការជន់លិននៅរដូវទឹកជំនន់ ដែលបង្កជាភក់រអិលលំបាកធ្វើដំណើរ ពេលជិះកង់ ម៉ូតូ ឡាន ម្តងៗតែងជាប់ផុង និងខ្លះត្រូវរអិលដួលខូចខាតសម្ភារៈក៏មាន។

ថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចចំពោះការយកចិត្តទុកដាក់សុខទុក្ខចំពោះប្រជាពលរដ្ឋ។រូបភាព ប៉ាត ពណ្ណរាយ។

ក្នុងនាមប្រជាពលរដ្ឋដែលទទួលផលពីគម្រោងមូលនិធិឃុំសាន់គលើផ្លូវបេតុងមួយខ្សែនេះ អ្នកស្រីសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេសរដ្ឋបាលឃុំ ដែលបានយកចិត្តទៅដាក់កសាងផ្លូវបេតុងមានគុណភាពជូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល។

ជុំវិញរឿងនេះលោក ជួ សួន មេឃុំសាន់គ លើកឡើងថា នៅពេលខាងមុខឆាប់ៗនេះ រដ្ឋបាលឃុំនឹងគ្រោងកសាងអភិវឌ្ឍន៍ផ្លូវបេតុងជូនប្រជាពលរដ្ឋបន្ថែមទៀត បើទោះជាតិចក្តី ឬច្រើនក្តី ព្រោះកន្លងមករដ្ឋបាលឃុំមើលឃើញការកសាងផ្លូវលំ មិនមានគុណភាពល្អដូចផ្លូវបេតុងនោះឡើយ ពោលដូចពាក្យគេតែងលើកឡើងថាធ្វើរួចខាងមុខមកជួសជុលខាងក្រោយវិញ។

លោក ជួ សួន មេឃុំសាន់គផ្តល់កិច្ចសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ។រូបភាព ប៉ាត ពណ្ណរាយ។

ជាក់ស្ដែងសមិទ្ធផលផ្លូវបេតុងមួយខ្សែប្រវែង ២៤៦០ម៉ែត្ររបស់មូលនិធិឃុំមួយខ្សែនេះ បានកសាងរួចរាល់ជាស្ថាពរប្រកបដោយគុណភាព សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែរនិងបានច្រើនភូមិ។

ផ្លូវបេតុងទើបសាងសង់រួចធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិងាយស្រួលធ្វើដំណើរ។រូបភាព ប៉ាត ពណ្ណរាយ។

បើតាមអាជ្ញាធរឃុំមើលឃើញថា ប្រជាពលរដ្ឋពេញចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលផ្លូវបេតុងមួយខ្សែនេះ បានតភ្ជាប់ពីផ្លូវផ្សេងៗទៀតមកកាន់ទីប្រជុំជន មកកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ សិស្សានុសិស្ស ងាយស្រួលធ្វើដំណើរទៅសាលារៀន ពិសេសផ្លូវនេះជាផ្លូវមួយអាចបញ្ជៀសហានិភ័យគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទខ្លីសរសេរដោយ  ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង