en     km
en     km

ជប៉ុនគាំទ្រថវិកា២,៧លាន$ពង្រឹងសមត្ថភាពដោះស្រាយ​សំណល់ប្លាស្ទិកនៅខេត្តក្រុងទាំង៧របស់កម្ពុជា

Share

ភ្នំពេញ៖ ក្រសួងបរិស្ថាន ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)បានដាក់ឱ្យដំណើរការគម្រោង “ពង្រឹងសមត្ថភាពគ្រប់គ្រងសំណល់ប្លាស្ទិក នៅទីប្រជុំជន”ក្នុងខេត្តក្រុងចំនួន ៧ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដោះស្រាយបញ្ហាសំរាមស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថានដែលប្រកាសថាមិនឱ្យមានសំរាមលើដងផ្លូវជាតិត្រឹមឆ្នាំ២០២៥នេះ។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងជំនួយដោះស្រាយបញ្ហាសំរាមប្លាស្ទិកនេះ មានទំហំទឹកប្រាក់ ៣៧៨លានយ៉េន ស្មើនឹងប្រមាណ ២,៧លានដុល្លារអាមេរិក ដែលពិធីនេះប្រព្រឹត្តិនៅក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសរួមដែលវិទ្យុស្រ្តីទទួលបានតាមអ៊ីម៉ែលពីក្រុមការងារស្ថានទូតជប៉ុនប្រចាំកម្ពុជា។

 

ផ្អែកតាមសេចក្តីប្រកាសរួមដដែល គម្រោងនេះនឹងដាក់ដំណើរការរយៈ ៣ ឆ្នាំ ហើយខេត្តក្រុងដែលត្រូវអនុវត្តនោះរួមមាន ខេត្តត្បូងឃ្មុំ សៀមរាប ព្រះសីហនុ ខេត្ត​កែប កំពត កោះកុង និងចុងក្រោយគឺភ្នំពេញ។

គម្រោងដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុននេះ មានគោលបំណងទប់ស្កាត់ និងកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកនៅលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញក្របខណ្ឌចំនួន ៤R រួមមាន«បដិសេធ, កាត់បន្ថយ,ប្រើប្រាស់ឡើងវិញ,និងកែច្នៃឡើងវិញ។ តាមរយៈគម្រោងនេះ ភាគីជប៉ុនសង្ឃឹមថា នឹងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមស្អាត និងភាពបៃតងនៅកម្ពុជា ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់កន្លងមក។

សុន្ទរកថាក្នុងសេចក្តីប្រកាសព័ត៌មានរួមខាងលើ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា បច្ចុប្បន្នបរិមាណសំណល់សំរាមប្លាស្ទិកបាន​កើនឡើងយ៉ាងគំហុក ហើយកំពុងតែដាក់​សម្ពាធយ៉ាងខ្លាំងទាំងលើប្រព័ន្ធគ្រប់គ្រងសំណល់ និងបរិស្ថាននៅកម្ពុជា។ លោករដ្ឋមន្រ្តីបន្ថែមទៀត​ថា បច្ចុប្ប​ន្ន សំរាម​ប្លាស្ទិកមានចំនួន ២០% នៃបរិមាណសំណល់សរុប​ក្នុង​ទីក្រុង។ សម្រាប់លោករដ្ឋមន្រ្តី អ្វីដែលជា​តម្រូវការអនុវត្តបន្ទាន់ចំពោះមុខនេះ គឺ​ការកាត់បន្ថយបរិមាណប្រើប្រាស់ប្លាស្ទិក បង្កើតការគ្រប់គ្រង​​​សំណល់ឱ្យបានត្រឹមត្រូវ ការប្រមូលសំរាមយកមកប្រើប្រាស់ឡើងវិញ ឬការកែច្នៃឡើងវិញជាដើម។

លោកបណ្ឌិត អ៊ាង សុផល្លែត ចាត់ទុកគម្រោងនេះជាការរួមចំណែកមួយដ៏សំខាន់ដល់យុទ្ធសាស្ត្រចក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ នឹងបំពេញបន្ថែមលើយុទ្ធនាការពាក់ព័ន្ធមួយចំនួន រួមមាន “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” “កម្ពុជាស្អាត ខ្មែរ​ធ្វើបាន” និង “ផ្លូវជាតិគ្មានប្លាស្ទិក”។

