មណ្ឌលគិរី៖ ភូមិស្រែធំ ស្ថិតនៅក្នុងតំបន់មួយដាច់ស្រយាលពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយមណ្ឌលសុខភាពក៏នៅឆ្ងាយពីភូមិខ្ទង់ប្រហែល ៣០ គីឡូម៉ែត្រ។ ប្រជាពលរដ្ឋដែលភាគច្រើនសុទ្ធសឹងជាជនជាតិដើមភាគតិចបានផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមការងារវិទ្យុស្រ្តីថា ពួកគេលំបាកក្នុងការទៅទទួលសេវាព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកណាស់ដ្បិតមានចម្ងាយឆ្ងាយ។ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅក្នុងតំបន់នោះ ចង់ស្នើសុំទៅកាន់អ្នកពាក់ព័ន្ធគួរបង្កើតឱ្យមានមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកក្នុងសហគមន៍ជនជាតិដើមភាគតិចមួយនេះ ដើម្បីជួយសម្រួលក្នុងការទៅទទួលសេវាព្យាបាលជំងឺ ឬការសម្រាលកូន។
ឧបសគ្គមន្ទីរពេទ្យ ឬ មណ្ឌលសុខភាពនៅឆ្ងាយ បានក្លាយជាបញ្ហាសម្រាប់ជនជាតិដើមភាគតិចព្នងក្នុងភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ក្នុងការទៅទទួលសេវាព្យាបាលជំងឺនិងសម្រាលកូន ដែលជាហេតុធ្វើឱ្យពួកគេនៅទម្លាប់ប្រើឪសថបុរាណ និងឆ្លងទន្លេដោយឆ្មបបុរាណ។ ក៏ប៉ុន្តែប្រជាពលរដ្ឋជាជនជាតិដើមភាគតិចមួយចំនួនក៏ផ្លាស់ប្តូរឥរិយាបថខ្លះផងដែរ ដោយបានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ក្រោយមានភ្នាក់ងារទ្រទ្រង់សុខភាពភូមិចុះផ្សព្វផ្សាយពីបញ្ហាសុខភាព។
អ្នកស្រី សារិទ្ធ បែវ វ័យ ៣២ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្រ្ដីថា អ្នកស្រីមានការលំបាកពេលទៅរកសេវាសម្រាលនៅមន្ទីរពេទ្យឆ្ងាយពីផ្ទះបែបនេះ ដ្បិតផ្ទះនៅឆ្ងាយពីមន្ទីរពេទ្យនិងពេលខ្លះខ្វះមធ្យោបាយធ្វើដំណើរ។ មួយវិញទៀត ការផ្តល់សេវាផ្នែកសម្រាលក៏ពុំសូវល្អដូចអ្វីដែលអ្នកស្រីរំពឹងផងដែរ ដែលគ្រានោះអ្នកស្រីបានធ្លាក់ឈាមយ៉ាងច្រើន។
