កញ្ញា ឆន ស្រីណេត ដែលគេស្គាល់ថាជាបវរកញ្ញាឯករងទី១ នៃបរវកញ្ញាចក្រវាលកម្ពុជា មិនទទួលការផ្សព្វផ្សាយគ្រឿងស្រវឹង និងគ្រឿងសម្អាងដែលមានផលប៉ះពាល់សុខភាពពលរដ្ឋឡើយ ខណៈកញ្ញាចង់ប្រើប្រជាប្រិយភាពនេះ ទៅបង្ហាញជាគំរូដល់ស្ដ្រីខ្មែរកម្ពុជាក្រោមផ្សេងទៀត ឱ្យមានភាពសាមគ្គីគ្នា កុំបោះបង់ការសិក្សាភាសាខ្មែរ និងរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរនៅកម្ពុជាក្រោម។ លោក គីម ចាន់ចាវ រាយការណ៍
កញ្ញា ឆន ស្រីណេត៖ «ស្ដ្រីនៅកម្ពុជាក្រោមមានផលលំបាកអីអត់? មានផលលំបាកដូចថាអក្សរសាស្ត្រខ្មែរត្រឹម៦០ភាគរយចុះអ្នកដែលចេះអក្សរសាស្ដ្រ អ៊ីចឹង៤០ភាគរយទៀតអ្នកដែលអត់ចេះ ហើយបើថាអក្សរវៀតណាមវិញពួកគាត់អត់សូវបានចូលសាលាបានច្រើនដូចគ្នា ហើយការលំបាកកម្ពុជាទៀតខ្មែរយើងមានគិតមួយឱ្យទៅរៀនធ្វើអីទេមិនដឹងបានការងារធំអីអត់ ពួកគាត់តែឱ្យកូនឈប់រៀនទៅធ្វើការ។ ប៉ុន្តែតាមបទពិសោធន៍របស់ណេតមួយ យើងរៀនដើម្បីថាមិនមែនរកលុយ ដើម្បីប្រកបការងារអ្វីមួយ តែយើងរៀនដើម្បីចេះ ក្នុងឱកាសនេះជូនទៅបងប្អូន ជាពិសេសកម្ពុជាក្រោម ជំរុញទឹកកូនទៅរៀនឱ្យបានច្រើន ដើម្បីចំណេះដឹង»។
នេះជាប្រសាសន៍របស់កញ្ញា ឆន ស្រីណេត ដែលមានឈ្មោះដើមថា សឺង ស៊ីណេត ជាស្ដ្រីខ្មែរកម្ពុជាក្រោម ត្រូវបានប្រជាជនកម្ពុជាស្គាល់តាមរយៈកញ្ញាជាប់ជាបវរកញ្ញាឯករងទី១ នៃបរវកញ្ញាចក្រវាលកម្ពុជា កាលឆ្នាំ២០២១ ព្រមទាំងជាម្ចាស់មកុដ Miss Tourism International Cambodia 2022 ផងដែរ។ កញ្ញា ស្រីណេត ដែលមានវ័យ ២៩ឆ្នាំ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា ខ្លួនកើតក្នុងត្រកូលកសិករ ស្ថិតក្នុងជីវភាពគ្រួសារមធ្យម ហើយជាអ្នកមានដើមកំណើតរស់នៅក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។
មុនឈានជើងចូលវិស័យបវរកញ្ញានេះ កញ្ញាថា កាលពីនៅតូចៗមិនដឹងថាខ្លួនមានអត្តសញ្ញាណអ្វីឡើយ ព្រោះនៅពេលទៅសាលារៀនម្ដងៗ គេតែងតែហៅកញ្ញាជាជនជាតិភាគតិច តែនៅពេលដឹងក្ដី កញ្ញាទើបដឹងថាខ្លួនជាជនជាតិខ្មែរ ហើយក៏ប្រឹងប្រែងរៀនភាសាខ្មែរ រៀននិយាយ រៀនអាន និងរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរនៅកម្ពុជាក្រោម។ ការរក្សាប្រពៃណីខ្មែរ និងរៀនភាសាខ្មែរនៅទីនោះ មិនជារឿងងាយស្រួល និងបើកលំហសេរីភាពឡើយ ខណៈការនិយាយភាសាខ្មែរនេះ កញ្ញាចេះតាមរយៈការរៀននៅវត្តអារាម និងរៀនច្រៀងបទខ្មែរតាមរយៈទូរស័ព្ទ។
