en     km
en     km

អង្គការសិទ្ធិមនុស្សបង្ហាញក្ដីបារម្ភក្រោយសមត្ថកិច្ចរកឃើញស្ដ្រីខ្មែរជិត ១០០នាក់ត្រូវជួញដូរ

Share

ភ្នំពេញ៖ អង្គការសិទ្ធិមនុស្ស បង្ហាញក្ដីបារម្ភចំពោះស្ដ្រីខ្មែរដែលត្រូវមេខ្យល់បោកប្រាស់យកទៅជួញដូរតាមរូបភាពរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិចិន ក្រោយសមត្ថកិច្ចអន្តោប្រវេសន៍រកឃើញ រយៈពេល៤ខែមកនេះ ស្ដ្រីខ្មែរជិត ១០០នាក់ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ ឆ្លើយតបនឹងក្ដីបារម្ភនេះ អង្គការទាំងនោះស្នើឱ្យសមត្ថកិច្ចផ្តន្ទាទោសទៅលើជនល្មើសឱ្យបានម៉ឺងម៉ាត់ និងស្នើឱ្យផ្សព្វផ្សាយរូបភាពឆបោកនៃអំពើជួញដូរមនុស្សកាន់តែទូលំទូលាយដល់សាធារណជន ជាពិសេសស្ដ្រីៗនៅតាមជនបទ។ កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍

 

 

ក្នុងលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅបង្ហាញថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ​ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិនានា បានធ្វើទប់ស្កាត់អ្នកដំណើរ ១០៧នាក់ ដែលមានស្រ្ដី៨២នាក់ ក្នុងនោះពលរដ្ឋខ្មែរចំនួន ៩៣នាក់ ជាប់ពាក់ព័ន្ធនឹងការជួយដូរមនុស្ស។ តាមរយៈលិខិតដដែល បានឱ្យដឹងទៀតថា ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចអន្តោប្រវេសន៍ចិន ក៏បានបញ្ជូនស្ដ្រីខ្មែរចំនួន ៩៧នាក់ ដែលត្រូវបានជួញដូរទៅប្រទេសចិនឱ្យវិលមកប្រទេសកំណើតវិញផងដែរ។

តួលេខស្ដ្រីទាំងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ភាគច្រើនពួកគេត្រូវបានជួញដូរឱ្យទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស និងខ្លះទៀតមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេស។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃ២៨ ខែមេសាថា តួលេខនេះ ស្ថិតក្នុងកម្រិតដែលគួរឱ្យបារម្ភ ដោយសារតែជាចំនួនមិនថមថយឡើយ បើទោះបីអាដហុក មិនទាន់ចេញរបាយការណ៍ឆ្នាំ២០២៥ក្ដី ប៉ុន្តែតាមរបាយការណ៍របស់អាដហុកកន្លងមក បង្ហាញដែរថា ស្ដ្រីខ្មែរត្រូវបានជួញដូរទៅប្រទេសចិនកាលពីឆ្នាំ២០២៤ មានការកើនឡើងជាងឆ្នាំ២០២៣។

ប្រធានសមាគមសិទ្ធិមនុស្សរូបនេះ លើកឡើងថា មូលហេតុចម្បងចំនួនពីរដែលបណ្ដាលឱ្យស្ដ្រីខ្មែរត្រូវបានមេខ្យល់ជួញដូរទៅប្រទេសចិន គឺចំណុចទី១ ការផ្សព្វផ្សាយព័ត៌មានមិនបានទូលំទូលាយអំពីបទល្មើសឆបោក។ ដូច្នេះនៅពេលកង្វះខាតព័ត៌មានទាំងនោះ លោកថា ធ្វើឱ្យស្ដ្រីខ្មែរនៅពេលទៅចិនពួកគេមិនដឹងថាមេខ្យល់ទាំងនោះជួញដូរពួកគេឡើយ ហើយការណ៍ដែលរៀបការជាមួយបុរសជនជាតិចិន ពួកគេយល់ថានឹងមានសុភមង្គល ជាពិសេសដោះស្រាយបំណុលក្នុងគ្រួសារ។

លោកបន្តទៀតថា មូលហេតុចម្បងមួយទៀត គឺបញ្ហាជីវភាព និងភាពអត់ការងារធ្វើ ដែលជំរុញឱ្យស្ដ្រីខ្មែរដែលមានជីវភាពក្រីក្រនៅតាមតំបន់ជនបទ ត្រូវប្រឈមនឹងការជួញដូរ ពីព្រោះពួកគេត្រូវការងារ ដើម្បីបានចំណូលជួយដោះស្រាយបំណុល និងជួយដោះស្រាយក្នុងសេដ្ឋកិច្ចគ្រួសារ។

លោក នី សុខា៖ «អ៊‌ីចឹងនេះជាចំនួនមួយដែលយើងឃើញថាមានការបារម្ភខ្លាំង ចំពោះបញ្ហាទាំងអស់ហ្នឹង ហើយយើងគិតថាទៅមុខបើសិនជាមានការជួញដូរច្រើនបែបហ្នឹង អានេះវាជារឿងមួយដែលវាប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរយើងផង ហើយនិងវាបង្ហាញនូវស្ថានភាពសង្គមយើងដែលមានវិបត្តិបញ្ហាផ្សេងៗដូចជា ខ្វះការងារ បងប្អូនប្រជាពលរដ្ឋយើងខ្វះការយល់ដឹង ក៏ដូចជាយើងនៅមានឱកាសឱ្យអ្នកប្រព្រឹត្តបទល្មើសរកស៊ីមិនត្រឹមត្រូវពាក់ព័ន្ធនឹងការជួញដូរទាំងអស់ហ្នឹង»។

