ខេត្តកំពង់ធំ៖ ដោយមើលឃើញពីការឈូសឆាយដីទីទួលប្រាសាទបុរាណពីសំណាក់ប្រជាសហគមន៍កាន់ តែបំពានលើដីទីទួលប្រាសាទនោះ ថ្មីៗនេះមន្រ្តីនៃមន្ទីរវប្បធម៌ខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់ បានប្រជុំចុះបញ្ជីប្រាសាទបុរាណចំនួន ៧៧ និងទួលបុរាណ ៣៨៩ កន្លែងជាសម្បត្តិ សាធារណៈ។
សកម្មភាពក្រុមការងារពិនិត្យមើលផែនទីភូមិសាស្រ្តតំបន់ដែលឈានទៅកំណត់ការអភិរក្សប្រាសាទ។រូបភាព ប៉ាត ពណ្ណរាយ ។
ការធ្វើបែបនេះ ជាយន្តការមួយដើម្បីទប់ស្កាត់ចលនាពលរដ្ឋដែលចេះតែបង្ខិតចាប់យកដីទួលប្រាសាទធ្វើកសិកម្មដាំដុះ ដោយអាចប៉ះពាល់បុរាណដ្ឋាន ឬវត្ថុបុរាណដែលកប់ក្នុងដី។ នេះបើតាមការគូសបញ្ជាក់ពីលោក ម៉ង់ វ៉ាលី ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ធំ។
សកម្មភាពអាជ្ញាធរមានសមត្ថកិច្ចលើកយកសសរបូរាណមកថែរក្សាទុកជៀសវាងជនខិលខូចលួចយកទៅ។ រូបភាពពី ប៉ាត ពណ្ណរាយ។
លោក ចាប ហ៊ីន មេឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅថា ក្រុមការងារមន្រ្តីជំនាញបានចាប់ផ្តើមប្រជុំគ្នារៀបចំផែនការសកម្មភាពគ្រប់គ្រង អភិរក្ស ទីទួលប្រាសាទនិងទួលបុរាណកុំឲ្យមានការរំលោភបំពានតទៅទៀត។
សកម្មភាពការងារថែរក្សាវត្ថុបូរាណជៀសវាងជនខិលខូចលួចយកទៅ។ រូបភាពពី ប៉ាត ពណ្ណរាយ។
រីឯលោក ម៉ង់ វ៉ាលី ប្រធានការិយាល័យបេតិកភណ្ឌបន្ថែមថា ការរៀបចំចុះបញ្ជីសម្បត្តិវប្បធម៌នេះក្នុងគោលបំណងគ្រប់គ្រងថែរក្សាការពារ និងអភិរក្សទីទួលប្រាសាទ និងទួលបុរាណកុំឲ្យមានការរំលោភបំពានពីជនខិលខូច ជីកគាស់វត្ថុបុរាណជាយថាហេតុ។ លោកបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលអាស្រ័យផលដំាដំណាំនៅក្បែរទីទួលបុរាណដោយមិនប៉ះពាល់សម្បត្តិបេតិកភណ្ឌនោះ គឺអាជ្ញាធរអនុញ្ញាតឱ្យបន្តអាស្រ័យផលដដែរ។ ក៏ប៉ុន្តែ ពលរដ្ឋត្រូវហាមជាដាច់ខាតចំពោះការឈូលឆាយដីចូលទៅទីទួលប្រាសាទដែលប្រការនេះគឺជាការបំពានបម្រាម។
លោក ម៉ង់ វ៉ាលី ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ធំ។រូបភាពពី ប៉ាត ពណ្ណរាយ។
លោក ម៉ង់ វ៉ាលី សង្កត់ធ្ងន់ថា ករណីដែលប្រជាពលរដ្ឋល្មើសនឹងបម្រាម នោះក្រុមការងារការិយាល័យបេតិកភណ្ឌនឹងធ្វើការអប់រំ ដោយអាចឈានទៅចាត់ការតាមផ្លូវច្បាប់។តាមការបញ្ជាក់ពីប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្តកំពង់ធំ នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ មានករណីរុករកវត្ថុបុរាណតែពីរលើកតែប៉ុណ្ណោះ តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍តាមនីតិវិធីច្បាប់ទាន់ពេល។
សកម្មភាពក្រុមការងារបការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ខេត្តចុះពិនិត្យទីតាំងមានសំណង់បូរាណ។រូបភាពពី ប៉ាត ពណ្ណរាយ។
សម្រាប់កិច្ចការងារថែរក្សានិងអភិរក្សប្រាសាទនិងទីទួលប្រាសាទបុរាណខាងលើនេះ មន្រ្តីពាក់ព័ន្ធនឹងរៀបចំកំណត់ព្រំបោះបង្គោល ឈានទៅធ្វើប្លង់កម្មសិទ្ធិជាសម្បត្តិសាធារណៈ។ និងជំហានបន្ទាប់ គឺបើកយុទ្ធនាការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ពីតម្លៃនៃសម្បត្តិវប្បធម៌ ដើម្បីបញ្ជៀសការចូលទៅរំលោភយកវត្ថុបុរាណក្នុងទីទួលប្រាសាទបន្តទៀត។
សកម្មភាពមន្រ្តីជំនាញណែនាំដល់ប្រជាសហគមន៍ពីការជួយចូលរួមថែរក្សាវត្ថុបូរាណ។រូបភាពពី ប៉ាត ពណ្ណរាយ។
ចុងក្រោយលោក ម៉ង់ វ៉ាលី អំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ករណីភ្ជួររាស់ដីប្រទះឃើញវត្ថុបុរាណ ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ព្រោះមិនរាយការណ៍នោះទេ គឺស្មើនឹងល្មើសច្បាប់ដែលមានចែកដោយ ព្រះរាជក្រឹត្យ ព្រះរាជក្រមចេញកាលពីឆ្នាំ១៩៩៦៕
រូបភាពសំណង់បូរាណនៅទីទួលដែលប្រជាពលរដ្ឋអាស្រ័យផលដាំដុះ។រូបភាពពី ប៉ាត ពណ្ណរាយ។
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។