en     km
en     km

ជនជាតិដើមភាគតិចគ្រឹងរក្សាប្រពៃណីរៀបការវ័យក្មេងនិងចាត់ទុកមេអណ្តើក ជាអ្នកជួយអន្តរាគមន៍លើបណ្តឹងហិង្សាក្នុងគ្រួសារ

Share

អ្នកស្រី ផ្លាញ ប្រលៀវ ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងសហគមន៍ភូមិក្រេះ ខេត្តរតនគិរី

ការរៀបការវ័យក្មេង នៅក្រោមអាយុកំណត់ដោយច្បាប់របស់កម្ពុជា នៅតែកើតមានសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ ជាគោលការណ៍ចម្បង ពួកគេនៅតែអាចថែរក្សាបានប្រពៃណីយកមេអណ្តើក មេកន្ទ្រាញនិងចាស់ទុំនៅក្នុងភូមិធ្វើជាធំ​ បន្ទាប់មកមេភូមិគឺជាអ្នកសម្របសម្រួលចុងក្រោយ ក្នុងករណីដែលគូស្វាមីភរិយា មិនចុះសម្រុងគ្នា ឬកើតមានក្ដីក្ដាំនឹងគ្នា។ លោក គីម ចាន់ចាវ រាយការណ៍

 

« បើចង់យកប្តីកុំទាន់យកអាយុដែលនៅក្មេងដូចខ្ញុំអាយុ១៣​​ឆ្នាំ កុំទាន់យកប្រយ័ត្នដូចខ្ញុំ រាល់ថ្ងៃនេះគេមើលងាយខ្ញុំថាមេម៉ាយទាំងវ័យក្មេង។ គឺស្តាយក្រោយ ព្រោះដំបូងខំធ្វើបាបម៉ាក់ប៉ា ដល់បានរៀបការចុងក្រោយខ្ញុំរើសមនុស្សខុស»។ នេះគឺជាការលើកឡើងរបស់យុវតី ក្រើន កញ្ញា អាយុ១៥ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងសហគមន៍ភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

ស្ថិតក្នុងវ័យ១៥ឆ្នាំ យុវតី ក្រើន កញ្ញា បានរៀបរាប់អំពីខ្សែជីវិត ខំប្រឹងតស៊ូជំនះជាមួយនឹងឪពុកម្តាយ ដើម្បីបានរៀបការជាមួយនឹងយុវជនម្នាក់ ដែលបច្ចុប្បន្នមានអាយុ១៨ឆ្នាំ រស់នៅក្នុងស្រុកភូមិជាមួយគ្នា។

បើតាមយុវតីបានឱ្យដឹងថា កាលពីឆ្នាំ២០២៣ យុវតីបានរៀបការនៅអាយុ១៣ឆ្នាំ រីឯប្តីរបស់គាត់ឈ្មោះ លី តាមោង មានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ។ តាមរយៈចំណងស្នេហ៍អាពាហ៍ពិពាហ៍មួយនេះ កញ្ញា​ទទួលស្គាល់ថា ខ្លួនពិតជាបានរៀបការទាំងនៅវ័យក្មេងមែន ហើយអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺមនុស្សប្រុសដែលខ្លួនបានរៀបការជាមួយ ក៏នៅវ័យក្មេងដូចគ្នា។

«ដោយសារយើងនៅក្មេង(អ៊ី)ចឹងហើយ ឃើញគេរៀបការខ្ញុំចង់រៀបការតាមគេ។ ជាដំបូងខ្ញុំឃើញគេរៀបការ(អ៊ី)ចឹងទៅ ហើយខ្ញុំចង់រៀបការតាមគេនៅពេលនុងខ្ញុំអត់ដឹងអីទាំងអស់ ចេះតែយកៗដែរ អំឡុងអាយុ១៣ឆ្នាំហ្នឹងខ្ញុំរៀនថ្នាក់ទី៦។ ពេលនុងខ្ញុំឈប់រៀនហើយឈប់ខ្ទង់១ខែជាង ដោយសារខ្ញុំឈប់រៀនគឺត្រូវរៀបការ»។

យុវតីអះអាងថា មុនពេលរៀបការគាត់មិនបានដឹងអំពីផែនការរៀបចំបង្កើតគ្រួសារនោះទេ រីឯការយល់ដឹងពាក់ព័ន្ធទៅនឹងការកំណត់អាយុរៀបការ ក៏គាត់មិនបានដឹងដែរ មិនត្រឹមតែប៉ុណ្ណោះក្រោយពេលរៀបការរួច យុវតីនិងប្តីក៏មិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ដែរ ព្រោះពួកគាត់មិនយល់ថា តើសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលនោះជាអ្វី? ហើយមានប្រយោជន៍អ្វីខ្លះសម្រាប់ពួកគាត់?