ស្ដ្រីខ្មែរកម្ពុជាក្រោមរូបនេះលើកឡើងថា សាលារៀននានាស្ថិតនៅកម្ពុជាក្រោម ប្រព័ន្ធសិក្សាអប់រំសុទ្ធតែភាសាវៀតណាម មិនមានបញ្ជូលភាសាខ្មែរសិក្សាឡើយ។ ស្ដ្រី និងបុរស ខ្មែរកម្ពុជាក្រោមទាំងអស់ បើចង់សិក្សា និងចង់ចេះនិយាយភាសាខ្មែរ ពួកគេមានតែទៅរៀននៅតាមទីវត្តអារាមប៉ុណ្ណោះ។
កញ្ញា ឆន ស្រីណេត៖ «ភាសាវប្បធម៌ ប្រពៃណីអី គឺចេញមកពីវត្តទាំងអស់ អ៊ីចឹងគឺកូនខ្មែរគ្រប់គ្នាតែងតែជួយគ្នា សាមគ្គីគ្នា ក្នុងការការពារវប្បធម៌ ប្រពៃណីអ៊ីចឹងណាបង។ ដូចណេតជាដើមអ៊ីចឹងនៅតែរក្សាចិត្តមួយ រក្សាគំនិតមួយអត់ផ្លាស់ប្ដូរភ្លេចកំណើតខ្លួនឯង»។
ឈប់រៀនត្រឹមថ្នាក់ទី១២ បវរកញ្ញាដែលមានឈាមជ័រខ្មែរកម្ពុជាក្រោមរូបនេះ រៀបរាប់ទៀតថា ខ្លួនបានមកដល់រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ ដោយបានចាប់ការងារដំបូងជាអ្នកបកប្រែភាសាវៀតណាម មកភាសាខ្មែរ។ បន្ទាប់មកកញ្ញាបានធ្វើជាគ្រូបង្រៀនហាត់ប្រាណ និងក្រោយមកទៀត ចូលធ្វើការជាអ្នកដើរម៉ូត។ កញ្ញាស្រីណេត លើកឡើងថា ខ្លួនមានការឈឺចាប់នៅពេលត្រូវគេចោទថាជាវៀតណាម ក្នុងពេលនៅកម្ពុជាក្រោម ត្រូវវៀតណាមហៅថាខ្មែរ តែពេលមកដល់ទីនេះខ្មែរគ្នាឯងបែរជាហៅថាជាវៀតណាមទៅវិញ។
ភាពឈឺចាប់នេះហើយ ធ្វើឱ្យកញ្ញាចង់ផ្លាស់ប្ដូរ និងមានសេចក្ដីក្លាហាន បោះជំហានដាក់ពាក្យប្រកួតប្រជែកក្នុងកម្មវិធី Miss Universe Cambodia ដើម្បីបង្ហាញពលរដ្ឋខ្មែរទាំងអស់ឱ្យស្គាល់ពីខ្មែរកម្ពុជាក្រោម និងបែងចែកឱ្យច្បាស់រវាងខ្មែរកម្ពុជាក្រោម និងវៀតណាម។ មួយវិញទៀតការចូលរួមប្រគួតនេះ ទោះបីជាកញ្ញាបានសិក្សាក្នុងសាលាត្រឹមកម្រិតវិទ្យាល័យក្ដី តែតាមរយៈកម្មវិធីនេះបាននាំសារទៅកាន់ស្ដ្រី និងក្មេងស្រី នៅខ្មែរក្រោម កុំឱ្យពួកគេបោះបង់ការសិក្សា និងមានសេចក្ដីក្លាហានក្នុងការដើរតាមក្ដីស្រម៉ៃរបស់ខ្លួន។ ក្រៅពីនេះ វត្តមានកញ្ញាជាប់ជាបវរកញ្ញាឯករងទី១នេះ នឹងបង្ហាញពីគំរូទៅដល់ពលរដ្ឋខ្មែរក្រោម កុំឱ្យកូនៗឈប់រៀន និងរៀបអាពាហ៍ពិពាហ៍ទាំងនៅវ័យក្មេង ហើយពួកគេនឹងបណ្ដុះឱ្យកូនៗរបស់ខ្លួន រៀនសូត្របានខ្ពង់ខ្ពស់ផងដែរ។
