កំពង់ធំ៖ ចាប់ពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៤តទៅ កាលណាបើលោកអ្នកនាងកញ្ញាបានទៅលេងទីរួមខេត្តកំពង់ធំ សូមកុំភ្លេចទៅសួនមាត់ស្ទឹងសែន ដ្បិតរៀងរាល់ចុងសប្តាហ៍ពោលគឺថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នឹងមានការរៀបចំស្តង់លក់ផលិតផលកសិកម្មរបស់កសិករដែលប្រមូលផលពីក្នុងភូមិស្រុកដាក់លក់នៅទីនោះយ៉ាងសម្បូរបែប។
ប្រជាពលរដ្ឋ មានទាំងអ្នកធ្វើការជាមន្រ្តីរាជការ វិស័យឯកជន និងស្រ្តីមេផ្ទះ បានមកទិញបន្លែសាច់នៅផ្សារចុងសប្តាហ៍សួនមាត់ស្ទឹងសែន។រូបភាពពីប៉ាត ពណ្ណរាយ។
ការរៀបចំតាំងលក់ផលិតផលកសិកម្មរបស់កសិករដែលដាំដោយផ្ទាល់ក្នុងភូមិស្រុកនេះ ជាផ្នែកមួយនៃការលើកស្ទួយកសិផលក្នុងស្រុកឱ្យមានទីផ្សារបញ្ចេញលក់ និងជាជម្រើសសម្រាប់ប្រជាពលរដ្ឋអាចជ្រើសរើសរវាងបន្លែត្រីសាច់នាំចូលពីប្រទេសជិតខាង និងបន្លែ សាច់ បែបសុវត្ថិភាពរបស់កសិករក្នុងស្រុក។
ប្រជាពលរដ្ឋ មានទាំងអ្នកធ្វើការជាមន្រ្តីរាជការ វិស័យឯកជន និងស្រ្តីមេផ្ទះ បានមកទិញបន្លែសាច់នៅផ្សារចុងសប្តាហ៍សួនមាត់ស្ទឹងសែន។រូបភាព ពីប៉ាត ពណ្ណរាយ។
ស្ត្រីវ័យចំណាស់មួយរូបពាក់វែនតាខ្មៅ ដៃយួរថង់មានផ្លែត្រឡាចបីផ្លែនិងស្ពៃខ្លះផង ស្រ្តីដែលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំរូបនេះ ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ពេលអ្នកស្រីទទួលដំណឹងថានៅមាត់សួនស្ទឹងសែនមានបើកផ្សារចុងសប្តាហ៍ អ្នកស្រីក៏មកទិញបន្លែសាច់ខ្លះដើម្បីធ្វើម្ហូប។ អ្នកស្រីបន្តថា បន្លែនិងសាច់លក់តាមស្តង់មាត់ស្ទឹងសែននេះមានគុណភាពល្អ ពិសេសបន្លែនិងសាច់ស្រស់ៗ។ ជាងនេះតម្លៃក៏សមរម្យប្រហាក់ប្រហែលបន្លែនិងសាច់តាមផ្សារដែលខ្លះនាំចូលពីប្រទេសជិតខាងដែរ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមវិទ្យុស្រ្តីអ្នកស្រីសូមជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្តឬសាធារណជនដទៃទៀត ជួយគាំទ្រទិញកសិផលរបស់កសិករក្នុងស្រុកឱ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់កសិករបន្តការងារដាំដុះបង្កបង្កើនផលឱ្យមានស្ថេរភាពតទៅមុខទៀត។
ប្រជាពលរដ្ឋរស់នៅទីរួមខេត្តបានមកគាំទ្រជួយទិញបន្លែនិងសាច់បន្ទាប់ពីដឹងថាបន្លែសាច់ជារបស់កសិករក្នុងខេត្តដាំដោយខ្លួនឯង។រូបភាពពីប៉ាត ពណ្ណរាយ។
ទើបចាប់ផ្តើមថ្ងៃដំបូងនៅថ្ងៃទី១២ខែកក្តដា ឆ្នាំ២០២៤ ស្តង់លក់មាន់ស្រែ-បន្លែសុវត្ថិភាពរបស់កសិករក្នុងខេត្តកំពង់ធំនេះ នៅមិនទាន់មានចំនួនច្រើននៅឡើយទេ។ តែយ៉ាងណា ផលិតផលកសិកម្មរបស់កសិករក្នុងសហគមន៍ភូមិព្រេន ភូមិព្រៃគុយ និងភូមិសំបួរ ស្ថិតក្នុងស្រុកកំពង់ស្វាយ បានបង្ហាញខ្លួនជាលើកទី២ បន្ទាប់ពីត្រូវផ្អាកម្តងរួចមកហើយ កាលពីវិបត្តិជំងឺកូវីដ១៩។