ត្បិតចំណងអាពាហ៍ពិពាហ៍មួយនេះ មានរយៈពេលត្រឹមតែ១ឆ្នាំកន្លះក៏ដោយ ប៉ុន្តែ១ឆ្នាំដំបូងនៃការរស់នៅជា​ប្តីប្រពន្ធ គឺពួកគេពុំមានក្តីសុខនិងគ្មានសុភមង្គលឡើយ។ ទោះជាយ៉ាងនេះក្តី ពួកគេនៅតែបន្តទ្រាំរស់នៅជាមួយគ្នាទៀត​ រហូតបានកន្លះឆ្នាំ ទើបអ្នកទាំងពីរសម្រេចចិត្តចែកផ្លូវគ្នា។ កញ្ញាបន្ថែមថា ជីវិតគ្រួសារចាប់ផ្តើមមានភាពរកាំរកូស និងឈ្លោះទាស់ទែងគ្នា រហូតឈានដល់ការប្រើហិង្សាផងដែរ។

« នៅអត់ចុះសម្រុងគ្នាឈ្លោះគ្នា។ និយាយទៅគាត់វៃគ្រប់កន្លែងមានស្នាមដែរតើ។ [ប្តី] និយាយស្រែកប្រមាថដល់ខ្ញុំ គ្រួសារខ្ញុំថាក្រ(អ៊ី)ចឹង គឺពាក្យទាំងអស់នេះ។ មូលហេតុរស់នៅជាមួយគ្នាអត់ចុះសម្រុង [ប្តី] អត់ដើរលេងផឹកស៊ីមានស្រីអីទេ តែរស់នៅអត់ចុះសម្រុងជាមួយគ្នាតែម្តង»។

យ៉ាងនេះក្តី ក្រោយទទួលរងនូវអំពើហិង្សាជាញឹកញាប់ពីប្តី និងការឈ្លោះទាស់ទែងគ្នាមិនលោះថ្ងៃផងនោះ កញ្ញា បានសម្រេចចិត្តលាក់រឿងនេះទុកតែម្នាក់ឯង ដោយមិនទាមទាររកយុវត្តិធម៌ឬដំណោះស្រាយពីនរណាម្នាក់ឡើយ សូម្បីតែឪពុកម្តាយក៏នាងមិនឱ្យដឹងដែរ។ លុះដល់យប់ថ្ងៃចុងក្រោយឪពុកបានលឺសំឡេងកូនឈ្លោះគ្នា និងមានការវាយតប់គ្នាខ្លាំងនោះ ឪពុកក៏សម្រចចិត្តនាំប្រពន្ធទៅរកមេអណ្តើកនៅព្រឹកថ្ងៃបន្ទាប់ ដើម្បីស្នើឱ្យមេអណ្តើកជួយអន្តរាគមន៍លើបណ្តឹងហិង្សានិងការលែងលះ។ នេះបើតាមការរៀបរាប់របស់យុវតីកញ្ញា។

«បន្ទាប់មកយប់នោះឈ្លោះគ្នាចុងក្រោយ ហើយស្អែកប្រជុំលែងលះគ្នា។ នៅយប់ដែលខ្ញុំទ្រាំលែងបាន ខ្ញុំទៅរកប៉ាម៉ាក់ខ្ញុំឱ្យទៅប្រាប់មេអណ្តើក ព្រោះអីខ្ញុំអត់ហ៊ានទៅប្រាប់ទេ បន្ទាប់មកមេអណ្តើកគាត់ទៅសួរខាងប្រុសឱ្យដឹងរឿងហើយ បន្ទាប់មកគាត់សួរខាងស្រីទៀត គេឱ្យត្រូវគ្នាវិញ ប៉ុន្តែពីរនាក់ខ្ញុំសុំលែងលះ»។

