en     km
en     km

កសិករខេត្តកំពង់ធំមានស្នាមញញឹមឡើងវិញក្រោយកម្ចាត់ដង្កូវហ្វូងចេញពីស្រែ

Share

ខេត្តកំពង់ធំ៖ អស់រយៈពេលជាងមួយខែនេះ ករណីដង្កូវហ្វូងរីករាលដាលស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករតាមស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ បានក្លាយជាក្តីព្រួយបារម្ភមួយយ៉ាងខ្លាំង ខណៈស្រូវរងការខូចខាតអស់រាប់រយហិកតាក្នុងរយៈពេលដ៏ខ្លី។ តែយ៉ាងណា បញ្ហានេះត្រូវបានសង្គ្រោះមកវិញ បន្ទាប់ ពីមន្រ្តីពាក់ព័ន្ធចុះអន្តរាគមន៍ទាន់ពេលវេលា។

រូបភាពដង្កូវហ្វូងចុះស៊ីស្រូវរបស់ពលរដ្ឋក្នុងខេត្តកំពង់ធំកាលពីខែមិថុនាកន្លងទៅ។រូបភាពពី ថៃ សុធា។

កាលពីអំឡុងខែមិថុនាដំណាំស្រូវក្នុងខេត្តកំពង់ធំ ត្រូវរងការខូចខាតយ៉ាងដំណំដោយសារដង្កូវហ្វូងស៊ីកាត់បំផ្លាញស្រូវរីករាលដាលយ៉ាងឆាប់រហ័ស។ ជុំវិញបញ្ហានេះ ប្រជាកសិកររងការខាតបង់ជាខ្លាំង តែកសិករទទួលស្នាមញញឹមឡើងវិញបន្ទាប់ពីមន្រ្តីជំនាញចុះមកជួយដោះស្រាយ។

កសិករខេត្តកំពង់ធំពិនិត្យមើលស្ថានភាពស្រូវក្នុងស្រែបន្ទាប់ពីដង្កូវហ្វូងបានងាប់ស្ទើរអស់ពីស្រែរបស់កសិករ។រូបភាពពី ថៃ សុធា។

លោក ហង់ ណាត អាយុ ៥៦ឆ្នាំ ជាកសិកររស់នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ថា ស្រែរបស់លោកមានទំហំជាង ១ហិកតាកន្លះ និងស្រែរបស់កសិកររាប់រយហិកតាផ្សេងទៀតរងខូចខាតស្ទើរទាំងស្រុងដោយសារដង្កូវហ្វូងស៊ីបំផ្លាញកាលពីដើមខែមិថុនាកន្លងទៅ។ លោកថាគ្រានោះ លោកនិងកសិករដទៃទៀត កើតក្តីព្រួយបារម្ភនិងអស់សង្ឃឹមយ៉ាងខ្លាំង​ ពេលឃើញដំណាំស្រូវខូចខាតបែបនេះ។ ក៏ប៉ុន្តែលោកថា បញ្ហានេះត្រូវបានដោះស្រាយឡើងវិញបន្ទាប់ពីមានមន្រ្តីកសិកម្មចុះចង្អុលបង្ហាញពីវិធីសាស្រ្តកម្ចាត់ ទប់ស្កាត់ និងបានដឹកនាំកសិករបាញ់ថ្នាំគីមីសម្លាប់ដង្កូវហ្វូង។

លោក ហង់ ណាត កសិករក្នុងខេត្តកំពង់ធំថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធដែលបានចុះជួយកសិករ។រូបភាពពី ថៃ សុធា។

