កំពង់ចាម៖ ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្តែងក្តីរីករាយខណៈបច្ចប្បន្ននេះ តាមបណ្តាភូមិនីមួយៗមានផ្លូវបេតុង និងប្រព័ន្ធលូខ្វាត់ខ្វែងស្ទើរតែពេញភូមិអស់ហើយ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាម ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកុកលើកឡើងប្រហាក់ប្រហែលគ្នាថា រយៈពេលប៉ុន្មានឆ្នាំនេះក្នុងឃុំ គឺមានការអភិវឌ្ឍន៍ជាហូហែរ ជាពិសេសនោះតម្រូវការផ្លូវធ្វើដំណើរត្រូវបានបំពេញជូនពលរដ្ឋ សម្រាប់បង្កភាពងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សកម្មភាពអាជ្ញាធរឃុំចុះពិនិត្យការសាងសង់ផ្លូវបេតុង។រូបភាពដោយ ឡេក ចាន់ពេជ្រ។
លោក យិន ណេត រស់នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានបង្ហាញក្តីសប្បាយរីករាយ ខណៈបច្ចុប្បន្នតាមបណ្តាភូមិមានផ្លូវបេតុងខ្វាត់ខ្វែង និងល្អស្អាត ដែលអាចជួយសម្រួលការធ្វើដំណើរបានយ៉ាងងាយស្រួល លឿនរហ័សទាន់ពេលវេលា។ លោកចង់ផ្តាំផ្ញើទៅកាន់ពលរដ្ឋទាំងអស់ដែលទទួលបានផលប្រយោជន៍ពីផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់នៅពេលនេះ ត្រូវចូលរួមថែរក្សា កុំបើកបរក្នុងល្បឿនលឿន ពេលបានផ្លូវល្អ ព្រោះដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងរួមគ្នាថែរក្សាសមិទ្ធផលមួយនេះឲ្យបានយូរអង្វែង។
សកម្មភាពសាងសង់ផ្លូវបេតុងក្នុងភូមិបឹងកុក។រូបភាពដោយ ឡេក ចាន់ពេជ្រ។
ទន្ទឹមនឹងនេះដែរ លោក ទួន យ៉ាត សមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក ក្រុងកំពង់ចាមបញ្ជាក់ប្រាប់ផងដែរថា ក្រុមការងារឃុំតែងតែចុះមកពិនិត្យការដ្ឋានរហូត នៅពេលមានការស្ថាបនាផ្លូវបេតុង។ លោកថា ការពិនិត្យទាំងបច្ចេកទេស បទដ្ឋានទំហំផ្លូវ និងសាច់ដែកបែបនេះ គឺសំដៅធ្វើយ៉ាងណាធានាគុណភាពផ្លូវឲ្យប្រើប្រាស់បានយូរអង្វែង។
សកម្មភាពអាជ្ញាធរឃុំចុះពិនិត្យការសាងសង់ផ្លូវបេតុង។រូបភាពដោយ ឡេក ចាន់ពេជ្រ។
គូសបញ្ជាក់ថា ផ្លូវបេតុងដែលកំពុងស្ថាបនានៅពេលនេះមាន ១៦ខ្សែ ស្មើប្រវែងសរុប ១៩៧៥ម៉ែត្រ និងមានទទឹង៤ម៉ែត្រ។ ដោយឡែកឆ្នាំនេះ មានការស្ថាបនាប្រព័ន្ធលូមានប្រវែងសរុប ១៦១ម៉ែត្រ ដែលជាគម្រោងថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៤នេះ ដោយបច្ចុប្បន្នផ្លូវបេតុងស្ថាបនាបានជាង ៩០%ហើយ រីឯប្រព័ន្ធលូវិញស្ថាបនាបាន៣០%ផងដែរ៕
អត្ថបទខ្លីសរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។