យុវតី កញ្ញា អះអាងថា ក្រោយពេលដែលមេអណ្តើកមិនអាចសម្របសម្រួល ឱ្យភាគីទាំងសងខាង ត្រូវគ្នាវិញ មេអណ្តើកបានកោះហៅមេកន្ទ្រាញ មេភូមិ និងចាស់ទុំនៅក្នុងភូមិ ដើម្បីចូលរួមស្តាប់រឿងនេះទាំងអស់គ្នា បន្ទាប់មកមេភូមិបានធ្វើលិខិតផ្លូវការមួយច្បាប់នៅចំពោះមុខសមត្ថកិច្ច រួចបង្គាប់ឱ្យភាគីទាំងសងខាងផ្តិតមេដៃលែងលះគ្នា ក្រោយមកមេភូមិប្រកាសផ្តាច់ចំណងអាពាហ៍​ពិពាហ៍ចប់ជាស្ថាពរ។

ករណីហិង្សារហូតឈានដល់ការលែងលះនេះ មិនមែនកើតមានតែក្រុមគ្រួសារយុវតីកញ្ញានោះទេ ប៉ុន្តែគ្រួសាររបស់អ្នកស្រី ផ្លាញ ប្រលៀវ ក៏ជួបហេតុការណ៍បែបនេះដូចគ្នាដែរ។

បើយោងតាមអ្នកស្រី ផ្លាញ ប្រលៀវ ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងសហគមន៍ភូមិក្រេះ ខេត្តរតនគិរីបានឱ្យដឹងថា កូនគាត់រៀបការនៅអាយុ១៤ឆ្នាំ ហើយក៏មានការលែងលះគ្នាដែរ។ មូលហេតុនៃការលែងលះនោះ គឺដោយសារប្តីប្រចណ្ឌច្រើន ប្រើអំពើហិង្សាក្នុងគ្រួសារ អត់ជួយធ្វើការ​ងារផ្ទះ រវល់លេងហ្គេម និងអត់ជួយធ្វើការ​ងាររកស៊ីជាដើម។

«កូនហ្នឹងយកប្តីហើយ ស្រឡាញ់គ្នាហើយស្រាប់តែឈ្លោះគ្នា ខាងប្រុសហ្នឹងប្រចណ្ឌប្រពន្ធ អត់ឃើញពិតប្រាកដថាកូនខ្ញុំមានប្រុសមានអី ថាអត់ពិតប្រាកដទេ ប៉ុន្តែចាប់យកៗ ប្រចណ្ឌហើយឈ្លោះគ្នា ទី១ ឈ្លោះគ្នា ទី២ ធ្វើការងារអត់ចុះសម្រុងនិងគ្នាទេ អត់ត្រូវគ្នា កូនខ្ញុំថារកផ្លូវចែកគ្នារៀងៗខ្លួនទៅ លែងគ្នាទៅ សព្វថ្ងៃនេះលែងគ្នាហើយ»។

បើតាមអ្នកស្រី ផ្លាញ ប្រលៀវ បានឱ្យដឹងថា កូនស្រីពិតជាមានភាពវ័យក្មេងមិនទាន់គ្រប់អាយុរៀបការមែន ប៉ុន្តែគាត់សម្រេចចិត្តឱ្យកូនរៀបការដោយឈរលើហេតុផលមួយចំនួនដូចជា៖ កូនស្រីបានតាំងចិត្តឈប់រៀន និងមិនចង់ចំណាយលុយរៀនបន្តទៀត កូនស្រីចង់ជួយសម្រាលបន្ទុកការងាររបស់ម្តាយផង ដូច្នេះទើបអ្នកស្រីមិនអាចជំនះនិងកូនបាន។

អ្នកស្រីបានអំពាវនាវថា ៖«ខ្ញុំចង់ផ្សព្វផ្សាយឱ្យអ្នកជិតខាងក៏ដោយបងប្អូនក៏ដោយ បងស្រីលោកពូអ្នកមីងក៏ដោយកុំឱ្យកូនយកប្តីវ័យក្មេង ព្រោះវាលំបាកវេទនាដូចខ្ញុំនេះ ព្រោះខ្ញុំចង់ឱ្យកូនទៅរៀនហើយ ប៉ុន្តែកូនឈប់រៀនរៀបការវ័យក្មេង អត់ស្រឡាញ់គ្នា យកចិត្តទុកដាក់ អត់ធ្វើការងារជាមួយគ្នា អត់ចុះសម្រុងជាមួយគ្នាលែងគ្នា អត់យោគយល់ជាមួយគ្នា អ៊ី(ចឹង)! ហើយខ្ញុំអត់ឱ្យបងប្អូនកុំឱ្យកូនរៀបការវ័យក្មេងដូចខ្ញុំនេះ»។   