អ្នកស្រី សារិទ្ធ បែវ ៖«អាអូនពិបាកមែនតែន ពិបាកតាំងពីផ្ទះមក ដេកពេទ្យទី៩និងពេទ្យទួលនិងដូចគ្នាទេអូនអើយ។ ផ្លូវក៏ពិបាកបើខែប្រាំបីនិងភ្លៀងផងផុកផង ។ដល់ពេទ្យទួលប្រហែលបានពីរម៉ោង ពេទ្យទួលណ្នឹងថាខ្ញុំខ្លួនខ្លីពិបាកកើតថាចឹងកើតទេ ទៅនោះទៅទី៩ទៅគេមានប្រដាប់ប្រដាគេ ប្រហែលមួយសន្ទុះ ជិះម៉ូតូ អត់មានលុយជួលឡានគេ។ដល់ទី៩ហើយរកពេទ្យនិងពេទ្យគាត់ថាចូលទៅ គេចូលខ្លួនទទេគាត់អត់មើល គេថាមិនងាយកើតទេ ដល់វាកើតបើខ្ញុំធ្លាក់ឈាមមកមុនទៅខ្ញុំហែវអស់កម្លាំងពេទ្យអត់មើលផង។ ដល់ម៉ោង៣ភ្លឺសម្រាលកូន ម៉ាក់ខ្ញុំហៅខំគួសធ្វាគួសអី កូនខ្ញុំកើតមកហើយបានពេទ្យមកគាត់មើល កាលខ្ញុំឈឺខ្ញុំធ្លាក់ឈាមនិងគាត់អត់មើលទេ គាត់ថាចឹងហើយឈឺពោះ មានអីម៉ាក់ខ្ញុំអាល័យតែអង្គុយជូតឈាមមកស្លេកអស់កម្លាំងស្រូមក៏មិនឃើញដាក់ខ្ញុំអត់ដឹងខ្លួនផង។ ម៉ាក់ខ្ញុំចេះតែនិយាយខាងប្រពៃណីអីណាណី គាត់ខ្លាច បើខ្ញុំអត់ដឹងខ្លួនផង ហៅពេទ្យៗថាចឹងហើយ បើភ្នែកខ្ញុំឡើងសរអស់រលីងហើយបើខ្ញុំលែងដឹងខ្លួនហើយនិង ។
អ្នកស្រី សារិទ្ធ បែវ។រូបភាពពី ផលឡា។
ជួបបញ្ហាពេលសម្រាលបែបនេះ ធ្វើឱ្យអ្នកស្រីហាក់មានគំនិតយល់ថា ទំនងមកពីខ្លួនមានជីវភាពខ្សត់ខ្សោយទើបធ្វើឱ្យពេទ្យពុំសូវយកចិត្តទុកដាក់ពេលអ្នកស្រីឆ្លងទន្លេ ដោយប្រការនេះធ្វើឱ្យអ្នកស្រីធ្វើការប្រៀបធៀបពីវិធីសាស្រ្តសម្រាលតាមឆ្មបបុរាណហាក់ល្អជាងពីពេទ្យនៅមណ្ឌលសុខភាព។ ស្រ្តីជនជាតិដើមភាគតិចព្នងរូបនេះសំណូរពរដល់មន្រ្តីពាក់ព័ន្ធពិសេសមន្រ្តីសុខាភិបាលសុំយកចិត្តទុកដាក់ជាមួយអ្នកជំងឺពេលទៅរកសេវានិងត្រូវបន្ថយការបង់ថ្លៃសេវាកម្មសម្រាប់អ្នកជំងឺ។
អ្នកស្រី សារិទ្ធ បែវ ៖« អត់ល្អហើយ បើខ្ញុំពិបាកគាត់អត់មើលថែផង បើខ្ញុំដេកនៅពេទ្យហើយនិងនៅយាយឆ្លបយាយល្អ គាត់មើលច្របាច់ជើងច្របាច់ដៃ បើនៅពេទ្យដូចថាសេវាកម្មគាត់អត់សូវឌិតដល់មើលចឹងណា អត់ល្អទេស ខ្ញុំអត់មានដូចគេ គេមាននិងគេចាប់អារម្ភគេមើលហើយណា ។បើខ្ញុំនិងក្ររកព្រឹកខ្លះល្ងាចចឹង ពេទ្យអត់ចាប់អារម្ភមើលយើងផង និយាយទៅបើពេទ្យធ្វើចឹងរហូតអត់ល្អទេស មិចអត់ល្អយើងក្របានថាយើងនេះដូចថាឈឺគ្រុនមិនថាឆ្លងទន្លេរកពេទ្យជួយចាប់អារម្ភមើលប្រជាពលរដ្ធផង។ ខ្លះទៅគ្នាអត់មែនតែនហើយណា ដូចខ្ញុំចឹងអត់មានសោះ វូឪវារកខ្ចីគេទម្រាំបានបង់កូនក្រែ អត់មានលុយមួយរៀលសោះ បើខ្ញុំអត់មានប័ណ្ណក្រីក្រសុំធ្វើដែរគេអត់ឲ្យ។ខ្ញុំសុំសំណូមពរទៅដូចថា ប្រជាពលរដ្ធទាំងអស់គ្នាទៅសម្រាក់ពេទ្យនិង ឲ្យពេទ្យចាប់អារម្ភមើលប្រជាពលផង ហើយណាមួយទៀតកាត់បន្ថយបង់ថ្លៃកូនក្រែនិងអត់មានលុយទេណា ។មិនថាគេមិនថាខ្ញុំទេ សុំមេត្ដាកុំដាក់ថ្លៃពេក ដូចខ្ញុំនិងគ្រាន់តែពីយប់ទេឡើងដប់ប្រាំបួនមឺន មានណាឪវារកខ្ចីលុយគេទម្រាំបាននិងវេនាចង់ងាប់»។
ដោយឡែកអ្នកស្រី តោន ប្លោញ ប្រជាពលរដ្ឋរស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ជនជាតិដើមភាគតិចព្នង បានសំណូមពរទៅខាងមន្ទីរពេទ្យឲ្យសម្រួលរថយន្តសម្រាប់ដឹកអ្នកជំងឺពេលឆ្លងទន្លេឱ្យទៅដល់ក្នុងសហគមន៍ ពិសេសពេលយប់ព្រលប់ជាដើម។
អ្នកស្រី តោន ប្លោញ ៖«ខ្ញុំសំណូមពរខាងមន្ទីពេទ្យ ឲ្យមានឡានសម្រាប់ទទួលអ្នកជំងឺមានផ្ទៃពោះ ពេលឈឺពោះឆ្លងទន្លេ ដោយសារភូមិពួកខ្ញុំគ្មានឡានសម្រាប់យកអ្នកជំងឺទៅមន្ទីពេទ្យ ខ្ញុំសុំតែមានឡានសម្រាប់ដឹកអ្នកជំងឺទេ។ ព្រោះគ្មានឡានមានតែម៉ូតូពេលឈឺពោះ ម៉ូតូឌុបពិបាកដឹកអ្នកជំងឺ ដោយសារផ្លូវផ្លូវឆ្ងាយសុំឲ្យតែឡានពេទ្យពេលប្រជាជនសុំជំនួយ សូមឲ្យសេវាកម្មទទួលអ្នកជំអឺឲ្យរហ័សផង ទំនាក់ទំនងពេលមកយប់ទំនាក់ទំនងពេលមកពេលថ្ងៃផង ពួកខ្ញុំមិនប្រកែកទេថាមិនចង់ទៅមន្ទីពេទ្យ ដោយសារពេលខ្លះទៅមន្ទីពេទ្យមិនទាន់ទើបឆ្លងទន្លេនៅផ្ទះ។
អ្នកស្រី តោន ប្លោញ។រូបភាពពី ផលឡា។
ជុំវិញករណីនេះមេឃុំសុខសាន្ត ស្រុកកោះញែក ខេត្ដមណ្ឌលគិរី លោក ឆាន ជិន តបថា ទោះបីជាបច្ចុប្បន្នក្នុងសហគមន៍ពុំទាន់មានមណ្ឌលសុខភាពដល់ទីនោះក៏ពិតមែន តែអាជ្ញាធរដែនដីបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវល្អប្រសើរជាច្រើនកន្លែង ពិសេសពីភូមិស្រែធំមកដល់មន្ទីរពេទ្យ។ ជាងនេះបច្ចុប្បន្នអាជ្ញាធរដែនដីបានបង្កើតប៉ុស្តិ៍រដ្ឋបាលសុខភាពប្រចាំភូមិផងដែរ សម្រាប់ផ្តល់សេវាពិនិត្យនិងពិគ្រោះជំងឺ និងពិគ្រោះព្រឹក្សាស្រ្តីមានផ្ទៃពោះ ដូច្នេះលោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋអាចរកសេវាដែលនៅជិតភូមិបំផុតបាន។
