en     km
en     km

សង្គ្រាមពាណិជ្ជកម្មពិភពលោកនឹងអាចកើតឡើង ក្រោយលោក Trump ដំឡើងពន្ធទំនិញ

Share

រដ្ឋបាលលោក Trump សម្រេចដាក់គំនាបលើប្រទេសមួយចំនួនតាមរយៈការដំឡើងថ្លៃពន្ធនាំចូលជាធរមាន ដោយចាប់អនុវត្តពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះតទៅ។ ថ្វីបើទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមានភាពរកាំរកូស រងការគំរាមកំហែងចង់សងសឹក និងមានអ្នកទទូចឱ្យលោក Donald Trump ប្រធានាធិបតីអាមេរិក ដកចេញនូវការដំឡើងពន្ធក៏ដោយ ក៏លោក Trump នៅតែបង្ហាញជំហរមិនបោះបង់ចោលនូវការសម្រេចចិត្តនេះឡើយ។ លោកអះអាងថា នេះគឺជាការស្តារភាពយុត្តិធម៌ទៅដល់សហរដ្ឋអាមេរិកក្រោយមានការកេងប្រវ័ញ្ចជាច្រើនបានកើតមានឡើង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

ទំនិញ​មក​ពី​ប្រទេស​ចិន ត្រូវបង់​ពន្ធ​យ៉ាង​ហោច​ណាស់ ​១០៤%នៃតម្លៃទំនិញទៅឱ្យរដ្ឋបាលលោក Trump ដែលនេះគឺជាការបង់​ពន្ធ​ខ្ពស់​ជាងគេ ក្រោយ​ចិនបានបកមកសងសឹកនឹងសហរដ្ឋអាមេរិកតាមរយៈការដាក់ពន្ធ ៣៤%ទៅលើទំនិញនាំចូលពីសហរដ្ឋអាមេរិកមកកាន់ប្រទេសចិនកាលពីថ្ងៃអង្គារ។ អ្នកវិភាគមួយចំនួនយល់ថា កត្តានេះអាចធ្វើឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែស៊ីជម្រៅ ខណៈប្រទេសមួយចំនួនផ្សេងទៀតក៏មិនពេញចិត្តនឹងការសម្រេចនេះ។

ទំហំនៃការដាក់ពន្ធនាំចូលនេះមានចាប់ពី ១១% ដល់ទៅ ៥០% ដែលធ្វើឡើងទៅតាមប្រទេសមួយចំនួន។ ក្នុងនោះប្រទេសម៉ិកស៊ិក និងកាណាដា ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក៏រងផលប៉ះពាល់ផងដែរ។  សហភាព​អឺរ៉ុប​ត្រូវ​បាន​វាយ​ប្រហារ​តាមរយៈ​ពន្ធ​នាំ​ចូល​ ២០%, ចិន ៣៤%, ជប៉ុន ២៤%, វៀតណាម ៤៦% និង​កូរ៉េ​ខាង​ត្បូង ២៥%។ ប្រទេស​ឡេសូតូ ដែល​នៅអាហ្វ្រិកខាងត្បូង ​បានទទួល​រង​នូវ​​អត្រា​ពន្ធ​គយបដិការខ្ពស់ជាងគេ ៥០ ភាគរយ បន្ទាប់មក កម្ពុជា (៤៩ ភាគរយ) ឡាវ (៤៨ ភាគរយ) វៀតណាម (៤៦ ភាគរយ)​​ និងថៃ (៣៦ ភាគរយ) រួមជាមួយ​ប្រទេស និងដែនដីផ្សេងទៀត សរុបទាំងអស់ ១៨០ ​ជុំវិញ​ពិភពលោក។

តាមការចុះផ្សាយរបស់សារព័ត៌មាន CNN ដដែល មិនមាន​ប្រទេសណាមួយដែលជាប់ក្នុងបញ្ជី​របស់លោក Trump ត្រូវបាន​លើកលែង ឬបន្ធូរបន្ធយអត្រាពន្ធគយថ្មីនោះទេ ទោះបីជាមាន​ការចរចា សំណើដោះស្រាយ និងការចាត់វិធានការសងសឹកបែបណាក៏ដោយ ដែលធ្វើឱ្យ​ភាពស្រពិចស្រពិល និងជម្លោះពាណិជ្ជកម្មសកល កាន់តែអាក្រក់ឡើង៕

Share

ព័ត៌មានទាក់ទង