ជាគោលការណ៍ចម្បងរបស់ជនជាតិដើមភាគតិចគ្រឹង ពួកគេនៅតែអាចថែរក្សាបានប្រពៃណីយកមេអណ្តើក មេកន្ទ្រាញនិងចាស់ទុំនៅក្នុងភូមិធ្វើជាធំ​ បន្ទាប់មកមេភូមិគឺជាអ្នកសម្របសម្រួលចុងក្រោយ និងអនុញ្ញាតឱ្យមានការលែងលះគ្នា បើក្នុងករណីភាគីសងខាងមិនអាចស្រុះស្រួលគ្នាបាន។ នេះបើយោងតាមលោក សាប៉ាស់ តាល់ មេភូមិក្រេះ ស្ថិតនៅឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

លោក សាប៉ាស់ តាល់ បានឱ្យដឹងថា មេអណ្តើកគឺជាបុគ្គលម្នាក់ដែលមានចិត្តល្អ ស្មោះត្រង់ និងមានឥរិយាបទគួរជាទីគោរពស្រឡាញ់រាប់អានពីអ្នកភូមិ ព្រមទាំងជាមនុស្សពូកែនិយាយផងដែរ។ មេអណ្តើកត្រូវបានជ្រើសរើសដោយគ្រួសារខាងប្រុសនិងខាងស្រី ហើយមេអណ្តើកក៏មានតួនាទីធ្វើការផ្សំផ្គុំកូនប្រុសកូនស្រីឱ្យបានរៀបការជាមួយគ្នាផងដែរ។

« [ការដោះស្រាយអំពើហិង្សាក្នុងគ្រួសារ] យើងអត់រកឃុំរហូតទេ ប៉ុន្តែដោះស្រាយតាមភូមិ ភាគច្រើនដោះស្រាយនៅក្នុងភូមិ ភាគតិចពីរបីឆ្នាំ១បានទៅដល់ឃុំ ដោយសារពួកគេអត់យកអ្នកភូមិ មេកន្ទ្រាញ ចាស់ទុំ មេភូមិ ព្រោះតែគេល្មើសហ្នឹងហើយទើបទៅដល់ឃុំ»។

លោកមេភូមិបានបន្ថែមថា ការជ្រើសរើសដៃគូរៀបការទាំងនៅវ័យក្មេងអាយុ១២ឬ១៣ឆ្នាំឡើងទៅ គឺ​ជាវ័យដែលគេគិតថា កំពុងពេញល្អ នៅក្មេង និងស្រស់ស្អាតថែមទៀតផង។

«ពីមុនគេយកអាយុ១៨ស្រីៗអាប្រុសហ្នឹងអាយុ២០ ឥឡូវលែងហើយ ប៉ុន្តែយក១៣វិញគេថា១៣ហ្នឹងគេហៅថាឈាម។ អត់ពេញការទេ អាយុ១៣ហ្នឹងគេថាវានៅល្អក្មេង​។ មិនមែនគេកំណត់ទេ គេយកឆាប់ៗស្រឡាញ់គ្នាពេកបានអាយុ១៣ហ្នឹងណា ប៉ុន្តែគេអត់ត្រូវការ(អ៊ី)ចឹងទេ។ សម័យឥឡូវគេមើលទូរសព្ទទៅ គេឆាប់យក១២ក៏យក១៣ក៏យក(អ៊ី)ចឹងទៅ»។

គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ដើមឆ្នាំ២០២៥នេះ​ ករណីប្រើអំពើហិង្សាក្នុងគ្រួសារនៅសហគមន៍ភូមិក្រេះ នៅមិនទាន់កើតមាន១ករណីទេ។ លោកមេភូមិ សាប៉ាស់ តាល់ ​បានអះអាងថា កន្លងមកនេះលោកតែងតែចុះផ្សព្វផ្សាយពីផលលំបាក នៃការរៀបការវ័យក្មេង ព្រោះអាចឈានទៅដល់ការឈ្លោះគ្នា​ ការប្រើអំពើហិង្សាក្នុងគ្រួសារ និងការលែងលះគ្នាជាដើម។

