en     km
en     km

លោក ហ៊ុន តូ ចេញលិខិតបដិសេធការចោទប្រកាន់គ្មានភស្តុតាងរបស់លោក ហេង សិទ្ធី

Share

ភ្នំពេញ៖ លិខិតបញ្ជាក់ជូនសាធារណជនមានហត្ថលេខារបស់លោក ហ៊ុន តូ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅរសៀលថ្ងៃទី ០៩ ខែមករា នេះ បានចេញមកច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់លោក ហេង សិទ្ធី ថាជាការក្លែងប្រឌិតអង្គហេតុ ចោទប្រកាន់ដោយគ្មានភស្តុតាង។

សូមកត់សម្គាល់ជូនបន្តិចថា មួយរយៈចុងក្រោយនេះ តាមរយៈបណ្តាញសង្គមរបស់ខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបកអាក្រាតអ្នកឧកញ៉ា ហ៊ុន តូ ជាច្រើន ថាបានប្រព្រឹត្តិបទល្មើសធំៗ តួយ៉ាងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត។

សម្រាប់ការចោទប្រកាន់នេះលោក ហ៊ុន តូ ចាត់ទុកការចុះផ្សាយជាបន្តបន្ទាប់ពីបុគ្គល ហេង សិទ្ធី​ ថាបានបង្ហាញនូវចេតនាទុច្ចរិត បំពានច្បាប់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សិទ្ធិប្រកបមុខរបរ សិទ្ធិការពារដោយច្បាប់។ ជាងនេះលោកថា រាល់ទង្វើ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមនានារបស់បុគ្គលឈ្មោះហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិតផ្ទុយពីការពិត ដែលទង្វើនេះបានបំភាន់ដល់មតិសាធារណៈជន ដោយមានចេតនាទុច្ចរិតចោទប្រកាន់ ទំលាក់កំហុសមកលើលោក ហ៊ុន តូ។

សេចក្តីបញ្ជាក់របស់លោក ហ៊ុន តូ ដែលអ្នកសារព័ត៌មានទទួលបាន។

ចំពោះមុខបញ្ហានេះ លោក ហ៊ុន តូ តាមរយៈលិខិតបញ្ជាក់ខាងលើ លោកបញ្ជាក់ថានឹងត្រៀមរួចជាស្រេច ក្នុងការប្តឹងបកត្រឡប់ទៅវិញ និងតតាំងក្តីជាមួយបុគ្គលឈ្មោះហេង សិទ្ធី ដើម្បីការពារសិទ្ធិ ភាពត្រឹមត្រូវចំពោះមុខច្បាប់។

ការសម្រេចឈានដល់ការប្តឹងបកទៅលោក ហេង សិទ្ធី នេះ ដ្បិតលោក ហ៊ុន តូ យល់ថាទង្វើរបស់លោកហេង សិទ្ធី បានប៉ះពាល់ដល់សិទ្ធិបុគ្គល និងប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍សង្គមកម្ពុជាផងដែរ។

សូមរំលឹកថា ថ្មីៗនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសមិនទទួលចាត់ការលើពាក្យបណ្តឹងរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានបង្ហោះប្តឹងដោយចំហលើបណ្តាញសង្គមមកកាន់ក្រសួងយុត្តិធម៌នោះទេ ព្រោះបណ្តឹងទាមទារត្រូវដាក់ដោយផ្ទាល់មកកាន់រដ្ឋបាលនៃក្រសួងយុត្តិធម៌។

សម្រាប់ក្រសួងយុត្តិធម៌ នីតិវិធីដែលអាចដំណើរការរឿងក្តីនេះ លុះត្រាតែដើមបណ្តឹងភ្ជាប់មកជាមួយនូវរាល់ឯកសារពាក់ព័ន្ធនានា ព្រមទាំងមានម្ចាស់បណ្តឹង ដែលអាចចូលខ្លួនតាមការចាំបាច់ដើម្បីផ្តល់ព័ត៌មានលម្អិត ទាក់ទងនឹងបណ្តឹងរបស់ខ្លួន៕

 

Share

ព័ត៌មានទាក់ទង