ជុំវិញគម្រោងនេះ ឯកអគ្គរាជទូតវិសាមញ្ញ  និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាលោក UENO Atsushi លើកឡើងថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់​រហ័ស មានភាពប្រសើរឡើងយ៉ាងខ្លាំងដល់​ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។ ទោះជាបីយ៉ាងណា​ កំណើនសេដ្ឋកិច្ចលឿន​រហ័សបែបនេះ ក៏នាំឱ្យមានការកើនឡើងបរិមាណ​សំណល់​រឹង​យ៉ាងឆាប់រហ័ស​ផងដែរ ​ជាពិសេសសំណល់ប្លាស្ទិក។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ រាជ​រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណង លើកកម្ពស់ប្រសិទ្ធភាពនៃការផលិត ការប្រើប្រាស់ និងការគ្រប់គ្រងសំណល់ប្លាស្ទិកនៅកម្ពុជា។ លោកឯកអគ្គរាជទូត បន្ថែមថា យូអិនឌីភី គឺ​ជា​ដៃគូ​ដែលបាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ច្រើនដល់​រដ្ឋាភិបាល​ប្រទេស​សាម៉ីក្នុងការសម្រេចបានចីរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅ​ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។

ដោយឡែកលោកស្រី  Alissar CHAKER  អ្នកតំណាង​យូអិនឌីភីប្រចាំកម្ពុជាមានប្រសាសន៍ដែលថា ជាច្រើន​ឆ្នាំ​កន្លងមកនេះ វិទ្យាសាស្ត្របានផ្តល់ភស្តុតាង​បញ្ជាក់យ៉ាងច្បាស់ថា ការបំពុលដោយ​ប្លាស្ទិកបាននឹងកំពុងធ្វើឱ្យអន្តរាយ​ដល់​បរិស្ថាន និងគំរាមកំហែងដល់សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ។ សម្រាប់លោកស្រី ផលប៉ះពាល់នៃប្លាស្ទិកក្នុងសមុទ្រជារឿងគួរឱ្យព្រួយបារម្ភ ដ្បិតមានការព្យាករណ៍បង្ហាញថា   នៅឆ្នាំ ២០៥០ទៅមុខទៀតនេះ ​ប្លាស្ទិកក្នុង​មហាសមុទ្រ​អាចមាន​ទម្ងន់​​ធ្ងន់ជាង​ត្រីក្នុងមហាសមុទ្រទៅទៀត​   ប្រសិនបើគ្មានការអនុវត្ត​ឱ្យសកម្មភាពរួមគ្នាណាមួយប្រកបដោយប្រសិទ្ធិភាពទេនោះ។

យូអិនឌីភី បានធ្វើជាដៃគូជាមួយក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនតាំងពីឆ្នាំ ២០២១ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កាត់បន្ថយការបំពុលដោយ​ប្លាស្ទិកនៅកម្ពុជា។ ផ្អែកលើសមិទ្ធផលកន្លងមក និងការប្រើប្រាស់ជំនាញនៅកម្រិត​តំបន់ និងកម្រិត​សកលរបស់យូអិនឌីភី អង្គការមួយនេះសង្ឃឹមថា គម្រោងនេះនឹងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងទ្រង់ទ្រាយធំ និងការចូលរួមជាមួយវិស័យឯកជន ដើម្បីជំរុញនវានុវត្តន៍។ លើសពីនេះទៀត គម្រោងនេះនឹងប្រើប្រាស់ហិរញ្ញប្បទានសម្រាប់ការ​ពង្រីកគំរូអាជីវកម្មសេដ្ឋកិច្ចចក្រា ក៏ដូចធ្វើការសម្របសម្រួលឱ្យមានការចែករំលែកបទពិសោធន៍ និងមេរៀនទៅវិញទៅមករវាងវិស័យឯកជន ដោយមានការចូលរួមរបស់ស្ត្រី និងយុវជនក្នុងកិច្ច​អន្តរាគមន៍ទាំងមូលផងដែរ។

សូមរំលឹកបន្តិចថា ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយមានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសជាង ៩,៧លានអង្គ/នាក់។ ចំណែកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន ៣,៦លាន អង្គនាក់។ នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិកបានចំនួនជាង ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ២០២៣៕

អត្ថបទឧបត្ថម្ភដោយ៖ ក្រុមហ៊ុនផលិតក្រដាសអនាម័យ ម៉ាក់ MG

Share

ព័ត៌មានទាក់ទង