«កំណត់តើ [អាយុរៀបការ] មិនអត់កំណត់មិច ខ្ញុំហ្នឹងហើយអ្នកប្រាប់ យើង១៣ឆ្នាំអត់យកទេ សូម្បី​តែប្រុសស្រីអត់គ្រប់ឆ្នាំ អត់ដល់១៦ឬ១៧អត់ឱ្យយកទេ បើគេបង្ខំយកហ្នឹងអំពើហិង្សាថ្ងៃក្រោយវៃគ្នាដុំគ្នា លែងលះគ្នាខ្ញុំអត់ទទួលទេ ខ្ញុំនិយាយដែរហ្នឹង»។ ​

ជាដំណោះស្រាយក្នុងរឿងនេះ អ្នកជំនាញផ្នែកច្បាប់បានស្នើដល់រដ្ឋាភិបាល គួរធ្វើការលើកកម្ពស់ការយល់ដឹងឬបង្កើនការអប់រំជាចាំបាច់ ទៅដល់សហគមន៍ជនជាតិដើមភាគតិច ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ដើម្បីឆ្លើយតបបញ្ហាពួកគេដែលកំពុងជួបប្រទះនាពេលនេះ។ នេះបើយោងតាមលោក សុខ សំអឿន មេធាវីក្រុមហ៊ុន​ច្បាប់អមរិន្ទ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌​មាន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

បើតាមលោកមេធាវីបានសង្កត់ធ្ងន់ថា មិនមែនតែជនជា​តិជាតិដើម​ភាគតិចទេ ដែលជួបរឿងនេះសូម្បីតែជនជាតិខ្មែរ ក៏មានការប្រព្រឹត្តបែបនេះដែរ។

«ដូច្នេះមិនមែនតែជនជាតិដើមភាគតិចទេ សូម្បីតែខ្មែរយើងកាលណាពេញក្រមុំហើយ គឺស្រ្តីដែលចាប់ផ្តើមមករដូវ ហើយគេហៅថាពេញក្រមុំហើយ ដូច្នេះក្រោយពេលពេញក្រមុំគឺឪពុកម្តាយអាចរៀបការកូនបានហើយ។ ហេតុដូច្នេះនៅពេលដែលគេធ្វើច្បាប់ កាលនោះខ្ញុំបានចូលរួមជជែកដែរ ខ្ញុំក៏បានលើកឡើងពីរឿងហ្នឹងដែរ រឿងថាប្រសិនបើជាយើងធ្វើច្បាប់អ៊ី(ចឹង) លុះត្រាតែមានការផ្សព្វផ្សាយឱ្យយល់ដឹងឱ្យបានទូលំទូលាយ ព្រោះប្រសិនជាផ្សព្វផ្សាយមិនបានទូលំទូលាយទេ វាអាចធ្វើឱ្យទៅជាមានទោសអ្នករៀបការវិញ»។

លោកមេធាវីបានពន្យល់ថា ប្រសិនបើរៀបការក្មេងក្រោមអាយុកំណត់ដោយច្បាប់ គឺច្បាស់ណាស់ពិតជាខុស ហើយការខុសនេះគឺខុសជាលក្ខណៈប្រព័ន្ធទៀត ដែលមានន័យថា ខុសទាំងឪពុកម្តាយ ខុសទាំងកូនកំលោះនិងកូនក្រមុំដែរ។ ហើយក្នុងករណីកូនកំលោះមានអាយុក្រោម១៥ឆ្នាំ គឺអាចមានទោសជាប់ឃុំទៀត ម្ល៉ោះហើយត្រង់ចំណុចនេះ គឺមិនត្រូវបានលើកឡើងនៅពេលរៀបចំធ្វើច្បាប់នោះឡើយ។