ប្រជាពលរដ្ឋ មានទាំងអ្នកធ្វើការជាមន្រ្តីរាជការ វិស័យឯកជន និងស្រ្តីមេផ្ទះ បានមកទិញបន្លែសាច់នៅផ្សារចុងសប្តាហ៍សួនមាត់ស្ទឹងសែន។រូបភាព ពីប៉ាត ពណ្ណរាយ។
អ្នកស្រី ឈុន ឡន ជាកសិករនិងជាអ្នកប្រមូលកសិផលពីពលរដ្ឋក្នុងភូមិខាងលើមកលក់នៅសួនមាត់ស្ទឹងសែន ទីរួមខេត្តកំពង់ធំនេះ បានបង្ហាញទឹកមុខញញឹមរីករាយសប្បាយចិត្តព្រោះគ្រាន់តែថ្ងៃដំបូងស្តង់អ្នកស្រីលក់អស់មាន់ស្រែចំនួន១០ក្បាល និងលក់បានបន្លែផ្សេងទៀតផងដែរ។ អ្នកស្រីនិយាយបន្តថា អ្នកស្រីមិននឹកស្មានថា មានបងប្អូនប្រជាជនមកជួយទិញច្រើនបែបនេះទេ ដែលការគាំទ្រនេះធ្វើឱ្យអ្នកស្រីនិងកសិករផ្សេងទៀតមានកម្លាំងទឹកចិត្តបន្តប្រឹងប្រែងការងារបង្កបង្កើនផលនេះបន្ថែមទៀត។
អ្នកស្រី ឈុន ឡន ជាកសិករនិងជាអ្នកនាំយកបន្លែនិងសាច់មាន់របស់កសិករដែលដាំនិងចិញ្ចឹមក្នុងភូមិមកលក់នៅផ្សារចុងសប្តាហ៍នេះ។រូបភាព ពីប៉ាត ពណ្ណរាយ។
សម្រាប់គុណភាពបន្លែនិងសាច់មាន់វិញ អ្នកស្រីថាគឺជាផលិតផលដាំដុះនិងចិញ្ចឹមតាមភូមិស្រុកសុទ្ធសាតគ្មានយកបន្លែពីផ្សារមកបន្លំលក់ជាមួយនោះទេ។ មួយវិញទៀត មុននឹងដាក់លក់ជូនសាធារណជន បន្លែនិងសាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយម៉ាស៊ីនតេស្តតាមស្តង់ដាត្រឹមត្រូវពីអ្នកឯកទេសគម្រោងអេមស៍ ដោយធានាថាគ្មានសារធាតុគីមីពុល។
បន្លែរបស់កសិករនាំយកមកលក់នៅផ្សារមាត់ស្ទឹងសែននេះមានច្រើនមុខដែលអាចផ្គត់ផ្គង់តាមតម្រូវការអ្នកទិញបាន។រូបភាព ពីប៉ាត ពណ្ណរាយ។
ទាក់ទងការបើកផ្សារលក់កសិផលសុវត្ថិភាពនេះលោក សាំង ចរិយា ទីប្រឹក្សាខ្សែច្រវាក់តម្លៃនិងវិនិយោគ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ហៅកាត់ថាគម្រោងអេមស៍ ប្រាប់ឱ្យដឹងថា ចំពោះផ្សារចុងសប្តាហ៍នេះ មានបើកលក់រយៈពេល ៣ ថ្ងៃជាប់គ្នាគឺថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។លោកបញ្ជាក់ថា ផ្សារចុងសប្តាហ៍នេះនឹងមានវត្តមានបន្តទៅមុខជានិច្ច ដ្បិតគម្រោងនេះមានការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានគោលបំណងជួយគាំទ្រផ្នែកទីផ្សារកសិករខ្នាតតូចឱ្យមាននិរន្តភាពនិងជីវភាពល្អប្រសើរ។
លោក សាំង ចរិយា ជាអ្នកគ្រប់គ្រងនិងមើលការខុសត្រូវនូវដំណើរការលក់របស់កសិករនៅផ្សារចុងសប្តាហ៍នេះ។រូបភាព ពីប៉ាត ពណ្ណរាយ។
ចំពោះកសិផលរបស់កសិករដែលបានតាំងលក់នៅផ្សារចុងសប្តាហ៍មានដូចជា មាន់ស្រែ បន្លែសុវត្ថិភាព អង្ករ ម្រេច ផ្លែឈើ និងសិប្បកម្មកែច្នៃក្នុងស្រុកផ្សេងទៀត។នេះជាការបញ្ជាក់បន្ថែមរបស់លោក សាំង ចរិយា។ ទីប្រឹក្សារបស់គម្រោងសម្រាប់កសិករខ្នាតតូចរូបនេះបន្ថែមទៀតថា ផ្សារចុងសប្តាហ៍មាត់ស្ទឹងសែន ក៏បាននាំយកគ្រាប់ស្វាយចន្ទី និងទឹកត្រី ដែលផលិតដោយសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តកំពង់ធំមកតាំងលក់ផងដែរ។
