មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានរកឃើញបង្គាស្រស់មួយចំនួនដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាមមានចាក់សារធាតុគីមីហាមឃាត់ ក្រោយធ្វើតេស្ដបឋមបន្ទាប់ពីស្ទាក់ឃាត់ការនាំចូលតាមរថយន្ដមួយគ្រឿង។
មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តណ្ដាល សហការជាមួយនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានត្រួតពិនិត្យ និងធ្វើតេស្តបឋមលើផលិតផល ត្រីញៀនក្លាសេ និងបង្គាស្រស់មួយចំនួនដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ដឹកដោយរថយន្ដតួរីសពណ៌សមួយគ្រឿង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ទើបរកឃើញបង្គាស្រស់ក្លាសេ ដែលផ្ទុកសារធាតុគីមីហាមឃាត់នេះ។
បង្គាស្រស់ទាំងនេះមានចាក់បន្ថែមនូវសារធាតុហាមឃាត់ និងការដឹកជញ្ជូនផលិតផលទាំងនោះមិនមានលិខិតអនុញ្ញាតនាំចូល និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ក្រោយការពិនិត្យ និងមានការឯកភាពពី ព្រះរាជអាជ្ញា មន្រ្តីជំនាញបានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះភ្លាមៗជៀសវាងបង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ។ នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