«ក៏ប៉ុន្តែនៅក្នុងច្បាប់ [ច្បាប់ជួញដូរផ្លូវភេទ] គេនិយាយថា មនុស្សដែលមានសិទ្ធរួមបានគឺចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដូច្នេះប្រសិនបើយើងរួមរក្សជាមួយក្មេងអាយុក្រោម១៥ឆ្នាំ គឺយើងមានទោសហើយ ដូច្នេះប្រសិនបើរៀបការកូនក្រោមអាយុ១៥ឆ្នាំហ្នឹង ប្រសិនបើកូនកំលោះហ្នឹងអាយុលើស១៥ឆ្នាំ គឺមានទោសហើយ គឺត្រូវមានទោសរួមរក្សអនិតិជន ហើយឪពុកម្តាយដែលរៀបការហ្នឹងវាទៅជាផ្សំគំនិត ត្រូវជាប់គុកដែរ ទាំងកូនកំលោះទាំងឪម៉ែសងខាង»។

ស្របពេលជាមួយគ្នានេះ លោកសុខ សំអឿន បានមានប្រសាសន៍ពាក់ព័ន្ធនឹងប្រពៃណីរបស់ជនជាតិដើមភាគតិច ក្នុងការពឹងពាក់មេអណ្តើកឱ្យជួយអន្តរាគមន៍ លើបណ្តឹងហិង្សាក្នុងគ្រួសារនិងការលែងលះគ្នា។

លោកមេធាវីបានលើកឡើងយ៉ាងដូច្នេះថា«ចំណុចនេះគឺវាមិនអាក្រក់ទេ ប្រសិនបើមេអណ្តើកគាត់ពូកែផ្សះផ្សា អាហ្នឹងគឺវាល្អទៅវិញតើ រឿងមេភូមិវាមែនល្អជាងមេអណ្តើកប៉ុន្មានទេ ប្រសិនបើមេអណ្តើកនោះ គាត់ពូកែយល់ដឹងមានការចាស់ទុំ ដូច្នេះយើងកំណត់ថា ទៅរកមេអណ្តើកមិនបាន អ៊ី(ចឹង)ក៏អត់ត្រូវទេ»។

ឆ្លើយតបត្រង់ចំណុចនេះ បើតាមអ្នកស្រី​ ឈុន ផាន់ណាផា អ្នកគ្រប់គ្រងផលិតកម្មនៃកម្មវិធីវិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ​បានលើកឡើងនូវការផ្សព្វផ្សាយច្បាប់នៅមានចន្លោះខ្វះខាត។ អ្នកស្រីបានចោទជាសំណួរថា សម្រាប់ទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចនេះ តើហេតុអ្វីនៅពេលមានបញ្ហា គាត់ទៅរកមេអណ្តើកមេខ្យល់ឱ្យជួយទៅវិញ? តើហេតុអ្វីពួកគេអត់ទៅរកអាជ្ញាធរដែនដី អ្នកច្បាប់ ឬអ្នកដែលមានចំណេះដឹងធ្វើជាទីប្រឹក្សា ដើម្បីពន្យល់ណែនាំពួកគាត់អំពីបញ្ហាផ្លូវច្បាប់ទៅវិញ?

«យើងនៅខ្វះចន្លោះ ខ្ញុំអត់ដឹងថា តើដោយសារតែបងប្អូនប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចហ្នឹង គាត់អត់ទទួលបានព័ត៌មានហ្នឹង ឬក៏គាត់ទទួលបានព័ត៌មានទាក់ទងទៅនឹងប​ញ្ហា ដែលគាត់កើតឡើងទៅរកអាជ្ញាធរដែនដី ភូមិឃុំរបស់គាត់ ឬក៏គាត់ដឹងហើយតែមិនអនុវត្តមិនធ្វើទៅតាមអ្វីដែលគេប្រាប់គាត់ គាត់ទៅជាអនុត្តន៍ធ្វើតាមទំនៀមទម្លាប់របស់គាត់(អ៊ី)ចឹងណា​»។

ជាក់ស្តែងនៅក្នុងសហគមន៍ជនជាតិដើមភាគតិច បានឱ្យតម្លៃតួនាទីធំបំផុតចុងក្រោយគឺជាមេភូមិ ដែលនេះមានន័យថា នៅតំបន់នោះអត់មានមេឃុំ អត់មានអាជ្ញាធរដែនដី ដែលអាចដឹងអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ ដូច្នេះតើហេតុអ្វីយកត្រឹមតែមេភូមិជាអ្នកដោះស្រាយចុងក្រោយ? នេះបើយោងតាម អ្នកស្រី​ ឈុន ផាន់ណាផា អ្នកគ្រប់គ្រងផលិតកម្មនៃកម្មវិធីវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC ដែលបានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួន។

