អ្នកធ្វើការលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំណូមពរឱ្យរដ្ឋាភិបាល គិតគូរ និងយកចិត្តទុកដាក់លើអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក្រោយថ្មីៗនេះ មានករណីបុរសស៊ីវិលម្នាក់ដែលជាសន្តិសុខសាលាខណ្ឌចំការមន ប្រើហិង្សាលើស្ដ្រីដែលលក់ដូរតាមចិញ្ចើមផ្លូវ ដោយសារប្រើចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ។ កញ្ញា យឿន ស្រីមុំ រាយការណ៍
នៅយប់ថ្ងៃទី៥ ខែឧសភា មានករណីបុរសស៊ីវិលដែលជាសន្តិសុខសាលាខណ្ឌចំការមន បានទាស់ពាក្យសម្ដីដោយសារស្ដ្រីលក់ដូរម្នាក់ ប្រើចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ។
ស្ដ្រីដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ រៀបរាប់ប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា ដើមហេតុបណ្ដាលឱ្យមានជម្លោះនេះកើតឡើង ដោយសារបុរសម្នាក់ដែលអះអាងថាខ្លួនជាកូនចៅសាលាខណ្ឌចំការមន បានមកសួរនាំរកអ្នកអនុញ្ញាតឱ្យអ្នកស្រីលក់ដូរនៅក្បែរស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្រោយពីសួរនាំ ក៏បង្កឱ្យមានជម្លោះពាក្យសម្ដី រហូតឈានដល់ការប្រើអំពើហិង្សា។
ស្ត្រីខាងលើអះអាងថា ខ្លួនទើបតែមកលក់ដូរនៅទីតាំងនេះបាន ៣ថ្ងៃទេ ដោយដាក់លក់បាយម្ហូប ពងទា ដើម្បីចិញ្ចឹមក្រពះ។ ចំណែកអ្នកផ្សេងទៀត ដែលដាក់លក់ដូរដូចគ្នា និងលក់ច្រើនជាងអ្នកស្រី ហេតុអ្វីបានជាកម្លាំងសាលាខណ្ឌបែរជាមិនទៅរករឿង? ហេតុអ្វីបានជារករឿងតែកន្លែងអ្នកស្រី? ឬដោយសារតែអ្នកស្រីមិនបានបង់លុយ ទើបរករឿងបែបនេះ។ ដោយសារតែការនិយាយបែបនេះហើយ ស្ដ្រីអ្នកលក់ដូររូបនោះ ត្រូវបុរសដែលជាសន្តិសុខសាលាខណ្ឌ ប្រើហិង្សា ដោយទះកំផ្លៀងអ្នកស្រី ទើបធ្វើឱ្យអ្នកស្រីយកកាំបិតមកការពារខ្លួន។
«បុរសដែលទះកំផ្លៀងខ្ញុំហ្នឹងគាត់ជាប៉ូលីសដែរមែន ដើរមកសួរខ្ញុំថាលក់ហ្នឹងមានការសុំអនុញ្ញាតពីនរណាដែរអត់ ហើយមកទះកំផ្លៀងខ្ញុំ ហើយខ្ញុំម្នាក់ឯងស្រីទៀត ខ្ញុំថាអត់ចង់កាន់កាំបិតហ្នឹងទេតែគាត់មកទះកំផ្លៀងខ្ញុំ ខ្ញុំចង់សួរថាតើខ្ញុំចង់ធ្វើអ្វីខុស? ប៉ូលីលធ្វើបានតែប៉ុណ្ណឹងទេមែនទេ ធ្វើបាបប្រជាពលរដ្ឋ ហើយខ្ញុំស្រីទៀត»។
ចំណែកបុរសស៊ីវិលដែលជាសន្តិសុខសាលាខណ្ឌចំការមនវិញ បានឱ្យអ្នកសារព័ត៌មានដឹងដែរថា មុនពេលកើតហេតុលោកបានសួរនាំស្ត្រីខាងលើថានរណាអនុញ្ញាតឱ្យស្ដ្រីរូបនេះមកលក់នៅទីតាំងនេះ ហើយលោកបានណែនាំស្ដ្រីដែលលក់ដូរនោះ ឱ្យរៀបរបស់របរដាក់លក់ឡើងផុតពីចិញ្ចើមផ្លូវប៉ុណ្ណោះ។
ក្រោយពេលកើតហេតុហើយ សមត្ថកិច្ច បានចុះមកអន្តរាគមន៍ និងនាំស្ដ្រីដែលលក់ដូរ និងបុរសជាសន្តិសុខ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនាំ និងដោះស្រាយតាមនីតិវិធី។