លោក ឆាន ជិន ៖«ប៉ុសិ៍្ដសុខភាពនៅស្រែធំហ្នឹងមានមួយដែរ អត់ទេគាត់គ្រាន់តែជំរុញមកពិនិត្យអីអី ហើយគាត់អ្នកព្យាបាលតូចតាចទេ ប៉ុស្ដិ៍មិនមែនដូចមណ្ឌលទេ មណ្ឌលអ្នកសម្រាល ស្រ្ដីពោះធំឪ្យមកឆ្លងទន្លេនៅមណ្ឌល ព្រោះមណ្ឌលឆ្ងាយទេ ព្រោះផ្លូវល្អ មានផ្លូវអីពិបាក ទោះបីឆ្ងាយ បួន ដប់គីឡូរក៏ផ្លូវល្អដែរ មានពិបាកឯណា»។
ទាក់ទិនក្នុងរឿងនេះអ្នកស្រី សានឿន មួន វ័យ២៣ឆ្នាំ ជាអ្នកទ្រទ្រង់ភូមិក្លង់ឡែ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរីនិយាយថា បច្ចុប្បន្នប្រជាពលរដ្ឋជនជាតិដើមភាគតិចភាគច្រើនបានយល់ដឹងច្រើនជាងមុនពីរបៀបថែទាំសុខភាព និងការសម្រាលដោយប្រើសេវាសុខាភិបាល។ អ្នកស្រីក៏បន្ថែមថា ពេលឆ្លងទន្លេនៅមន្ទីពេទ្យធ្វើឲ្យប្រជាពលរដ្ឋមានសុវត្ដិភាពដោយសារពេទ្យមានជំនាញ ពេលដែលពលរដ្ឋមកទទួលសេវាកម្មសម្រាលកូននៅមន្ទីពេទ្យអាចធានាបានសុវត្ថិភាពល្អទាំងម្ដាយនិងទារកផងដែរ។
អ្នកស្រី សានឿន មួន ៖«សម្រាប់នៅក្នុងភូមិពួកខ្ញុំផ្ទាល់ឃើញថា អ្នកដែលសម្រាលកូននៅមន្ទីពេទ្យ ចូលកៅសិបប្រាំបួនភាគរយ កម្រដែលពួកគាត់សម្រាលនៅឆ្មបបុរាណ ។សម្រាប់ពេទ្យគាត់ផ្ដល់តែចាក់ថ្នាំ សេរ៉ូហើយនិងថ្នាំសម្រាប់លេបមកវិញ។សម្រាប់ការសម្រាលកូនដោយឆ្មបបុរាណយើងអាចថា គាត់ប្រឈមនៅបញ្ហាជាច្រើន ដូចជា ទី១ឆ្មបគាត់អត់មានជំនាញច្បាស់លាស់សម្រាប់បង្កើតកូន ចឹងអាចនិងភ្លាត់ធ្វើឲ្យកូននិងមានបញ្ហាឬក៏អាចស្លាប់បាន ហើយមួយទៀតបញ្ហាសុខភាពរបស់មាតា ឆ្មបបុរាណយើងអត់មានបច្ចេកទេសឬក៏បានរៀនសូត្រអីខ្ពង់ខ្ពស់ដូចពេទ្យគេនេះទេ ។ដល់ពេលចឹង គាត់អត់ដឹងថា ធ្វើយ៉ាងមិចដើម្បីសម្អាតស្រ្ដីដែលគាត់សម្រាលហើយនិងឲ្យល្អកុំឲ្យឈាមកក់ក្នុងពោះអីចឹងជាដើម។
អ្នកស្រី សានឿន មួន។រូបភាពពី ផលឡា។
