en     km
en     km

៥ខែដើមឆ្នាំ២០២៥ មានរោងចក្រ ៣១ទីតាំងបញ្ចេញសំណល់រាវប៉ះពាល់ប្រភពទឹកប្រជាពលរដ្ឋ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុន រោងចក្រនៅកម្ពុជាប្រមាណ ៣១ទីតាំង ត្រូវបានរកឃើញថា បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាននៅដើមឆ្នាំ២០២៥នេះ  ដែលកត្តានេះហើយបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រភពទឹកសាធារណៈ ពិសេសប្រជាពលរដ្ឋរស់នៅក្បែរនោះរងការបំពុល។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៥នេះ មន្រ្តីបរិស្ថានបានរកឃើញមានក្រុមហ៊ុននិងរោងចក្រចំនួន ៣១ទីតាំង បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសបរិស្ថាន  ល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវស្របតាមស្តង់ដាដែលធានាលើការបញ្ចេញសំណល់រាវឱ្យស្អាតមុនពេលបញ្ចេញទៅក្រៅក្រុមហ៊ុននិងរោងចក្រ។ នេះបើយោងតាមក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងករណីនេះដែរ មន្រ្តីបរិស្ថានបានចុះទៅពិនិត្យ និងណែនាំឱ្យម្ចាស់ក្រុមហ៊ុនរៀបចំបំពាក់គ្រឿងបច្ចេកទេសឱ្យបានត្រឹមត្រូវ ចៀសវាងការចាត់វិធានការទៅតាមច្បាប់។

ក្នុងចំណោមក្រុមហ៊ុន រោងចក្រចំនួន ៣១ទីតាំងនេះ មានមួយទីតាំងបានចាប់ផ្តើមកែប្រែនិងអនុវត្តតាមលិខិតបញ្ជារបស់ក្រសួងបរិស្ថាន។ ចំណែករោងចក្រនិងក្រុមហ៊ុនចំនួន ១៧ទីតាំងផ្សេងទៀត បានអនុវត្តចំណុចមួយចំនួន និងកំពុងស្ថិតនៅក្នុងនីតិវិធីតាមដាននៃការត្រួតពិនិត្យ ស្របតាមច្បាប់ និងកាលបរិច្ឆេទកំណត់។ ចំពោះរោងចក្រនិងក្រុមហ៊ុនចំនួន ១៣ ឯទៀត បាននិងកំពុងរៀបចំឯកសារបញ្ជាកែប្រែដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។

រូបភាព៖ ក្រសួងបរិស្ថាន

 

កន្លងមក ការបំពុលប្រភពទឹកនេះបានជះផលអវិជ្ជមានយ៉ាងខ្លាំងទៅដល់បរិស្ថាននិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូចកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីបរិស្ថានបានរកឃើញថា មានក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd បានបង្ហូរសំណល់រាវមិនបានសម្អាតត្រឹមត្រូវ ចូលទៅក្នុងអូរពាមទុងដោយផ្ទាល់ ដែលបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឱ្យខូចប្រភពទឹក ប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង ១០០គ្រួសារ។ ដោយឡែកនៅក្នុងថ្ងៃដដែល មន្រ្តីបរិស្ថានរកឃើញមានក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ផលិតដំណាប់ស្វាយដូចគ្នា បានបង្ហៀរសំណល់រាវមិនបានសម្អាតចេញពីស្រះស្តុកចូលទៅតាមទីវាលទំនាបស្ថិតនៅចំហៀងផ្នែកខាងកើតទីតាំងក្រុមហ៊ុន បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។ បញ្ហានេះ បានបង្កឱ្យមានបញ្ហាក្លិនស្អុយ ប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់។

រូបភាព៖ ក្រសួងបរិស្ថាន

 

ដើម្បីជាដំណោះស្រាយទប់ស្កាត់បញ្ហានេះ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនទាំងពីរដោយតម្រូវឱ្យផ្អាកបញ្ចេញសំណល់រាវពីទីតាំងក្រុមហ៊ុនជាបណ្តោះអាសន្នរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន និងត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន។ ជាងនេះ ក្រុមហ៊ុនទាំងពីរត្រូវរងពិន័យអន្តរការណ៍តាមច្បាប់កំណត់ ត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាននិងការខូចខាតបរិស្ថាន និងត្រូវស្តារសំណល់រាវនិងសំអាតបរិស្ថានតាមដងអូរពាមទុងឱ្យមានភាពល្អប្រសើឡើងវិញ។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមចំណុចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់បន្ត នោះគឺដកហូតលិខិតអនុញ្ញាតចេញដោយក្រសួង  រួមទាំងបិទសកម្មភាពទាំងស្រុងបន្ថែមទៀត។

ជាមួយគ្នានេះ ក្រសួងបរិស្ថានអំពាវនាវដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំងអស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈនិងបរិស្ថាន ភាពសុខដុមរមនារបស់មនុស្សនិងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទនេះឧបត្ថម្ភដោយក្រដាសម៉ាក MG របស់ក្រសួង MG Pacific Company Limited

Share

ព័ត៌មានទាក់ទង