ភ្នំពេញ៖នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ទាំងរដ្ឋាភិបាល ទាំងព្រឹទ្ធសភានិងរដ្ឋសភា ព្រមជាមួយគណបក្សជំនាស់ក្រៅរដ្ឋាភិបាលមួយចំនួន សុទ្ធតែបានបង្ហាញជំហរនិងឆន្ទៈដូចគ្នាគាំទ្រឱ្យលើកយកបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ជម្លោះព្រំដែនលើកនេះ ទាំងរដ្ឋាភិបាលនិងបក្សប្រឆាំងសុទ្ធតែយល់ថា មានតែយន្តការដោះស្រាយរបស់តុលាការអន្តរជាតិនោះទេ ទើបអាចបញ្ឈប់បញ្ហាព្រំដែននិងបញ្ចប់ការឈ្លានពានពីប្រទេសជិតខាងបាន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ជារឿងមួយកម្រ តែវាបានកើតឡើងក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងប្រឈមស្ថានភាពតឹងតែងករណីព្រំដែនជាមួយប្រទេសថៃជាថ្មី នោះគឺគណបក្សដែលធ្លាប់ប្រឆាំងរិះគន់រដ្ឋាភិបាល បានបង្ហាញឆន្ទៈនិងជំហរដូចគ្នា ដោយគាំទ្រលើកយកបញ្ហាជម្លោះព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភានៅព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២៥។រូបភាពពីតេឡេក្រាមសម្តេច។
សេចក្តីថ្លែងការណ៍រួមរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញបន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភានៅព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានសម្រេចជាឯកឆន្ទក្នុងសំឡេង១៨២លើ១៨២ គាំទ្រឱ្យយកបញ្ហាព្រំដែនជាមួយថៃទៅតុលាការអន្តរជាតិក្រុងឡាអេ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បក្សជំទាស់ទាំងពីរ ក៏យល់ឃើញស្របគ្នាថា មានតែយន្តការអន្តរជាតិតែមួយគត់ ទើបអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ ក៏ដូចជាទប់ស្កាត់ការឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង។
ម្លោះហើយ បក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ គាំទ្ររដ្ឋាភិបាលនាំយកករណីប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ និងបញ្ឈប់បញ្ហាព្រំដែនជាមួយនឹង ប្រទេសថៃ។
មិនត្រឹមតែប៉ុណ្ណោះ បក្សទាំងពីរ ក៏អំពាវនាវឲ្យមានការឯកភាពជាតិតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងដើម្បីពង្រឹងស្មារតីជាតិនិយមលើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ា រីស ឆ្នាំ១៩៩១ និងរដ្ឋធម្ម នុញ្ញ។
ដោយឡែក កម្លាំងជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាលរិះគន់មិនសំចៃមាត់ដែលនោះ ក៏ចេញសេចក្តីថ្លែងការណ៍គាំទ្រដូចជាគ្នាទៅនឹងបក្សទាំងពីរខាងលើ។ គណបក្សកម្លាំងជាតិតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនយល់ថា ព្រឹត្តិកាណ៍ផ្ទុះអាវុធដែលបានបង្កឡើងដោយភាគីកងទ័ពថៃក្នុងដែន អធិបតេយ្យភាពប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រទេសជិតខាងមួយចំនួននៅតែចិញ្ចឹមចិត្តក្នុងការឈ្លានពាន លេបយកទឹកដីកម្ពុជា ដែលមានតាំងពីអតីតកាល។ តាមរយៈព្រឹតិ្តការណ៍នេះ បានរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយមិនត្រូវ ភ្លេចខ្លួន និងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង។
សូមជម្រាបថា នៅក្នុងអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើកទី១ កាលពីព្រឹកមិញប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានប្រកាសឱ្យមានការចេញសេចក្តីថ្លែងការណ៍គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជា យកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។
អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភានៅព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២៥។រូបភាពពីតេឡេក្រាមសម្តេច។
សម្តេចទាំងពីរសង្កត់ធ្ងរថា ទោះបីជាភាគីថៃមិនឯកភាពលើកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែប្តឹងទៅតុលាការICJតតែបាន។
សម្តេច ហ៊ុន សែន បញ្ជាក់ថា មានតែយន្តការដោះស្រាយរបស់តុលាការទីក្រុងឡាអេតែប៉ុណ្ណោះ ទើបអាចឱ្យប្រជាជននិងរដ្ឋាភិបាលប្រទេសនីមួយៗស្ងប់ចិត្ត លើការបញ្ចប់បញ្ហារសើបនៅតាមព្រំដែនបាន។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជាបានជូនលិខិតទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា ដោយថ្កោលទោសទង្វើរបស់ទាហានថៃ ដែលបានបាញ់ប្រហារមកលើទាហានកម្ពុជាដែលឈរជើងស្របច្បាប់លើទឹកដីកម្ពុជា បណ្តាលឱ្យបាត់បង់អាយុជីវិតទាហានខ្មែរមួយរូបគឺលោក សួន រ៉ោន កាលពីថ្ងៃទី២៨ ខែឧសភា។
រាជរដ្ឋាភិបាលកម្ពុជា សម្តែងការតវ៉ា នឹងចាត់ទុកការវាយប្រហារដោយអាវុធរបស់កងទ័ពថៃ ជារឿងយ៉ាងអយុត្តិធម៌ និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
តាមរយៈក្រសួងការបរទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់៕