ខេត្តកំពង់ធំ៖ កសិករដាំបន្លែមួយចំនួននៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្អូញត្អែរពីតម្លៃបន្លែស្ទើរគ្រប់មុខដែលដាំដុះបានផលតែត្រូវចុះថោកចំពេលដែលប្រមូលផល។ ត្អូញត្អែរប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមកសិករសំណូរពរដល់មន្រ្តីនិងអ្នកពាក់ព័ន្ធចុះអន្តរាគមន៍ជួយរកទីផ្សារជូនកសិករធ្វើយ៉ាងណាលក់ចេញឱ្យបានតម្លៃសមរម្យ។ ទាក់ទងករណីនេះ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំប្រាប់ថានឹងចាត់ក្រុមការងារចុះទៅពិនិត្យមើលកសិផលដើម្បីអន្តរាគមន៍ឱ្យកសិកររកឈ្មួញប្រមូលទិញក្នុងតម្លៃមួយសមរម្យ។
ចម្ការបន្លែរបស់កសិករភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ដែលទទួលបានបច្ចេកទេសដាំដុះពីអង្គការរបស់ប្រទេសកូរ៉េខាងត្បូង។រូបភាពពី ប៉ុញ ចាន់ថន ។
កសិករប្រកបរបរដាំបន្លែនៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំនួន២រូប ដែលក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំបានចុះសម្ភាសន៍លើកឡើងដោយត្អូញត្អែរពីតម្លៃបន្លែឆ្នាំនេះ ធ្លាក់ថ្លៃជាងឆ្នាំមុនៗចំពេលបន្លែត្រូវប្រមូលផលលក់។ ភ្ជាប់មកនូវការត្អូញត្អែរនេះ ក្រុមកសិករក៏លើកឡើងពីការចំណាយទាំងថវិកានិងកម្លាំងកាយលើការដាំដុះបន្លែ តែបែរជាប្រឈមការខាតបង់ទៅវិញ។
កសិករដាំបន្លែក្នុងផ្ទះសំណាញ់តាមបច្ចេកទេសរបស់ប្រទេសកូរ៉េ។រូបភាពី ប៉ុញ ចាន់ថន។
អ្នកស្រី ប៊ុត សុខ និងអ្នក ស្រី ជិន សម្បត្តិ រស់នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំត្អូញត្អែរថា តម្លៃបន្លែស្ទើរគ្រប់មុខរបស់ពួកគេបានធ្លាក់ថ្លៃចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២៤នេះ ពោលគឺចុះថោកជាងបណ្តាឆ្នាំមុនៗ ខណៈបញ្ហានេះធ្វើឱ្យកសិករដូចអ្នកស្រីព្រួយបារម្ភអំពីជីវភាពគ្រួសារទៅថ្ងៃខាងមុខ។ អ្នកស្រីបន្តទៀតថាអ្នកស្រីនិងក្រុមកសិករផ្សេងទៀតបានប្រឹងប្រែងរៀនសូត្របច្ចេកទេសពីមន្រ្តីជំនាញផ្នែកកសិកម្មកម្ពុជាផងនិងរៀនពីអង្គការចលនាភូមិថ្មីដែលជាជំនួយរបស់ប្រទេសសាធារណរដ្ឋកូរ៉េ។ អ្នកស្រីបន្ថែមថា ក្រុមកសិករបានទទួលទាំងចំណេះនិងសម្ភារៈផ្សេងៗពីអង្គការទើបធ្វើឱ្យកសិករមានទឹកចិត្តដាំដុះនិងស្រលាញ់ការងារបង្កបង្កើនផលក្នុងភូមិស្រុកដោយមិនចាំបាច់ចំណាកស្រុករកការងារធ្វើឆ្ងាយផ្ទះសម្បែង។
ប៉ុន្តែអ្វីដែលធ្វើកសិករខកបំណងនោះ គឺបញ្ហាទីផ្សារឆ្នាំនេះហាក់តូចចង្អៀតពិបាកលក់ចេញ ហើយឈ្មួញខ្លះបានទម្លាក់តម្លៃចុះថោកយ៉ាងគំហុក ធ្វើឱ្យកសិករប្រឈមការខាតបង់។ នេះបើតាមអ្នកស្រី ប៊ុន សុខ និងអ្នកស្រី ជិន សម្បត្តិ បន្ថែម។