ដោយឡែកកសិករមួយចំនួនទៀតក្នុងមានលោក ឆែម ធាន លោក យ៉េន យ៉ុន និងលោក ថែ ថុត រស់នៅភូមិពោធិ៍ ឃុំបន្ទាយស្ទោង ស្រុកស្ទោង លើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេត្រេកអរនៅពេលមានអាជ្ញាធរ មូលដ្ឋាន និងមន្ត្រីជំនាញផ្នែកកសិករចុះមកអន្តរាគមន៍ជួយទប់ស្កាត់បានទាន់ពេលវេលា គ្រាដែលកសិករជួបបញ្ហាអាសន្នបែបនេះ។ ក្រុមកសិករទាំងនោះឱ្យដឹងបន្ថែមទៀតថា មកទល់ពេលនេះ ដំណាំស្រូវរបស់កសិករលូតលាស់ល្អឡើងវិញដូចដើម ដោយមិនចាំបាច់ភ្ជួររាស់ និងសាបព្រោះពូជថ្មីឡើងវិញនោះទេ។

កសិករពិនិត្យមើលស្រូវក្រោយបាញ់ថ្នាំសម្លាប់ដង្កូវហ្វូង។រូបភាពពី ថៃ សុធា។

ជុំវិញរឿងនេះ លោក យ៉ារី ជាមន្រ្តីកសិកម្មប្រចាំឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា នៅពេលដឹងព័ត៌ មានករណីដង្កូវហ្វូងស៊ីស្រូវកសិករភ្លាម លោកបានរាយការណ៍ជូនស្ថាប័នថ្នាក់លើដើម្បីចុះមកអន្តរាគមន៍ជួយកសិករភ្លាម។ លោកថាក្រុមការងារបានផ្តល់ការណែនាំពីវិធីសាស្រ្តបាញ់ថ្នាំសម្លាប់ដង្កូវហ្វូង ដោយប្រាប់កសិករគួរបាញ់នៅពេលព្រឹក ឬពេលរសៀលទើបមានប្រសិទ្ធភាពខ្ពស់។ លោកថា បញ្ហាដង្កូវហ្វូងស៊ីដំណាំនេះ បានបង្កឱ្យកសិករមួយចំនួនបោះបង់ចោលការធ្វើស្រែទៅស៊ីឈ្នួលដកដំឡូងឱ្យគេក៏មាន។ លោកសំណូរពរឱ្យប្រជាកសិករនៅពេលជួបបញ្ហាដូចករណីខាងលើ អាចទាក់ទងមកមន្រ្តីកសិកម្មប្រចាំតាមឃុំ ដើម្បីសុំការណែនាំ និងសុំកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោក យ៉ារី ជាមន្រ្តីកសិកម្មប្រចាំឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅចុះជាប់ជាប្រចាំនៅតាមមូលដ្ឋានក្នុងឃុំ ដើម្បីតាមដានបញ្ហាដំណាំរបស់កសិករនិងផ្តល់វិធីសាស្រ្តឱ្យកសិករចេះទប់ស្កាត់បញ្ហាដង្កូវហ្វូងនៅពេលក្រោយ។រូបភាពពី ថៃ សុធា។

ទាក់ទងករណីដង្កូវហ្វូងចុះកាត់បំផ្លាញដំណាំស្រូវប្រជាពលរដ្ឋនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បញ្ជាក់ថា ទំហំនៃការខូចខាតដំណាំសរុបទាំងអស់ក្នុងខេត្តមានចំនួន ៤ ១៧០ ហិកតា ក្នុងនោះស្រុកស្ទោងមានចំនួនជាង ៣០០០ហិកតា ស្រុកកំពង់ស្វាយមានចំនួន ជិត២០០ ហិកតា និងស្រុកតាំងគោកមានចំនួនជាង ៤០ ហិកតា។ មកទល់ពេលនេះ លោកប្រធានមន្ទីរកសិករខេត្តកំពងធំអះអាងថា បញ្ហាដង្កូវហ្វូងស៊ីដំណាំរបស់កសិករអាចគ្រប់គ្រង និងសង្គ្រោះបានស្ទើរ ១០០% ហើយ៕

ស្ថានភាពស្រូវរបស់កសិករក្នុងខេត្តកំពង់ធំត្រឡប់មកសភាពល្អដូចដើមក្រោយកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីមន្រ្តីជំនាញពាក់ព័ន្ធ។រូបភាពពី ថៃ សុធា។

អត្ថបទខ្លីសរសេរដោយ  ថៃ សុធា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង