en     km
en     km

តើការគេងថ្ងៃច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា?

Share

ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងតើការគេងថ្ងៃហួសកម្រិត អាចបង្កគ្រោះថ្នាក់ឬទេ? ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រសារព័ត៌មាន CNN ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!

តាមការសិក្សាថ្មីមួយបានបង្ហាញថា ការគេងពេលថ្ងៃអាចជួយរក្សាសុខភាពខួរក្បាលនៅពេលវ័យចាស់។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញផងដែរថា ការគេងពេលថ្ងៃហួសកំណត់ពេកក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ នេះបើយោងតាមការសិក្សារួមគ្នាមួយរវាងសកលវិទ្យាល័យប្រទេសអង់គ្លេងនិងប្រទេសអ៊ុយរ៉ាហ្គាយ ដែលបានផ្សាយលើសារព័ត៌មាន CNN ។

  រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNN

តាមការស្រាវជ្រាវពីសកលវិទ្យាល័យ College London (UCL)របស់អង់គ្លេស និងសកលវិទ្យាល័យនៃសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ បានបង្ហាញថា ការគេងថ្ងៃបានផ្សារភ្ជាប់ជាមួយសមត្ថភាពខួរក្បាលឱ្យកាន់តែប្រសើរជាងមុន រួមទាំងជួយបន្ថយហានិភ័យនៃជំងឺវង្វេង និងជំងឺផ្សេងៗមួយចំនួនទៀត។
ម៉្យាងវិញទៀត តាមការលើកឡើងរបស់អ្នកស្រាវជ្រាវបានបង្ហាញថា សម្រាប់មនុស្សមួយចំនួនដែលបានគេងថ្ងៃរយៈខ្លីប្រមាណ ៥ ទៅ ១៥ នាទីអាចជាផ្នែកមួយ ដែលអាចជួយថែរក្សាសុខភាពខួរក្បាលនៅពេលវ័យកាន់តែចាស់។
ដោយឡែក អ្នកស្រាវជ្រាវមិនមានព័ត៌មានជាក់លាក់នោះទេ អំពីរយៈពេលនៃការគេងថ្ងៃដែលល្អ ឬមានគ្រោះថ្នាក់ដល់សុខភាពនោះ។ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ការគេងថ្ងៃក្នុងរយៈដែលខ្លីពោលគឺ ពី ៥ ទៅ ១៥ នាទីអាចផ្តល់អត្ថប្រយោជន៍ជាច្រើន។

 

រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNN

គេហទំព័រសារព័ត៌មាន CNN ក៏បានបង្ហាញផងដែរថា ការគេងពេលថ្ងៃច្រើនជ្រុលក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានផងដែរ។ ដោយការស្រាវជ្រាវបានបង្ហាញថា ការគេងថ្ងៃក្នុងរយៈពេលយូរជាញឹកញាប់ អាចជាសញ្ញានៃជំងឺវង្វេងដំបូងចំពោះមនុស្សចាស់។
បើយោងតាមការសិក្សាដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ នេះបានបង្ហាញថា មនុស្សវ័យចំណាស់ដែលគេងថ្ងៃលើសពីមួយម៉ោងក្នុងមួយថ្ងៃ គឺអាចនឹងវិវត្តទៅជាជំងឺវង្វេងរហូតដល់ទៅ ៤០% បើធៀបនឹងអ្នកដែលមិនបានគេងពេលថ្ងៃ ឬអ្នកដែលគេងថ្ងៃតិចជាងមួយម៉ោងក្នុងមួយថ្ងៃ។

រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNN

ហើយនៅឆ្នាំ ២០២២ ដដែលការសិក្សាមួយបានរកឃើញទៀតថា មនុស្សដែលគេងថ្ងៃញឹកញាប់ គឺមានឱកាសខ្ពស់ក្នុងការកើតជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ ដោយអ្នកចូលរួមក្នុងការសិក្សាដែលតែងគេងពេលថ្ងៃច្រើនប្រមាណ ១២% ត្រូវបានរកឃើញថា ពួកគេងាយនឹងកើតជំងឺលើសឈាម និង ២៤% ទៀតទំនងជាមានជំងឺដាច់សរសៃឈាមខួរក្បាលបើធៀបនឹងមនុស្សដែលមិនគេងថ្ងៃសោះ។
ការគេងពេលថ្ងៃច្រើនម៉ោងពេក អាចជាមូលហេតុដែលនាំឱ្យលំបាកគេងពេលយប់ទៅវិញ។ មូលហេតុនេះហើយ ទើបអ្នកស្រាវជ្រាវវាយតម្លៃថា មនុស្សគេងថ្ងៃច្រើនពួកគេបែបជាគេងមិនបានគ្រប់គ្រាន់នៅពេលយប់វិញ ដែលប្រការនេះអាចនឹងធ្វើឱ្យសុខភាពកាន់តែខ្សោយ និងអាចជាមូលហេតុដែលបង្កបញ្ហាទាំងនោះ។
យោងតាមការលើកឡើង របស់អ្នកឯកទេសខាងដំណេកបានបង្ហាញដល់សារព័ត៌មាន CNN ថា សម្រាប់បុគ្គលមួយចំនួន ការគេងថ្ងៃច្រើនហួសកម្រិត អាចនឹងជាសញ្ញានៃជំងឺនៃបញ្ហាការគេងផងដែរ។ ហើយបញ្ហាការគេងនេះ ត្រូវបានផ្សារភ្ជាប់នឹងការកើនឡើងនៃភាពតានតឹង និងប៉ះពាល់ដល់អរម៉ូនដែលគ្រប់គ្រងទម្ងន់ ដែលធ្វើឱ្យមានជំងឺធាត់, មានសម្ពាធឈាមខ្ពស់, ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងមានកត្តាហានិភ័យនៃជំងឺបេះដូងជាដើម៕

Share

ព័ត៌មានទាក់ទង