បណ្ដាញសង្គមហ្វេសប៊ុក អង្គភាពរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខបដិសេធនូវការលើកឡើងរបស់ស្ថានប័នព័ត៌មានមួយដែលថា រាជរដ្ឋាភិបាលផ្ដល់លុយចំនួន៥០០ដុល្លា ដល់ទៅពលរដ្ឋ ដោយគ្រាន់តែចុចចូលតំណភ្ជាប់(Link)។
ការប្រកាសបដិសេធនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការចុះផ្សាយនោះ ចែកចាយលើបណ្ដាណសង្គមតេឡេក្រាម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចតំណភ្ជាប់នេះឱ្យសោះ។ អង្គភាពនេះបញ្ជាក់ថា អាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម ឬហ្វេសប៊ុក របស់យើង ឬអាចជាមេរោគក៏ថាបាន។
គួរជម្រាបថា កាលពីខែកញ្ញា កន្លងទៅ បណ្ដាញសង្គមហ្វេសប៊ុករបស់រាជរដ្ឋាភិបាលមួយចំនួនត្រូវបានក្រុម Hacker លួចយកទៅប្រើប្រាស់ផងដែរ ដូចជា ផេកទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយករដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាដើម ត្រូចបានយកទៅផុស និងប្ដូររូបភាពទៅជារូបភាពផ្សេងពីស្ថាប័នរដ្ឋ។
លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានថ្មី បានដាក់គោលដៅធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ៕