«ខ្ញុំគិតថាការផ្សព្វផ្សាយអំពីច្បាប់ អាចនៅមានកម្រិតនិងខ្វះចន្លោះ អ៊ី(ចឹង)! ខ្ញុំគិតថាថ្នាក់ដឹកនាំអាជ្ញាធរដែនដីគួរតែមានវិធីសាស្រ្តនិងយុទ្ធសាស្ត្រមួយ ដើម្បីជួយដល់បងប្អូនដែលជាជនជាតិដើមភាគតិច បើមិនចឹងទេ គាត់នៅតែអនុវត្តន៍របៀបរបបប្រពៃណីទំនៀមទម្លាប់របស់គាត់ នោះវាធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាទាក់​ទងទៅនឹងសេរីភាព ទាក់ទងទៅនឹងសិទ្ធរបស់ពួកគាត់»។

បើតាមអ្នកគ្រប់គ្រងផលិតកម្មកម្មវិធីវិទ្យុវិទ្យុដដែលនេះបានបន្ថែមថា  កន្លងមកអង្គការមណ្ឌលព័ត៌​មានស្រ្តីកម្ពុជាWMC តែងតែលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្មេងស្រីដែលជាជនជាតិដើមភាគតិច

តាមរយៈការហ្វឹកហាត់រៀនសូត្រ និងផ្តល់វគ្គបណ្តុះបណ្តាលហាត់ការការងារនៅអង្គការផ្ទាល់តែម្តង។

អ្នកស្រីបន្ថែមថា ការផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានរៀនសូត្រហ្វឹកហាត់ការងារ គឺដើម្បីបង្កើនចំណេះដឹង និងរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហារៀបការវ័យក្មេងរបស់ជនជាតិដើមភាគតិច។

«ខ្ញុំឃើញក្មេងៗទាំងអស់ គាត់មានមោទនភាពចំពោះខ្លួនឯងថា ខ្លួនឯងបានឈានមកដល់ពេលនេះ។ ក្រឡេក​ទៅក្រោយវិញ សូម្បីតែក្រុមគ្រួសារគាត់ក៏ដោយគឺមានរៀបការទាំងវ័យក្មេង គាត់ថាគាត់និងនាំយកចំណេះដឹងនូវអ្វីដែលគាត់បានរៀនសូត្រ យកទៅក្នុងសហគមន៍របស់គាត់»។

ចំពោះផលប៉ះពាល់នៃការរៀបការវ័យក្មេង មិនត្រឹមតែធ្វើឱ្យការរស់នៅមិនចុះសម្រុងគ្នា ឈ្លោះគ្នា ប្រើអំពើហិង្សា ឬ ការលែងលះគ្នាប៉ុណ្ណោះទេ ប៉ុន្តែការរៀបការវ័យក្មេងអាចធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពក្មេងស្រីផងដែរ។ នេះបើយោងតាមលោកស្រី ស ស៊ីណែត អគ្គនាយិការង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី។

លោកស្រី ស ស៊ីណែត បានលើកឡើងថា បើគាត់រៀបការនៅវ័យអាយុ១២ឬ១៣ឆ្នាំ គឺមានផលប៉ះពាល់ដល់សុខភាពបន្តពូជនិងសុខភាពរាងកាយ។

«នៅពេលដែលគាត់រៀបការទាក់ទងនិសុខភាពហ្នឹងបើគាត់មានផ្ទៃពោះ គឺគាត់មានផ្ទៃពោះនៅវ័យ​ក្មេង ដូច្នេះការថែទាំសុខភាព គឹអត់បានល្អប្រសើរទេ គាត់អត់ដឹងពីររបៀបនៃការថែទាំ ដល់អ៊ី(ចឹង)ទៅធ្វើឱ្យបងប្អូនជនជាតិដើមភាគតិចភាគច្រើ នៅពេល១០ឆ្នាំមុន គឺគាត់នៅប្រើតាមឆ្មបបុរាណទៅលើឱសថបុរាណផ្សេងៗ អ៊ី(ចឹង)ផលប៉ះពាល់ទៅដល់សុខភាពផ្លូវភេទ សុខភាពបន្តពូជរបស់គាត់ច្រើន»។

