ពលរដ្ឋដែលមានលំនៅឋានក្នុងតំបន់អន្ទង់អាំង ខ្លះរត់គេចខ្លួន ខ្លះទៀតរស់នៅទាំងភ័យខ្លាច ដោយសារអាជ្ញាធរខេត្តពោធិ៍សាត់ ដាក់កម្លាំងចុះមកឱ្យពលរដ្ឋផ្ដិតមេដៃ និងរុះរើលំនៅឋានពួកគេចេញពីតំបន់នោះ ក្រោយរដ្ឋាភិបាលកំណត់តំបន់នោះឱ្យទៅជាតំបន់បៃតងឡើងវិញ។ អង្គការសិទ្ធិមនុស្ស សម្ដែងការបារម្ភជាខ្លាំង ចំពោះការដាក់កម្លាំងបណ្តេញប្រជាពលរដ្ឋចេញ ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពួកគេ។ លោក គីម ចាន់ចាវ
ក្ដីបារម្ភនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់សមាគមអាដហុក នៅថ្ងៃទី១៨ ខែមីនានេះប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ស្ថិតក្នុងបណ្ដេញចេញពីលំនៅឋានខ្លួន ក្រោយពីមានកងកម្លាំងនគរបាល និងអាជ្ញាធរនៃស្រុកវាលវែង បានចុះទៅបង្ខំឱ្យប្រជាពលរដ្ឋផ្តិតមេដៃ និងឱ្យទទួលយកការដោះដូរ ហើយប្រសិនបើមិនព្រម អាជ្ញាធរនឹងនាំយកគ្រឿងចក្រ ចូលទៅឈូសឆាយលំនៅឋានពួកគេចោល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។
សមាគមអាដហុក យល់ឃើញថា ចំណាត់ការនេះ អាចធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ហើយជាពិសេសប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ដូច្នេះសមាគមអាដហុក ទទូចស្នើដល់ អាជ្ញាធរ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល គួរធ្វើការពិចារណាឡើងវិញ ដោយប្រើប្រាស់យន្តការចរចាជាមួយប្រជាពលរដ្ឋ។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៨ ខែមីនានេះថា ដំណើរការរុះរើផ្ទះប្រជាពលរដ្ឋក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) អាជ្ញាធរចាប់ផ្ដើមរុះរើផ្ទះប្រជាពលរដ្ឋដែលសង់ពីឈឺជាមុនសិន ដោយនៅមិនទាន់យកគ្រឿងចក្រចូលទៅឈូសឆាយផ្ទះថ្មពលរដ្ឋនៅឡើយទេ។ ថ្វីត្បិតតែមានការរុះរើបែបនេះមែន តែពលរដ្ឋដែលប៉ះពាល់ដីធ្លី និងផ្ទះសម្បែង ពួកគេខ្លះរត់ចោលផ្ទះ ខ្លះទៀតបន្តការពារលំនៅឋានទាំងរស់នៅភ័យខ្លាច ដោយសារកងកម្លាំងនគរបាល និងអាជ្ញាធរនៃស្រុកវាលវែង ចុះមកបង្ខំពួកគេផ្តិតមេដៃ ដើម្បីចាកចេញពីលំនៅឋានរបស់ខ្លួន និងឱ្យទទួលយកការដោះដូរជាដើម។
លោក យិន ម៉េងលី៖ «ដំណើរការគឺអត់បានថយក្រោយទេ គឺដំណើរការទៅមុខហើយ អ៊ីចឹងយើងឃើញការថតរូប ត្រូវបានដកហូតទូរស័ព្ទមិនឱ្យមានការថតរូបទៀតទេ ការកាន់ទូរស័ព្ទក៏មិនអនុញ្ញាត ហើយមានការរឹតបន្ដឹងពលរដ្ឋទៅណាមានការសួរនាំ។អ៊ីចឹងសរុបមកមានមួយចំនួនបានរត់គេចចេញពីផ្ទះ ថយមករស់នៅបណ្ដោះអាសន្នសិនជាមួយអ្នកភូមិដីក្រហមដែរ ដែលឆ្ងាយពីលំនៅឋានរបស់ពួកគាត់នេះ»។
ពលរដ្ឋម្នាក់នៅតំបន់អន្ទង់អាំង សុំមិនបញ្ចេញឈ្មោះរៀបរាប់ទាំងទឹកភ្នែកថា បច្ចុប្បន្ននេះ អ្នកស្រីរត់គេចចេញពីលំនៅឋានរបស់ខ្លួន ដោយភ័យខ្លាចកងកម្លាំងអាជ្ញាធរចាប់ខ្លួនអ្នកស្រី ពីព្រោះតែការតវ៉ាដីធ្លី។ សព្វថ្ងៃនេះ កូនៗអ្នកស្រីកំពុងរស់នៅក្នុងលំនៅឋានដែលរងផលប៉ះពាល់នោះ ពួកគេស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ។
ការតវ៉ាដីធ្លីនេះ ដោយសារអ្នកស្រីមិនទទួលយកសំណងដោះដូរដីដែលអាជ្ញាធរផ្ដល់ជូនឡើយ ពីព្រោះដីដែលដោះដូរឱ្យ គឺនៅឆ្ងាយពីផ្លូវជាតិ ពិបាកក្នុងការប្រកបរបររកស៊ី មិនដូចដីនៅតំបន់អន្ទង់អាំង អ្នកស្រីនិងគ្រួសារ អាចរកចំណូលពីការលក់ផលដំណាំរបស់ខ្លួន។ អ្នកស្រីចាត់ទុកសំណងទាំងនោះ ផ្ដល់ជូនមិនសមរម្យ ពីព្រោះគ្មានសំណងផ្ទះសម្បែង គ្មានសំណងផលដំណាំដែលនៅលើដីដែលប៉ះពាល់នោះទេ។
ពលរដ្ឋម្នាក់ទៀតដែលរត់គេចខ្លួនដែរ រៀបរាប់ថា លោកបានចាកចេញពីលំនៅឋាននៅតំបន់អន្ទង់អាំង អស់រយៈពេល ២ថ្ងៃហើយ តាំងពីកម្លាំងសមត្ថកិច្ចចុះមកឱ្យពលរដ្ឋផ្ដិតមេដៃ និងរុះរើលំនៅឋានខ្លួនចេញពីតំបន់នោះ។ លោកបញ្ជាក់ថា បើមិនរត់ចេញពីលំនៅឋាននោះទេ នឹងត្រូវទទួលរងចំពោះមុខច្បាប់ ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយសារមិនរុះរើលំនៅឋានក្នុងតំបន់ដែលអាជ្ញាធរចាត់ទុកថាជាតំបន់អភិរក្សធនធានធម្មជាតិ។
ប្រសិនជាចាំបាច់ត្រូវការតំបន់នោះជាកន្លែងអភិរក្ស លោកថានឹងសហការជាមួយអាជ្ញាធរ ក្នុងលក្ខខណ្ឌផ្ដល់សំណងជូនឱ្យបានសមរម្យ ព្រោះជីវភាពក្នុងតំបន់អន្ទង់អាំងនេះ ជួបការខ្វះខាតស្រាប់ហើយ បើសិនដោះដូរទៅតំបន់ផ្សេងកាន់តែខ្វះខាតថែមទៀត។ ដូច្នេះការទាមទារសំណងនេះ មិនមែនទាមទារដើម្បីក្លាយជាអ្នកមាននោះទេ តែលោកសុំត្រឹមឱ្យអាជ្ញាធរជួយគិតសំណងផ្ទះសម្បែង និងសំណងផលដំណាំដែលអាស្រ័យផលទាំងនោះប៉ុណ្ណោះ។
យ៉ាងណា លោក យិន ម៉េងលី បញ្ជាក់ថា ការតវ៉ាដីធ្លីពលរដ្ឋ ដែលរស់នៅក្នុងតំបន់អន្ទង់អាំងនេះ មិនមែនជាកំហុសរបស់ពួកគេឡើយ ព្រោះអាជ្ញាធរមិនបានកំណត់តំបន់សម្រាប់ពលរដ្ឋដែលត្រូវចាកចេញឱ្យច្បាស់លាស់។ ដូច្នេះនៅពេលមិនបានកំណត់តំបន់ច្បាស់លាស់ នោះពលរដ្ឋគិតថាលំនៅឋានពួកគេ មិនរងផលប៉ះពាល់ឡើយ ហើយបញ្ហានេះសមាគមតែងតែលើកជូនទៅអាជ្ញាធរខេត្តពោធិ៍សាត់ ប៉ុន្តែមកដល់ពេលនេះអាជ្ញាធរខេត្តមិនទាន់កំណត់បង្គោលតំបន់ដែលតម្រូវឱ្យពលរដ្ឋចាកចេញនៅឡើយ។
លោក យិន ម៉េងលី។ រូបភាពអង្គការសង់ត្រាល់។
លោក យិន ម៉េងលី៖ «ខ្ញុំនៅតែយល់ឃើញនេះជាការបណ្ដេញពលរដ្ឋចេញដោយខុសច្បាប់ដដែល ព្រោះការបណ្ដេញនេះត្រូវយោងទៅលើឯកសារ យោងទៅលើលិខិតបទដ្ឋានគតិយុត្ត ហើយនៅពេលបណ្ដេញពលរដ្ឋដោយមិនមានយោងទៅលើអ្វីទាំងអស់ ហើយមានតែលិខិតនិយាយថាអត់ប៉ះពាល់តែប៉ុណ្ណឹង យើងមិនយល់ពីការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តពោធិ៍សាត់ដែរ»។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតមួយដោយជូនដំណឹងឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ដែលមានភូមិសាស្ត្រនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ធ្វើការរុះរើ និងចាកចេញពីតំបន់នេះ ដោយខ្លួនឯង ឱ្យបានតាមការកំណត់ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ ការចាត់វិធានការតាមផ្លូវច្បាប់នេះ ដោយសារតំបន់នោះ នឹងអភិរក្សឱ្យក្លាយទៅជាតំបន់បៃតង។
តាមរយៈលិខិតជូនដំណឹងនេះ រដ្ឋបាលខេត្ត បានកំណត់ពេល ១៥ថ្ងៃ ឱ្យពលរដ្ឋ ដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង។ ក្នុងករណីផុតពេលកំណត់ ពលរដ្ឋនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយត្រូវប្រឈមផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល តាមមាត្រា៨៥០ ដែលបានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី