ភ្នំពេញ៖ ចាប់ពីដើមខែមេសា និងចុងខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាបានបណ្តេញជនជាតិវៀតណាម ១៥៧ នាក់ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ផ្អែកតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី១១ ខែមេសា អគ្គនាយកអន្តោប្រវេសន៍បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ ក្នុងនោះស្រី៥នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ពាក់ព័ន្ធករណីរំលោភលើ សេចក្តីទុកចិត្ត លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
សកម្មភាពអាជ្ញាធរកម្ពុជាបណ្តាញជនជាតិវៀតណាមចេញពីកម្ពុជា។រូបភាពទំព័រហ្វេសប៊ុករបស់អគ្គនាយកអន្តោប្រវេសន៍។
ដោយឡែក ថ្ងៃទី២៣ ខែមេសា កម្ពុជាក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន២០នាក់ ក្នុងនោះស្រី៥នាក់ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ផងដែរ។
ចំណែកកាលពីថ្ងៃទី២៥ ខែមេសា ជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ក្នុងនោះស្រី៣នាក់ បានបណ្តាញចេញជនជាតិវៀតណាមករណីពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោស បទកាន់កាប់ និងចាត់ចែងល្បែងស៊ីសងខុសច្បាប់ និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ឈានមកដល់ខែឧសភា គឺនៅថ្ងៃទី៩ ខែឧសភា កម្ពុជាបានបណ្តេញជនជាតិវៀតណាមសរុបចំនួន៣៧នាក់ ក្នុងនោះមានស្រី៦នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ទាក់ទងករណីលួចឆ្លងដែនខុសច្បាប់ និងអនុវត្តទោសចប់ ជុំវិញបទលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
រហូតមកដល់ថ្ងៃទី២២ ខែឧសភា កម្ពុជាបានបណ្តេញជនជាតិវៀតណាម សរុបចំនួន ២៤នាក់ ក្នុងនោះមានស្រី ៣នាក់តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។
និងចុងក្រោយគឺនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣២នាក់ ក្នុងនោះមានស្រី៩នាក់) ចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន៕