en     km
en     km

ឥណ្ឌូណេស៊ីធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគី ខណៈមានភាពតានតឹងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

Share

ហ្សាការតា៖ យោងតាម C N A ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទ ទី៥ ខែមិថុនា បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួនជាមួយកងទ័ពជើងទឹកមកពីប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូង ខណៈដែលកំពុងមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធប្រចាំឆ្នាំមានឈ្មោះថា​Komodo គឺជាសមយុទ្ធ “មិនមែនសង្គ្រាម” ដែលមានគោលបំណង “ពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹក” នៃប្រទេសចំនួន៣៦។

សមយុទ្ធនេះធ្វើឡើងនៅពេលដែលចិន និងសហរដ្ឋអាមេរិកបង្កើននយោបាយការទូតផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំសមយុទ្ធញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅជុំវិញកោះតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច។

សមយុទ្ធដែលរៀបចំដោយឥណ្ឌូនេស៊ីនេះបានធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុកាលពីចុងសប្តាហ៍កន្លងទៅនៅច្រកសមុទ្រតៃវ៉ាន់ ដែលកងនាវាអាមេរិកបាននិយាយថា នាវាចម្បាំងចិនបានបើកកាត់ពីមុខនាវាពិឃាតអាមេរិកក្នុង “រយៈចម្ងាយមិនមានសុវត្ថិភាព” ។

កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា មាននាវាចំនួន ១៥ គ្រឿង ក្នុងនោះមាននាវាមកពីប្រទេសចិន និងរុស្ស៊ីផងដែរ បានចតនៅក្បែរកោះ Sulawesi កាលពីថ្ងៃចន្ទទី៥ មិថុនា ខណៈដែលសមយុទ្ធ Komodo បានចាប់ផ្តើម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃចន្ទទី៥ មិថុនាថា កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាត Zhanjiang និងនាវាចម្បាំង Xuchang ដែលមានបំពាក់ទៅដោយកាំជ្រួចផ្លោង ទៅកាន់កន្លែងធ្វើសមយុទ្ធផងដែរ។

សូមរំឭកផងដែរថាសមយុទ្ធ Komodo ឆ្នាំនេះគឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីសមយុទ្ធជាលើកដំបូងនៅឆ្នាំ២០១៤៕

Share

ព័ត៌មានទាក់ទង