ពាក់ព័ន្ធនឹងករណីនេះលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រាប់វិទ្យុស្ដ្រីថា តាមសាចររបស់រដ្ឋាភិបាល និងការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអាណត្តិទី៧នេះ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលទៅដល់អាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងអ្នកប្រកបរបរតាមរទេះរុញចល័តថែមទៀតផង។ ភ្ជាប់នឹងករណីខាងលើនេះ លោកថា ប្រសិនជាមានការយកលុយពីអ្នកលក់ដូរតាមដងផ្លូវ ជាអំពើខុសច្បាប់ និងជាការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ ដែលខុសនឹងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
ចំពោះការប្រើប្រាស់អំពើហិង្សាវិញ លោកថា រឹតតែប្រព្រឹត្តខុសមួយជាន់ទៀត ដែលជាទោសមួយគួរតែត្រូវបានដាក់ទោសទណ្ឌឱ្យកាន់ធ្ងន់ធ្ងរចំពោះសមត្ថកិច្ច អាជ្ញាធរសណ្ដាប់ធ្នាប់ដែលបានប្រើអំពើហិង្សាបែបនេះទៅលើស្ដ្រីដែលជាអ្នកលក់ដូរកាលពីយប់មិញនេះ។
លោក វន់ ពៅ៖ «ខ្ញុំគិតថាអាជ្ញាធរគួរតែមានដំណោះស្រាយរៀបចំកន្លែងលក់ដូរឱ្យគាត់បានសមរម្យទៅ ដើម្បីឱ្យគាត់ទទួលប្រាក់ចំណូលចឹញ្ចឹមជីវភាពប្រចាំថ្ងៃថែមទៀតផង យើងមើលផ្លូវមាត់ទន្លេ គឺផ្លូវ Walk-street ហ្នឹងគេបិទថ្ងៃសៅរិ៍អាទិត្យឱ្យយើងថ្មើរជើង ហើយជាចំណុចល្អដែលឱ្យអាជីវករអាចរកចំណូលបានទៀត ខ្ញុំគិតថាធ្វើបែបនេះវាជារឿងល្អវាជាដំណោះស្រាយសម្រាប់អ្នកលក់ដូរតាមដងផ្លូវ វាជាគំរូកន្លែងផ្សេងៗទៀតដែលអាចធ្វើបែបនេះបានក្នុងការបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងប្រទេសដែលរដ្ឋជាអ្នកទទួលខុសត្រូវ»។
បើតាមលោក វន់ ពៅ ស្ថានភាពបច្ចុប្បន្ននេះអ្នកលក់ដូរតាមដងផ្លូវជួបបញ្ហាប្រឈមដែលសំខាន់នោះគឺការបណ្ដេញចេញពីកន្លែងមួយទៅកន្លែងមួយ និងការជំរិតទារប្រាក់ដោយអាជ្ញាធរសណ្ដាប់ធ្នាប់មួយចំនួន។ ជាពិសេសអ្នកលក់ដូរនៅតាមដងផ្លូវស្ថិតនៅមន្ទីរពេទ្យកុមារជាតិ ត្រូវបណ្ដេញចេញ ដែលបណ្ដាលឱ្យពួកគេបាត់បង់មុខរបរ និងប្រាក់ចំណូល។
លោក វន់ ពៅ៖ «យើងសំណូមពររដ្ឋត្រូវគិតគូរអ្នកលក់ដូរឱ្យមានកន្លែងលក់ដូរឱ្យបានសមរម្យ បង្កើតជំនាញគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់ ហើយសម្រួលទៅដល់កន្លែងលក់ សម្រួលទៅដល់សមត្ថកិច្ចមួយចំនួនតូចដែលយកលុយពីអាជីវករទាំងអស់នោះទៅ បំបាត់អំពើពុករលួយ និងការយកលុយពីសំណាក់អាជីវករ ហើយរៀបចំការឧបត្ថម្ភដល់អ្នកលក់ដូរតាមដងផ្លូវ ហើយអាចគិតគូរអំពីប្រាក់កម្ចៃដែលមានការប្រាក់ទាបសម្រាប់គាត់ប្រកបមុខរបរអាជីវកម្មពង្រីក អានេះជាចំណុចដែលរដ្ឋត្រូវគិតគូរ»។
កាលពីចុងឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្ដអនុវត្តការមិនយកលុយថ្លៃភាស៊ី និងសេវាផ្សេងៗ ពីប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស។
កន្លងមករាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន បានចេញសារាចរលេខ១១ សរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។
ក្នុងសារាចរនេះក្រៅពីលុបចោលការបង់សេវាផ្សេងៗហើយ អាជីវករ និងអ្នកលក់ដូរទាំងនោះ ក៏ទទួលបានសេវាអនាម័យ សន្តិសុខ និងសណ្ដាប់ធ្នាប់ ហើយក៏ទទួលបានកន្លែងលក់ដូរត្រឹមត្រូវ ពីសំណាក់អាជ្ញាធរមូលដ្ឋាន៕
អត្ថបទដោយ កញ្ញា ជា សុខនី