អ្នកស្រី សានឿន មួន បានលើកឡើងបន្ថែមថា ប្រជាពលរដ្ឋដែលទៅទទួលសេវាកម្មនៅមណ្ឌលសុខភាព គឺមានការណែនាំពីពេទ្យពីរបៀបថែទាំសុខភាព និងផ្ដល់ថ្នាំផងដែរ។ អ្នកស្រីក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋទៅទទួលសេវាកម្មនៅតាមមន្ទីរពេទ្យ ពិសេសពេលឆ្លងទន្លេ ព្រោះបច្ចុប្បន្នមន្ទីរពេទ្យស្រុកបានអភិវឌ្ឍន៍យ៉ាងច្រើន ហើយអ្នកឆ្លងទន្លេមានប័ណ្ណក្រីក្រអាចទទួលបានថវិកាត្រឡប់មកវិញផងដែរ។
អ្នកស្រី សានឿន មួន ៖«ពេលដែលទៅ គាត់ទទួលសេវាកម្មនៅមណ្ឌលគឺគាត់ណែនាំស្រ្ដីដែលមានផ្ទៃពោះគាត់ណែនាំថាយើងត្រូវធ្វើមិចៗដើម្បីថែទាំ។ ពេទ្យណែនាំដូចជាឲ្យយើងទទួលនៅរបបអាហារដែលជំនួយដល់កូន ហើយនិងលេបថ្នាំជាតិដែកកុំឲ្យយើងធ្វើការធ្ងន់អីជាដើម ឬក៏កុំឲ្យផឹកនូវស្រាឬក៏ភេសជ្ជៈអី ព្រោះអីពពួកទាំងនិងធ្វើឲ្យកូនយើងលូតលាស់អត់ល្អ អាចនិងធ្វើឲ្យក្រិនឬរលូតបាន។សំណូមពរឲ្យពួកគាត់ទទួលសេវាកម្មនៅមណ្ឌលសុខភាពទាំងអស់គ្នា ហើយកុំឲ្យគាត់ថាការទទួលសេវាកម្មនៅមណ្ឌលសុខភាពនិងវាអត់មានតម្លៃឬក៏ថ្នាំអត់មានប្រសិទ្ធភាព ហើយយើងកុំប្រកាន់នូវផ្នត់គំនិតដដែលៗទំនៀមទម្លាប់ដដែល ដូចថាពីមុនយើងគិតថាថ្នាំវាអត់មានប្រយោជន៍ ឬក៏លេបទៅអត់ឃើញប្រសិទ្ធភាព តែអត់ទេសម័យបច្ចុប្បន្នឥលូវយើងត្រូវតែទៅពេទ្យ ទៅពិនិត្យសុខភាពក៏នៅពេទ្យ សម្រាលកូនក៏នៅពេទ្យដូចគ្នា»។
តាមការគូសបញ្ជាក់ពីលោកមេឃុំសុខសាន្ត នៅក្នុងភូមិមានករណីស្លាប់បាត់បង់ជីវិតពេលសម្រាលចំនួនពីរកាលករណីគឺកាលពីឆ្នាំ២០២២ មួយករណី និងនៅឆ្នាំ២០២៣មួយករណី។ ប្រឈមមុខបញ្ហានេះលោកមេឃុំថា អាជ្ញាធរមិនដកថយឡើយចំពោះវិធានការរឹតបណ្តឹងការផាកពិន័យលើឆ្មបបុរាណដែលនៅតែមិនព្រមសហការជាមួយអាជ្ញាធរ ពោលគឺនៅតែរឹងទទឹងលួចសម្រាលកូនតាមផ្ទះអ្នកភូមិទៀត។ មួយទៀតលោកមេឃុំសុខសាន្តក៏សំណូមពរដល់ប្រជាពលរដ្ឋក្នុងឃុំសុខសាន្តដែលភាគច្រើនជាជនជាតិដើមភាគតិច គប្បីផ្លាស់ប្តូរទម្លាប់ដែលមិនល្អមួយចំនួនចោលដោយត្រូវមកទទួលសេវាកម្មសម្រាលនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីសុវត្ថិភាពរួចផុតពីបញ្ហាមរណភាពមាតានិងទារកពេលសម្រាល៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រម៉ាស់ រស្មី និង កញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