en     km
en     km

អង្គការអន្តរជាតិ ស្នើជប៉ុនដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងពេលសម្តេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅជប៉ុន

Share

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវឱ្យនាយករដ្ឋមន្ត្រីជប៉ុន លើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្នុងពេលសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅចុងខែឧសភាខាងមុខ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ការអំពាវនាវនេះ មិនមានប្រសិទ្ធភាពប៉ះពាល់ដល់ការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយជប៉ុនឡើយ។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះ បង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រងការគាបសង្កត់កាន់តែខ្លាំងឡើង ក្នុងនោះមាន សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំ សេរីភាពសារព័ត៌មាន និងអ្នករិះគន់រដ្ឋាភិបាលកម្ពុជានៅប្រទេសជប៉ុន និងប្រទេសដទៃទៀត ត្រូវគំរាមកំហែង និងចាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ភ្ជាប់នឹងស្ថានភាពខាងលើ អង្គការអន្តរជាតិនោះ ស្នើនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) គួរតែលើកឡើងជាសាធារណៈអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក្នុងពេលដែលនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានដើរហួសព្រំដែនរបស់ខ្លួនម្តងហើយម្តងទៀត រួមទាំងឆ្លងដែនទៅកាន់ប្រទេសជប៉ុនផងដែរ ដើម្បីធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដល់អ្នករិះគន់ខ្លួ​ន និងសមាជិកគណបក្សប្រឆាំងដែលនិរទេសខ្លួនទៅក្រៅប្រទេស ដែលការអនុវត្តបែបនេះគេស្គាល់ថាជាការគាបសង្កត់ឆ្លងដែន។

រូបភាពពីអង្គការ HRW។

អង្គការខាងលើ លើកឡើងករណីសកម្មជនសង្គម និងសកម្មជននយោបាយមួយចំនួន បន្ទាប់ពីត្រឡប់មកប្រទេសជប៉ុនវិញ ពួកគេរងការចោទប្រកាន់ និងការចាប់ខ្លួន។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវតុលាការរាជធានីភ្នំពេញ កាត់ទោសពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងពិន័យជាប្រាក់ចំនួន១លាន ៥សែនដុល្លារ បន្ទាប់ពីលោកបានរិះគន់ សម្ដេច ហ៊ុន ម៉ាណែត និងសម្ដេច ហ៊ុន សែន ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងតូក្យូ។ នៅចុងខែធ្នូ លោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ត្រូវតុលាការ សម្រេចផ្តន្ទាទោសចំនួន ២ឆ្នាំ ពិន័យជាប្រាក់ចំនួន ១ពាន់ដុល្លារ និងដកសិទ្ធិទាំងស្រុងពីការបោះឆ្នោត នៅក្នុងបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសកម្មភាពអតីតមេបក្សរូបនេះ បានទៅប្រទេសជប៉ុន ដោយនិយាយផ្សព្វផ្សាយលើបណ្ដាញសង្គមពីការចែកប័ណ្ណក្រីក្រ និងនិយាយប្រៀបធៀបស្ពានអាកាសនៅប្រទេសជប៉ុន និងស្ពានអាកាសនៅកម្ពុជា។

ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវរបស់អង្គការអន្តរជាតិ ជាការនាំសារឱ្យអ្នកប្រឆាំង និងក្រុមជ្រុលនិយម ហើយសារទាំងនោះដដែលៗ មិនបង្កឱ្យប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនាពេលខាងមុខឡើយ។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល អ្នកនាំពាក្យរូបនេះ អះអាងថា មិនមានករណីរំលោភសិទ្ធិមនុស្សឡើយ ហើយក៏មិនមានអ្នកនយោបាយ សកម្មជនសង្គមរូបណា រងការគំរាមកំហែង និងធ្វើទុក្ខបុម្នេញនោះដែរ។

លោកបញ្ជាក់ថា អ្នកដែលត្រូវជាប់ឃុំទាំងនោះ ដោយសារពួកគេប្រព្រឹត្តខុសច្បាប់ ប្រសិនបើមិនធ្វើខុសច្បាប់ ក៏គ្មានការចាប់ខ្លួន ឃុំខ្លួនដែរ ដូច្នេះនេះជាការអនុវត្តសម្រាប់ប្រទេសដែលកាន់នីតិរដ្ឋ។

លោក ប៉ែន បូណា៖ «កម្ពុជាយើងជារដ្ឋអធិបតេយ្យមួយ ហើយដៃគូផ្សេងៗទាំងអស់ក៏ជារដ្ឋអធិបតេយ្យដូចគ្នាមិនថាប្រទេសជប៉ុន ឬក៏ប្រទេសណានោះទេដែលកម្ពុជាទៅដល់ គឺប្រមុខថ្នាក់ដឹកនាំប្រទេសនីមួយៗហ្នឹង គឺត្រូវពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរកការវិនិយោគ ដើម្បីរកផលចំណេញសេដ្ឋកិច្ចគ្នាទៅវិញទៅមក ហើយពិភាក្សាគ្នាអំពីរឿងតំបន់ រឿងអន្តរជាតិអ៊‌ីចឹងទៅថ្នាក់ដឹកនាំតែងតែពិភាក្សាអ៊‌ីចឹង អត់មានអ្នកណាទៅខ្វល់ខ្វាយពីរឿងអង្គការដែលជាអ្នកនាំពាក្យរបស់អ្នកប្រឆាំងហ្នឹងទេបាទ!»។

តាមសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ពួកគេសង្ឃឹមនាយករដ្ឋមន្ត្រីជប៉ុន នឹងលើកឡើងបញ្ហានេះទៅកាន់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងដល់អ្នករិះគន់ទាំងក្នុង និងក្រៅប្រទេស ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

អង្គការខាងលើបន្ថែមថា នាយករដ្ឋមន្ត្រីជប៉ុន គួរតែប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់ប្រជាជនកម្ពុជា ហើយប្រសិនជាជប៉ុន ស្ងៀមស្ងាត់លើបញ្ហាទាំងនេះ មានន័យថាជប៉ុនគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តសកម្មភាពគាបសង្កត់លើអ្នករិះគន់៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង