សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងការងារស្នើសុំឱ្យគាំទ្រការអនុម័តអនុសញ្ញាបំពេញបន្ថែមរបស់អង្គការអន្តរជាតិខាងការងារ(ILO) ដើម្បីឱ្យកម្មករប្រកបអាជីវកម្មតាមប្រព័ន្ធឌីជីថល ទទួលបានលក្ខខណ្ឌការងារសមរម្យ និងប្រព័ន្ធគាំពារសង្គម។ លិខិតនេះដាក់មុនពេល រដ្ឋសភា និងព្រឹទ្ធសភា បើកប្រជុំសមាជពិភាក្សាគ្នាលើប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក គីម ចាន់ចាវ រាយការណ៍
ក្នុងលិខិតរបស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ កាលពីចុងខែឧសភាកន្លងមក សរសេរបញ្ជាក់ថា អនុសញ្ញាបំពេញបន្ថែមរបស់អង្គការ ILO នេះ ជាជម្រើសល្អបំផុត ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតនូវបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការលើក្រុមហ៊ុនឌីជីថលនៅកម្រិតជាតិ ដើម្បីធានាបាននូវការប្រគួតប្រជែងដោយយុត្តិធម៌ និងដើម្បីឱ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវចំពោះការអនុលោមតាមច្បាប់ការងារ ប្បញ្ញត្តិ និងគោលនយោបាយ។
លិខិតដដែលលើកឡើងថា បច្ចុប្បន្ន ប្រាក់ចំណេញនៃរបរវិស័យឌីជីថលនេះ កំពុងហូរទៅរកក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងពេលកម្មករក្នុងវិស័យនេះ កំពុងប្រឈមនឹងហានិភ័យផ្សេងៗ។ ដោយសារភាពលេចធ្លោនៃទំនាក់ទំនងការងារមិនល្អក្នុងវិស័យទាំងនេះ សមាគម IDEA ថា រដ្ឋាភិបាលកំពុងបាត់បង់ភាគទានផ្នែកសន្តិសុខសង្គមពីនិយោជកដែលត្រូវការចាំបាច់ផងដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ការដាក់សំណើនេះ ធ្វើឡើងដោយសារក្នុងខែមិថុនានេះ នឹងមានសន្និសីទមួយនៅទីក្រុងហ្សឺណែវ ទាក់ទងវិស័យការងារ ដែលមានការអនុម័តបង្កើតអនុសញ្ញាថ្មីមួយសម្រាប់ធានាដល់កម្មករធ្វើការតាមប្រព័ន្ធឌីជីថលឱ្យទទួលបានលក្ខខណ្ឌការងារសមរម្យ និងប្រព័ន្ធគាំពារសង្គម។ ដូច្នេះប្រធានសមាគមរូបនេះថា ប្រសិនជារដ្ឋាភិបាលមានការគាំទ្រអនុម័តលើអនុសញ្ញាបំពេញបន្ថែមរបស់អង្គការ ILO ជារឿងប្រសើរសម្រាប់កម្មករដែលធ្វើការតាមប្រព័ន្ធឌីជីថល ឬប្រព័ន្ធអ៊ែប ពួកគេនឹងមានលក្ខខណ្ឌការងារសមរម្យ មានប្រព័ន្ធគាំពារសង្គម ជាពិសេសធ្វើឱ្យនិយោជកមានការទទួលខុសត្រូវលើកម្មករខ្លួន។
លោក វន់ ពៅ៖ «រដ្ឋាភិបាលកម្ពុជាបោះឆ្នោតអនុម័តគាំទ្រអនុសញ្ញាបំពេញបន្ថែមហ្នឹង វាជារឿងមួយដ៏សំខាន់សម្រាប់ការពារប្រយោជន៍ទៅដល់កម្មករដែលប្រកបមុខអាជីវកម្មតាមរយៈប្រព័ន្ធអ៊ែប ឬប្រព័ន្ធឌីជីថលហ្នឹង វាជាប្រយោជន៍រួម ហើយសម្រាប់ជាប្រយោជន៍ជាតិ និងរដ្ឋាភិបាលថែមទៀត។ អ៊ិចឹងហើយបានយើងគិតថាអនុសញ្ញានេះ វាសំខាន់ អ៊ីចឹងហើយយើងដាក់លិខិតទៅក្រសួងការងារ ដើម្បីឱ្យគាត់គាំទ្រទៅនឹងសំណើរបស់យើងទាំងអស់គ្នាដែលជាសហជីពក្នុងការគាំទ្រកម្មករនេះឯង»។