កញ្ញា ឆន ស្រីណេត៖ «អ៊ីចឹងខ្មែរក្រោមក៏សង្ឃឹមលើស្ដ្រីដែរ ដោយសារស្ដ្រីខ្មែរមានឆន្ទៈខ្ពស់ ដោយសារពួកគាត់កើតនៅក្នុងគ្រួសារក្រីក្រជាច្រើន ពួកគាត់តែងតែបោះបង់ការសិក្សាដូចថាស្ដាប់តាមឱពុកម្ដាយអ៊ីចឹងណា។ អ្នកខ្លះយកឈ្នះឧបសគ្គដើម្បីដើរតាមក្ដីស្រម៉ៃរបស់ពួកគាត់ អ្នកខ្លះក៏បោះបង់ចោល អ៊ីចឹងណេតអំពាវនាវកុំឱ្យបងប្អូនបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួនឯង យើងត្រូវតែតស៊ូក្ដាប់ក្ដីស្រម៉ៃរបស់ខ្លួនឯង»។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំងបានកាត់ទឹកដីកម្ពុជាក្រោមឱ្យទៅប្រទេសវៀតណាមគ្រប់គ្រង។ គិតមកពេលនេះ មានរយៈពេល ៧៦ឆ្នាំហើយ ដែលកម្ពុជាក្រោមបានក្លាយជាទឹកដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។
ក្រោយពីជាប់ជាបវរកញ្ញាឯករងទី១ហើយ សព្វថ្ងៃស្ដ្រីខ្មែរកម្ពុជាក្រោមរូបនេះ ទទួលបានឱកាសការងារជាអ្នកផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង ជាអ្នកសម្ដែងក្នុងបទចម្រៀង និងជាអ្នកលក់ដូរស្បែងជើងតាមអនឡាញផងដែរ។ ក្នុងការងារដែលកញ្ញា ស្រីណេត ទទួលថតផ្សព្វផ្សាយឱ្យមួយៗ មិនមែនសុទ្ធទទួលយកទាំងអស់ឡើយ មានការងារខ្លះទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងមានការងារខ្លះទៀត យកផលិតផលគ្រឿងសម្អាងដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ កញ្ញាបដិសេធមិនទទួលយកការងារទាំងនោះឡើយ។
កញ្ញា ឆន ស្រីណេត៖ «ទាក់ទងជាមួយគ្រឿងស្រា គ្រឿងអីហ្នឹង គឺណេតសុំមិនប្រ៉ូម៉ូតឱ្យទេ ទោះបីឱ្យតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ហើយជាពិសេសផលិតផលដែលមានជាតិ សារធាតុប៉ះពាល់ដល់សុខភាពប្រជាជនក៏ណេតអត់ប្រ៉ូម៉ូតទេ ហើយមុននឹងប្រ៉ូម៉ូតផលិតផលអីយើងក៏មើលច្បាស់ថាផលិតផលហ្នឹងមានផលប៉ះពាល់អីដល់ប្រជាជនយើងអត់ បានណេតប្រ៉ូម៉ូតដែរ។ ដោយសារយើងឃើញឥលូវមានផលិតផលក្លែងក្លាយច្រើន ហើយមិនមែនតែស្រុកយើងទេស្រុកគេក៏មានផលប៉ះពាល់ប្រជាជនច្រើនដែរអ្នកដែលល្បីឈ្មោះហើយប្រ៉ូម៉ូត អ៊ីចឹងណេតមានការប្រយ័ត្នមែនទែនក្នុងការប្រ៉ូម៉ូតអីក៏ដោយ»។
ឆ្លៀតក្នុងឱកាសនេះ កញ្ញាសង្ឃឹមថា វត្តមានរបស់ខ្លួន នឹងបង្ហាញឱ្យពិភពលោកដឹងថា ខ្មែរកម្ពុជាក្រោមគឺជាខ្មែរ ដែលនៅរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់និងភាសារបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។
កញ្ញា ឆន ស្រីណេត៖ «ណេតចង់បង្ហាញ និងផ្ដាំទៅកាន់បងប្អូនខ្មែរ មិនថាខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើនោះទេ ឱ្យពួកយើងចេះស្រលាញ់គ្នា ចេះសាមគ្គីគ្នា យើងជាពូជឈាមតែមួយទេ ហើយឱ្យចេះស្រលាញ់ជាតិឱ្យបានច្រើន»៕
អត្ថបទដោយ កញ្ញា ជា សុខនី