អ្នកស្រី ប៊ុត សុខ បានហាត់រៀនបច្ចេកទេសដាំបន្លែពីអង្គការមួយរបស់ប្រទេសកូរ៉េ។រូបភាពី ប៉ុញ ចាន់ថន។
ស្រ្តីកសិករទាំងពីររូបខាងលើ អះអាងទៀតថា កាលពីឆ្នាំមុនអ្នកស្រីអាចលក់បន្លែគ្រប់មុខទទួលបានចំណូលក្នុងមួយខែប្រហែលជិត៤លានរៀល តែឆ្នាំ ២០២៤នេះ ចំណូលបានធ្លាក់ចុះជាងពាក់កណ្តាល។ ទោះបីជាខាតបង់ថវិកាខ្លះនៅឆ្នាំនេះ តែកសិករទាំងពីររូបខាងលើបញ្ជាក់ថា ពួកគេនៅមិនទាន់រាថយបោះបង់របរដាំបន្លែដែលប្រឹងរៀនសូត្រនេះទេ តែសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍រកទីផ្សារលក់ឱ្យបានសមរម្យជាពេលបច្ចុប្បន្ន។ ការសុំអំពាវនាវនេះ ដ្បិតកសិករអះអាងថា បន្លែដែលពួកគេដាំគឺតាមក្បូនខ្នាតបច្ចេកទេសត្រឹមត្រូវ និងមិនប្រើជីគីមីនោះទេ ដូច្នេះសូម ឱ្យសាធារណជនជួយគាំទ្រឱ្យបានច្រើនជាងបន្លែដែលនាំចូលពីបរទេសជិតខាង។
អ្នកស្រី ជិន សម្បត្តិ អំពាវនាវទៅកាន់មន្រ្តីឱ្យជួយរកទីផ្សារបន្លែជូនកសិករដែលកំពុងស្ថិតក្នុងពេលប្រមូលផលខណៈថ្លៃធ្លាក់ចុះ។រូបភាពី ប៉ុញ ចាន់ថន។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំលោក សាំង ហាន មេភូមិកំរ៉ែងស្នើសុំមន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងអង្គការផ្សេងៗចុះជួយអន្តរាគមន៍សម្រួលតម្លៃជូនកសិករនៅភូមិកំរ៉ែងនេះ ពិសេសជួយរកទីផ្សារលក់ឱ្យបានតម្លៃសមរម្យ។ យ៉ាងណាលោកមេភូមិ សូមលើកទឹកចិត្តដល់ប្រជាកសិករបន្តការងារបង្កបង្កើនផលជាបន្ត ដោយមិនត្រូវបោះបង់និងត្រូវចេះរកជំនួយពេលជួបបញ្ហា។
លោក សាំង ហាន មេភូមិកំរ៉ែង។រូបភាពី ប៉ុញ ចាន់ថន។
ទាក់ទងរឿងនេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បញ្ជាក់ថា លោកនឹងដឹកនាំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់ករណីនេះ ដើម្បីជួយសម្រួលឱ្យកសិកររកទីផ្សារលក់ក្នុងតម្លៃមួយសមរម្យ។
សូមជម្រាបជូនថា នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានសហគមន៍ដាំដុះបន្លែចំនួនបី ហើយក្នុងមួយសហគមន៍មានសមាជិកប្រមាណ ១០នាក់។ កសិករថាឆ្នាំមុនៗបន្លែប្រភេទសាឡាត និងស្ពៃជើងទាអាចមានតម្លៃចន្លោះពី ៤ពាន់ទៅ៥ពាន់រៀល តែឆ្នាំនេះបានធ្លាក់ថ្លៃមកត្រឹមប្រហែល ២៥០០រៀលប៉ុណ្ណោះ។ដោយជួបប្រទះបញ្ហារឿងតម្លៃនេះ កសិករថាសមាជិកក្នុងសហគមន៍ភូមិកំរ៉ែងដែលមានចំនួនប្រមាណ១០នាក់ ឥឡូវនៅសល់តែពីរនាក់ប៉ុណ្ណោះ៕
អត្ថបទខ្លីសរសេរដោយ ប៉ុញ ចាន់ថន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។