បើតាមលោក វន់ ពៅ ការគាំទ្រអនុសញ្ញាបំពេញបន្ថែមរបស់អង្គការ ILO នេះ មិនថែមទាំងផ្ដល់ប្រយោជន៍សម្រាប់កម្មករប៉ុណ្ណោះ តែថែមទាំងជួយដល់រដ្ឋាភិបាលកម្ពុជា បង្កើនប្រាក់ចំណូលក្នុងមូលនិធិ តាមរយៈកម្មករទទួលបានប័ណ្ណប.ស.ស. ហើយក៏ទទួលបានការបង់ពន្ធច្បាស់លាស់ពីវិស័យឯកជន ដែលរួមចំណែកបង្កើនថវិកាជាតិផងដែរ។
លោក វន់ ពៅ៖ «ប្រសិនបើរដ្ឋាភិបាលមិនលើកដៃគាំទ្រអនុសញ្ញាបំពេញបន្ថែមថ្មីរបស់ILO ដែលកំពុងនឹងពិភាក្សានេះប្រសិនជាមិនបានគាំទ្រទេ អនុសញ្ញានេះមិនអាចចេញបាន ធ្វើឱ្យកម្មករនៅតែរងគ្រោះជាពិសេសកម្មករផ្នែកដឹកជញ្ជូនម្ហូបអាហារ និងដឹកជញ្ជូនផ្សេងៗតាមប្រព័ន្ធអ៊ែបហ្នឹង គាត់នៅតែរងគ្រោះដូចជាគាត់មិនមានប័ណ្ណប.ស.ស. គាត់មិនមានរបបកិច្ចគាំពារសង្គម របបគ្រោះថ្នាក់ការងារ គាត់មិនមានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារសមរម្យ ហើយរងការរំលោភពីក្រុមហ៊ុនអ៊ែបទាំងអស់ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនអ៊ែបធ្វើអ្វីៗតាមចិត្ត ដោយមិនបានគិតអំពីផលលំបាកផលប៉ះពាល់កម្មករ។ ម្យ៉ាងទៀតក្រុមហ៊ុនទាំងនោះមិនខ្វល់អ្នកធ្វើការទាំងនោះជាកម្មកររបស់គាត់ទេ គ្រាន់តែជាដៃគូសហការប៉ុណ្ណោះ ប្រសិនជាមិនបានអនុម័តចេញទេ មានន័យថា កម្មករនៅតែរងគ្រោះដដែល ដែលថៅកែមិនទទួលខុសត្រូវទាំងអស់»។
ទោះបីលិខិតរបស់សមាគម IDEA ដាក់ទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កិច្ចប្រជុំនៅទីក្រុងហ្សឺណែវខាងមុខ តែក៏ស្របនឹងព្រឹទ្ធសភា និងរដ្ឋសភា នៅថ្ងៃទី២ ខែមិថុនានេះ បានប្រជុំសមាជ បើកលំហពិភាក្សាគ្នាផ្តោតលើប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។
ក្នុងកិច្ចប្រជុំសមាជនេះ មិនទាន់ឈានដល់ការពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅឡើយ។ តែយ៉ាងណាតំណាងគណបក្សនយោបាយនានា បានលើកឡើងពីបញ្ហាប្រឈម និងភាពខ្វះខាតពីការអនុវត្តប្រព័ន្ធគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ និងកម្មករ ហើយនិងបានរំលេចពីបញ្ហាកម្មករក្រៅប្រព័ន្ធផងដែរ។ ក្រៅពីនេះ គណបក្សនយោបាយទាំងនោះ ក៏បានលើកឡើងពីតម្រូវការបន្ថែមរបស់ប្រជាពលរដ្ឋក្នុងប្រព័ន្ធគាំពារសង្គម។
កាលពីចុងឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជួយសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។
ការអង្កេតកម្លាំកពលកម្មកម្ពុជា ឆ្នាំ២០១៩ របស់ក្រសួងផែនការ បង្ហាញថា កម្ពុជាមានកម្លាំងពលកម្មប្រមាណ ៧,៩លាននាក់ ដោយក្នុងនោះ ២១,៥% (ឬ ១,៧ លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្មដ៏ច្រើន គឺ ៦,២ លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារវិបត្តិ៕
អត្ថបទដោយ កញ្ញា ជា សុខនី