បើតាមលោក នី សុខា សង្កេតឃើញ​ ការបង្ក្រាបបទល្មើសជួញដូរដែលសមត្ថកិច្ចអនុវត្តកន្លងមក ទាំងកិច្ចអន្តរាគមន៍ជួយស្ដ្រីខ្មែរឱ្យត្រឡប់មកស្រុកវិញ ហាក់មានភាពល្អប្រសើរដែរ ប៉ុន្តែនៅមានចំណុចខ្វះខាតលើការស្រាវជ្រាវស្វែងរកជនល្មើស និងការផ្តន្ទទោសចំពោះជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស គឺសមត្ថកិច្ចអនុវត្តបានកម្រិតតិចតួចនៅឡើយ។

លោក នី សុខា៖ «យើងទីមួយខ្ញុំគិតថាការងារផ្សព្វផ្សាយ ការងារអប់រំឱ្យបានច្រើនជាអតិបរមាទៅដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមជនបទឱ្យគាត់មានយល់ដឹងអំពីបញ្ហាការធ្វើចំណាកស្រុកដោយសុវត្ថិភាព ក៏ដូចជាគាត់ចង់ទៅរស់នៅ ឬក៏រៀបការជាមួយជនបរទេសជាមួយប្រទេសគេអីឱ្យគាត់មានយល់ដឹងឱ្យបានច្បាស់។ ទីពីរយើងត្រូវមានវិធានការឱ្យបានម៉ឺនម៉ាត់ផងដែរ ចំពោះក្រុមហ៊ុន និងអ្នកដែលរកស៊ីមិនបានត្រឹមត្រូវទៅតាមច្បាប់ហ្នឹង ត្រូវមានការដាក់ពិន័យ ដើម្បីឱ្យអ្នកទាំងអស់ហ្នឹងកុំប្រព្រឹត្តរឿងអ៊‌ីចឹង»។

ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានឱ្យដឹងដែរថា របាយការណ៍របស់អន្តោប្រវេសន៍នេះ ជាតួលេខមួយគួរឱ្យបារម្ភសម្រាប់ស្ដ្រីខ្មែរ ដែលត្រូវបានមេខ្យល់លួងលោមឱ្យទៅរៀបរាបការប្ដីនៅប្រទេសចិន។ ស្ដ្រីខ្មែរដែលជាគោលដៅរបស់ជនល្មើសទាំងនោះ ភាគច្រើននៅតាមតំបន់ជនបទ តំបន់ក្រីក្រ និងតំបន់ដែលកង្វះខាតការងារធ្វើជាដើម។

 

លោក អំ សំអាត៖ «យើងមើលតួលេខរបស់អាជ្ញាធរដែលបានលើកឡើងនេះ វាជាតួលេខមួយដែលគួរឱ្យបារម្ភសសម្រាប់ស្ដ្រីខ្មែរដែលត្រូវជួញដូរទៅប្រទេសចិន ហើយការជួញដូរនេះមិនមែនតែប្រទសចិនទេ មានលើប្រទេសផ្សេងៗទៀត ប៉ុន្តែអ្វីដែលឱ្យកត់សម្គាល់នេះសម្រាប់ប្រទេសចិនមានការជួញដូរស្ដ្រីខ្មែរច្រើនជាងគេ»។

ឆ្លើយតបនឹងក្ដីបារម្ភនេះ លោកសំណូមពរឱ្យអាជ្ញាធររឹតបន្ដឹងការអនុវត្តច្បាប់លើជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស និងបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំឱ្យច្រើនអំពីរូបភាពនៃអំពើឆបោកទៅកាន់ស្ដ្រីដែលងាយរងគ្រោះ នៅតាមតំបន់ជនបទ តំបន់ក្រីក្រ និងតំបន់កង្វះខាតឱកាសការងារជាដើម។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោកស្រី ជូ ប៊ុនអេង ​អនុ​ប្រធាន​អចិន្ត្រៃយ៍នៃគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស មកដល់រសៀលនេះមិនមានការឆ្លើយតបនៅឡើយ។ ចំណែកលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យអ្នកសារព័ត៌មានផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាម មកដល់រសៀលនេះលោកក៏មិនទាន់ឆ្លើយតបនៅឡើយដែរ។

កាលពីខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤។ ក្នុងរបាយការណ៍នោះបានបង្ហាញថា ក្នុងឆ្នាំ២០២៤ អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំងបានកើនឡើង ដែលជារួមលទ្ធផលនៃការបង្ក្រាបបានដល់ ១៩៧ករណី គឺកើនចំនួន ៣៣ករណី ស្មើនឹង ២០.១៥% បើប្រៀបធៀបទៅនឹងលទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។

យោងតាមរបាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៤​ សមាគម​បាន​អន្តរាគមន៍ ​និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន​ចំនួន ២៥​ករណី។ ក្នុង​ចំណោម​ស្ត្រី​រងគ្រោះ​ទាំង​អស់ ២៩​នាក់ គឺ​មាន ​២៨​នាក់ ​បាន​រងគ្រោះ​​ដោយ​អំពើ​បង្ខំ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង