en     km
en     km

កំពង់ធំ៖កសិករសម្តែងក្តីព្រួយបារម្ភខណៈស្រូវស្រែប្រឈមខូចខាតទាំងស្រុងបើសិនទឹកស្ទឹងសែនបន្តហក់ឡើង

Share

ខេត្តកំពង់ធំ៖ បន្ទាប់ពីភ្លៀងបន្តធ្លាក់ជាប់ៗគ្នានារយៈពេលចុងក្រោយនេះ បានធ្វើឱ្យស្រូវស្រែរបស់កសិករក្នុងខេត្តកំពង់ធំរាប់ពាន់ហិកតាលិចលង់ ចំណែកស្ថានភាពកម្ពស់ទឹកស្ទឹងសែនក៏បន្តឡើងជាបណ្តើរៗ។ ចំពោះមុខបញ្ហានេះ ប្រជាកសិករនៅតាមឃុំមួយចំនួនដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំបានជួបសម្ភាសន៍បានតបដោយសម្តែងក្តីព្រួយបារម្ភថា បើសិនជាមេឃនៅបន្តធ្លាក់ភ្លៀងហើយកម្ពស់ទឹកស្ទឹងសែននៅតែបន្តហក់ឡើង នោះស្រូវក្នុងស្រែរបស់កសិករនឹងត្រូវរងខូចខាតទាំងស្រុង។

ស្ថានភាពស្រូវរបស់កសិករភូមិខ្សាច់ជីរស់ ឃុំកំពង់គោ កំពុងលិចនារដូវវស្សានេះ។រូបភាពពី ថៃ សុធា។

ជាក់ស្ដែងកសិករឈ្មោះ ស្រី ប៉ុច  ប្រាប់ថាស្រែរបស់អ្នកស្រីជាង ១៥ហិកតា នៅចំណុចក្បៅស្រោង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ កំពុងតែប្រឈមការខាតបង់ ខណៈភ្លៀងនៅតែបន្តធ្លាក់ឥតឈប់។ ប្រការនេះធ្វើឱ្យទឹកជំនន់ស្ទឹងសែនបន្តហូរចូលស្រែរបស់កសិករបណ្តើរៗ។ អ្នកស្រីបន្តថា ក្នុងតំបន់នេះមានកសិករខ្លះត្រូវបង្ខំច្រូតស្រូវទាំងគ្រាប់មិនទាន់ទុំ ជាហេតុធ្វើឱ្យបាត់បង់ទិន្នផលហើយតម្លៃលក់ចេញក៏ទាបជាងស្រូវទុំពេញផ្លែផងដែរ។

ស្ថានភាពស្រូវរបស់កសិករភូមិខ្សាច់ជីរស់ ឃុំកំពង់គោ កំពុងលិចនារដូវវស្សានេះ។រូបភាពពី ថៃ សុធា។

ចំណែកកសិករមួយរូបទៀតដែលរស់នៅភូមិឃុំខាងលើដែរនោះគឺអ្នកស្រី អុល ឃៀង បានផ្តល់កិច្ចសម្ភាសន៍កាលពីថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៤ ដែលថា ស្រូវអ្នកស្រីជាង ៣ ហិកតា ក៏កំពុងត្រូវទឹកជន់លិចបណ្ដើរៗ ហើយ ដោយអ្នកស្រីមិនសង្ឃឹមថា និងបានច្រូតកាត់ទាន់ពេលនោះទេ បើទឹកស្ទឹងសែននៅតែបន្តឡើងបែបនេះ។

អ្នកស្រី អុល ឃៀង កសិករភូមិខ្សាច់ជីរស់ សំណូរពរដល់មន្រ្តីពាក់ព័ន្ធជួយចុះពិនិត្យជួយកសិករចំពោះបញ្ហាស្រូវលិចនេះ។រូបភាពពី ថៃ សុធា។

ងាកមកគ្រួសាររបស់លោក ធឿន ទូច ដែលកំពុងតែច្រូតកាត់ស្រូវចេញពីក្រោមទឹកបានត្អូញត្អែរដោយអួលដើមកថា ស្រូវរបស់ខ្លួនជាង ៥ ហិចតា ត្រូវលិចលង់អស់ទាំងស្រុងហើយ។ កសិកររូបនេះបន្តថា ខ្លួនមិនដឹងថាមានលុយឯណាសម្រាប់សងបំណុលគេនោះទេ ដ្បិតការធ្វើស្រែនេះគ្រួសារបានទៅជំពាក់ថ្លៃជី និងប្រេង ពីគេ បន្ថែមពីនេះត្រូវបង់ធនាគាររាល់ខែថែមទៀត។

ក្រុមគួ្រសារលោក ធឿន ទូច ត្រូវបង្ខំចិត្តច្រូតស្រូវដែលលិចបើពុំដូច្នេះទេនឹងត្រូវខូចខាតទាំងស្រុង។រូបភាព ថៃ សុធា។

ទាក់ទងរឿងនេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តីនៅភ្នំពេញថា លោកនិងក្រុមការងារព្រមជាមួយអាជ្ញាធរខេត្តបាននិងកំពុងចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្រ្តតំបន់រងជំនន់នេះ ដោយកំពុងស្រង់ស្ថិតិពីផលខូចខាតដើម្បីរៀបចំផែនការជួយកសិករក្រោយទឹកស្រកវិញ។ សម្រាប់ស្រូវកំពុងរងទឹកជន់លោកបានណែនាំដោយទុកលទ្ធភាពជូនកសិករអាចច្រូតកាត់ស្រូវជាមុន ដើម្បីបង្ការការខាតបង់ច្រើនករណីបើសិនជាស្ថានភាពទឹកនៅបន្តជន់ឡើងជាប់បែបនេះ។

មន្រ្តីពាក់ព័ន្ធបានចុះទៅពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករក្រោយទទួលព័ត៌មានពីការជន់លិច។រូបភាពពី ថៃ សុធា។

សូមបញ្ជាក់ជូនថា ជំនន់ទឹកស្ទឹងសែន រួមផ្សំនិងទឹកភ្លៀង បានបណ្ដាលឲ្យស្រូវជាច្រើនហិកតានៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រឈមនិងខ្លះបានលិចលង់នោះ គឺស្របពេលដែលប្រព័ន្ធសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូងសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃលើប្រទេសកម្ពុជា នឹងភាគកណ្តាលនៃអាងទន្លេមេគង្គ។ អាកាសធាតុបែបនេះបានបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានធ្វើឲ្យទឹកស្ទឹងសែនដែលហូរកាត់ខេត្តព្រះវិហារ ខេត្តកំពង់ធំ មានសន្ទុះកើនឡើងយ៉ាងគំហុក៕

អត្ថបទខ្លីសរសេរដោយ  ថៃ សុធា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង