en     km
en     km

នាទីសុខភាព៖អ្វីទៅជាជំងឺតេតាណូស?

Share

តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។ នេះដោយយោងតាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអ្នកជំងឺស្លាប់។

១) ភ្នាក់ងារបង្ករោគ៖

មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។

មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។

មេរោគតេតាណូសមានទ្រង់ទ្រាយ២៖

– ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគជាពិសេសពពួកអាល់កាឡាំង។

– ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំលាប់មេរោគ។

មេរោគតេតាណូសបញ្ចេញជាតិពុល២យ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាមនិងទឹករងៃរួចទៅភ្ជាប់និងកោសិកាប្រព័ន្ធប្រសាទរីឯ Tétanolysine ជួយសម្រួលការកើនឡើងនៃមេរោគតេតាណូស។

មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ បើទោះបីបួសនោះតិចតួចក្តី។

២) រយៈពេលបង្ករោគ៖

ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយរហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។

៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖

– ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើ៖ ពិបាកហាមាត់((Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើឱ្យឈ្លក់(Dysphagie avec risque de fausse route)។

– ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។

– ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើដៃបត់ចូលហើយរឹង។

– ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើជើងលាតសន្ធឹងត្រង់ហើយរឹង។

– ការកន្រ្ទាក់សាច់ដុំទ្រូងនិងសន្ទះទ្រូងធ្វើអ្នកជំងឺពិបាកដកដង្ហើម។

– រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។

– មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។

៤) វិធានការការពារ៖

ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖

– ចាក់ថ្នាំបង្ការតេតាណូស(Vaccination antitétanique) ឱ្យបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។

– ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖

  • ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
  • ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។

ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូស អ្នកត្រូវ ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។

អត្ថបទ៖សៃ ចន្ធី

Share

ព័ត៌មានទាក់ទង