លោកស្រីបញ្ជាក់ថា ដោយមើលឃើញនូវហានិភ័យទាំងអស់នេះ នៅឆ្នាំ២០១៨ ក្រសួងនិងមន្ទីរកិច្ចការនារីខេត្ត ក៏ដូចជាអាជ្ញាធរខេត្តរតនគិរី បានចាប់ផ្តើមរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង ក៏ដូចជាការមានផ្ទៃពោះនៅវ័យជំទង់ផងដែរ។ សម្រាប់ផែនការនេះក៏មានគាំទ្រដោយអង្គការយូនីសេហ្វ។ នេះបើយោងតាមលោកស្រីអគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី។

«យើងមានសកម្មភាពច្រើនទាក់ទងនិងការផ្សព្វផ្សាយនិងការចូលរួម អញ្ចឹងថ្មីៗកន្លងមកសកម្មភាពរបស់យើងត្រូវបានទទួលស្គាល់ដោយឃុំ និងឯកឧត្តមអភិបាលខេត្ត ហើយត្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់គិតអំពីបញ្ហានេះជាបញ្ហាអទិភាព»។

យោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីគាំទ្រដោយអង្គការភ្លែនក្នុងឆ្នាំ២០២៣-២០២៤ បានឱ្យដឹងថា ការរៀបអាពិហ៍ពិពាហ៍វ័យក្មេងថ្មីៗនេះ គឺនារីមានអាយុកើនពី១៦-១៨ឆ្នាំ។ ប៉ុន្តែទោះបីជា ការរកឃើញអាយុរៀបការក្មេងស្រីជនជាតិដើមភាគតិច នៅចន្លោះអាយុប៉ុណ្ណឹងក៏ដោយ ក៏ក្រសួងកិច្ចការនារីនៅតែជំរុញឱ្យមានការរៀបការយ៉ាងតិចបំផុតនៅអាយុ១៨ឆ្នាំឡើងទៅ ដែលនេះវាស្របទៅនឹងច្បាប់អាពាហ៍ពិពាហ៍ (អាចចុះអេតាស៊ីវិល) នឹងស្របទៅតាមក្រមរដ្ឋប្បវេណី រួមទាំងសុខភាពរបស់យុវតីផង។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ស ស៊ីណែត។

លោកស្រី ស ស៊ីណែតបន្ថែមថា ការប្រើអំពើហិង្សាក្នុងគ្រួសារ គឺជាទង្វើដែលមិនអាចទទួលយកបាន ដូច្នេះក្រសួងកិច្ចការនារីនៅតែបន្តបេសកកម្មមួយនេះ ក្នុងការចូលរួមទប់ស្កាត់និងការឆ្លើយតបគ្រប់ទម្រង់នៃអំពើហិង្សា។

បើយោងតាមវិទ្យាស្ថានជាតិស្ថិតិ (CDHS) ពីឆ្នាំ២០២១-២០២៤ មានការថយចុះអំពើហិង្សាក្នុងគ្រួសារពី២៩%ដល់២១%។ លោកស្រី ស ស៊ីណែត បានគូសបញ្ជាក់ថា រាល់ថ្ងៃនេះទាក់ទងនឹងការប្រើអំពើហិង្សានៅតែបន្តកើតមានជាបន្តបន្ទាប់ ហើយអ្វីដែលគួរឱ្យបារម្ភនោះ គឺការប្រើអំពើហិង្សាក្រោមរូបភាពកាចសាហាវ ដែលជាករណីរំលោភសម្លាប់ចោលតែម្តង។

បើយោងតាមមាត្រា៣៥ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបានចែងថា អំពើហិង្សាទាំងឡាយណា ដែលចូលជាបទល្មើសព្រហ្មទណ្ឌត្រូវផ្តន្ទាទោស ដោយយោងតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕

 

អត្ថបទព័ត៌មាន ផលិតដោយ អ្នកស្រី ឃួន លក្ខិណា និងកញ្ញា សាណក ជ្រាប

ឧបត្ថម្ភការផលិតដោយ International Media Support (IMS)

 

Share

ព័ត៌មានទាក់ទង