en     km
en     km

មន្រ្តីរដ្ឋាភិបាលប្រតិកម្មទៅអ្នកប្រើបណ្តាញសង្គមម្នាក់ករណីគ្រងឯកសណ្ឋានទ័ពសម្ដែងវីដេអូបំបាក់ទឹកចិត្តទាហាន

Share

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនបានប្រតិកម្មតបទៅនឹងអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ដែលគ្រងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តទាហាន ដោយផ្សាយព័ត៌មានក្លែងក្លាយ។ សម្រាប់ថ្នាក់ដឹកនាំនិងមន្រ្តីកម្ពុជាចាត់ទុកទង្វើរបស់សកម្មជនប្រឆាំង អែម ពិសិដ្ឋ ដែលកំពុងជ្រកកោនលើទឹកដីថៃថា មានចរិតញុះញង់បង្កឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ពដែលកំពុងឈរជើងការពារព្រំដែន និងធ្វើឱ្យសាធារណជនយល់ច្រឡំ។

លោក រឿន សុភាន់ ជូនសេចក្តីរាយការណ៍

បន្ទាប់ពីបុគ្គលឈ្មោះ អែម ពិសិដ្ឋ ដែលត្រូវបានដឹងថា ជាសកម្មជនបក្សប្រឆាំងកំពុងរស់នៅលើទឹកដីថៃ បានស្លៀកពាក់គ្រងឯកសណ្ឋានកងទ័ព​ ហើយបានប្រើពាក្យសម្តីបែបឌឺដងពីការចូលបម្រើទ័ពនោះ នៅថ្ងៃនេះសារប្រតិកម្មជាច្រើនរាប់ចាប់តាំងពីនាយករដ្ឋមន្រ្តី អតីតនាយករដ្ឋមន្រ្តីនិងមន្រ្តីមួយចំនួនទៀត បានថ្កោលទោសចំពោះទង្វើរបស់លោក អែម ពិសិដ្ឋ ថាបានបង្កការញុះញង់ឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ព។

សាររបស់លោក អែម ពិសិដ្ឋ ដែលបានបង្ហោះលើគណនី Tik Tok ឈ្មោះ: “Amy Richard310” និង ហ្វេសប៊ុក ឈ្មោះ Piseth PGEM ដែលមន្រ្តីកម្ពុជាចាត់ទុកថា មានចរិតញុះញង់បំបាក់ទឹកចិត្តកងទ័ពនោះមានខ្លឹមយ៉ាងដូច្នេះថា៖។

ក្រឡេកមកមើលសារដំបូងនោះគឺសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ សម្តេចបានបង្ហោះលើទំព័រហ្វេសប៊ុកដោយសរសេរថា មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ក៏ប៉ុន្តែនៅពេលប្រទេសជាតិប្រឈមការគំរាមកំហែងពីអ្នកផ្សេង បែរជាខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សពផ្សាយព័ត៌មានរបស់អ្នកផ្សេង វាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។ សម្តេចចាត់ទុកព័ត៌មានទាំងនោះជាព័ត៌មានមិនពិត និងជាព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយមួយចំនួន បានរៀបចំឡើងវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិ ពិសេសទឹកចិត្តកងទ័ព។

សម្តេចដាក់ជាសំណួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងល់ មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?

បន្ទាប់ពីសាររបស់នាយករដ្ឋមន្រ្តីគឺសាររបស់អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាវិញម្តងនោះគឺសម្តេច ហ៊ុន សែន។ សម្តេច ហ៊ុន សែន បានបង្ហោះរូបភាពរបស់ អែម ពិសិដ្ឋ អបជាមួយសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ ដោយសម្តេចសរសេរសារក្នុងន័យដើមថា«អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ សម្តេចបន្តថា ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។

ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ក្រៅពីថ្នាក់ដឹកនាំធំៗទាំងពីខាងលើ បញ្ហានេះក៏ត្រូវបានមន្រ្តីរដ្ឋាភិបាលជាច្រើនប្រតិកម្មដូចគ្នា។

តាមរយៈសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថាប័នទាំងពីរនេះ បានបង្ហាញអត្តសញ្ញាណរបស់បុគ្គលខាងលើដែលមានដើមកំណើតនៅខេត្តកំពង់ចាម និងសព្វថ្ងៃមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ។

ស្ថាប័នប៉ូលីសខាងលើ បញ្ជាក់ទៀតថា​ ឈ្មោះ អែម ពិសិដ្ឋ ធ្លាប់បានបង្ហោះសារប្រឌិតអវិជ្ជមានបែបនេះក្នុងគោលបំណងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ អគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងរថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកបុគ្គលនេះ ដើម្បីនាំមកអនុវត្តតាមនីតិវិធីច្បាប់៕

 

Share

ព័ត៌មានទាក់ទង