ភ្នាក់ងារធនាគារមកជួយទិញបន្លែ និងណែនាំដល់កសិករពីសេវាកម្មផ្ទេរប្រាក់តាមQR Code ដល់កសិករ។រូបភាព ពីប៉ាត ពណ្ណរាយ។
សម្រាប់គោលបំណងនៃការបង្កើតផ្សារចុងសប្តាហ៍នេះ លោក សាំង ចរិយា ប្រាប់ថាគឺដើម្បីជំរុញផលិតកម្មកសិកម្មក្នុងស្រុករួមមាន ការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងដំណាំផ្សេងៗ។ ជាងនេះផ្សារនេះ ក៏ជាផ្នែកមួយដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ព្រមទាំងបង្កើនឱកាសជូនប្រជាកសិករ ក្នុងក្រុមផលិត អាចធ្វើការផ្សារភ្ជាប់ជាមួយឈ្មួញអ្នកប្រមូលទិញធំៗ ទាំងក្នុងតំបន់ និងក្រៅតំបន់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំក៏ជួយសម្រួលឱ្យមានដំណើរការលក់នេះឡើង ឆ្លើយតបតម្រូវការទីផ្សារ និង លើកកម្ពស់កម្រិតជីវភាពប្រជាកសិករ អាជីវករ ឱ្យកាន់តែប្រសើរជាងមុន។
កសិករលក់នៅផ្សារចុងសប្តាហ៍ពុះឪឡឹកឱ្យអ្នកទិញភ្លក់សាករសជាតិឪឡឹកលឿងរបស់កសិករដាំក្នុងទឹកដីខេត្តកំពង់ធំ។រូបភាព ពីប៉ាត ពណ្ណរាយ។
ជុំវិញរឿងនេះលោក សៀ ឡុងធារត្ន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ និងជាមន្ត្រីបង្គោលគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)បញ្ជាក់ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា កន្លងមកមូលនិធិហិរញ្ញប្បទានឥតសំណងបានជួយជាថវិកា លើកញ្ចប់សង្វាក់ផលិតកម្មក្នុងនោះមាន ទ្រុងមាន់ ចំណី ថ្នាំ វ៉ាក់សាំង និងកូនមាន់ ព្រមទាំងផ្ទះសំណាញ់ដាំបន្លែជូនកសិករ។ បន្ថែមពីលើនេះផ្នែកនៃមូលនិធិអភិវឌ្ឍន៍តាមវិស័យ ក៏បានគាំទ្រប្រជាកសិករលើផ្នែក អគារប្រមូលផ្តុំកសិផល អណ្តូងទឹក សូឡាឬម៉ូទ័រ ទីសត្តឃាតមាន់និងកន្លែងលាងបន្លែស្តង់ដាផងដែរ។
សកម្មភាពលោក សៀ ឡុងធារត្ន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ(បុរសឈរ)ចុះផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មដល់កសិករក្នុងខេត្តកំពង់ធំកាលពីពេលកន្លងទៅ។រូបភាព ពីប៉ាត ពណ្ណរាយ។
បន្ថែមពីជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធកសិកម្ម មន្ទីរពាណិជ្ជកម្មក៏ជួយសម្រួលកសិករលើជំនាញបច្ចេកទេសផងដែរ តាមរយៈដៃគូគម្រោងនានាដោយបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ ស្រូវ ដំឡូងមី និងបង្រៀនចិញ្ចឹមមាន់។ អ្វីពិសេសជាងនេះ កសិករក៏ទទួលបានចំណេះដឹងផ្នែកទីផ្សារ ដោយចេះផ្សារភ្ជាប់ទីផ្សារ ចេះជួបពិភាក្សា ចរចា និងចុះកិច្ចសន្យាទិញលក់ជាមួយឈ្មួញប្រមូលទិញទាំងនៅក្នុងស្រុក ក្រៅស្រុក និងភ្នំពេញជាដើម៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។