en     km
en     km

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវឃុំខ្លួនក្នុងពន្ធនាគារក្រោយបញ្ជូនពីរុស្ស៊ីមកកម្ពុជាវិញ

Share

ភ្នំពេញ៖ លោក ហេង សិទ្ធី អតីតឧកញ៉ាម្នាក់ធ្លាប់រកស៊ីវិស័យអចលនទ្រព្យ និងធ្លាប់លាតត្រដាងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលថាប្រព្រឹត្តអំពើពុករលួយ ត្រូវសាលាដំបូងឃុំខ្លួនក្នុងពន្ធនាគារព្រៃស ក្រោយបញ្ជូនពីប្រទេសរុស្ស៊ី មកកម្ពុជាវិញ។ យ៉ាងណាការឃុំខ្លួននេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ស្នើឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតលើរឿងដែលលោក ហេង សិទ្ធី បានលាតត្រដាង ចៀសវាងកុំឱ្យករណីនេះ ត្រូវអ្នករិះគន់យកមកវាយប្រហាររដ្ឋាភិបាល។ កញ្ញា កែវ សុជាតា ជូនសេចក្តីការណ៍

 

 

ការឃុំខ្លួនអតីតឧកញ៉ារូបនេះ ក្រោយពីលោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរលោក ហេង សិទ្ធី ដែលត្រូវបានបញ្ជូនពីប្រទេសរុស្ស៊ីមកកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ដោយរងបទចោទពីបទ «គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស»។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

លោក ហេង សិទ្ធី ត្រូវសមត្ថកិច្ចប្រទេសរុស្ស៊ីចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ ការចាប់ខ្លួននេះ យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសថា សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ លិខិតដដែលបញ្ជាក់ថា ការចាប់ខ្លួននេះ ដោយលោក ហេង សិទ្ធី រងបទចោទពីបទគំរាមកំហែងកំហែកកេរ្តិ៍ស្ថានទម្ងន់ទោសប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហេង សិទ្ធី រូបភាពពីហ្វេសប៊ុកលោក។

នៅមុន ២ថ្ងៃ ដែលត្រូវគេចាប់ខ្លួន លោក​ ហេង សិទ្ធី បានចេញសារសំឡេងលាតត្រដាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា សូមឱ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត ជ្រាបថា មេខ្លោងដែលនៅពីក្រោយល្បែងអនឡាញខុសច្បាប់ ការជួញដូរមនុស្ស និងការប្រព្រឹត្តឧក្រិដ្ឋកម្មនានា គឺជាមន្ត្រីមួយចំនួនដែលបម្រើការងារនៅក្នុងក្រសួងមហាផ្ទៃ និងជាសាច់ញាតិនាយករដ្ឋមន្ត្រី។ ក្នុងនោះលោកស្នើឱ្យនាយករដ្ឋមន្ត្រីស៊ើបអង្កេត និងបញ្ជាក់ឈ្មោះចំៗ មានដូចជា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ថេត អគ្គស្នងការនគរបាលជាតិ លោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

ក្រៅពីចង្អុលប្រាប់ឈ្មោះចំៗទៅលើបុគ្គលដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលហើយ លោក ហេង សិទ្ធី ក៏បានលើកឈ្មោះមេខ្លោងធំម្នាក់ទៀតដែលជាដៃគូរកស៊ីជាមួយអ្នកវិនិយោគិនជនជាតិចិនឈ្មោះលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។

ប៉ុន្តែការលាតត្រដាងរបស់លោក ហេង សិទ្ធី ត្រូវបានថ្នាក់ដឹកនាំទាំងនោះ ច្រានចោល និងអះអាងថា ជារឿងមិនពិត។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ការចាប់ខ្លួនលោក ហេង សិទ្ធី មិនពាក់ព័ន្ធនឹងការនិយាយលាតត្រដាងទាំងនោះឡើយ តែដោយសារលោក សិទ្ធី រងបណ្ដឹងផ្សេងៗពីអ្នកវិនិយោគទុន ទើបមានដីកាចាប់ខ្លួន។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែឧសភាថា លោក ហេង សិទ្ធី ជាប់ឃុំនេះ ពាក់ព័ន្ធនឹងករណីអ្វីខ្លះ ត្រូវអាស្រ័យទៅលើសមត្ថកិច្ច ធ្វើការស៊ើបអង្កេតជាមុនសិន។ ប៉ុន្តែករណីដែលលោកចាប់អារម្មណ៍ក្នុងនាមជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស មើលឃើញថា លោក ហេង សិទ្ធី បានបញ្ចេញព័ត៌មានជាច្រើននៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងអំពើពុករលួយរបស់មន្ត្រីមួយចំនួន ដែលត្រង់ចំណុចនេះ លោកស្នើឱ្យអាជ្ញាធរគួរបើកការស៊ើបអង្កេតលើរឿងដែលលោក ហេង សិទ្ធី បានលាតត្រដាង។

 

លោក អំ សំអាត៖ «ករណីហ្នឹងនិយាយទៅយើងគ្រាន់តែជាអ្នកតាមដាន ប៉ុន្តែសាច់រឿងពិតប្រាកដយើងមិនទាន់ដឹង អ៊‌ីចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល ស្នើសុំឱ្យមានការអង្កេតដោយតម្លាភាព និងយុត្តិធម៌ទៅលើករណីទាំងអស់ហ្នឹង ហើយក៏ស៊ើបអង្កេតផងដែរទៅលើអ្វីដែលលោក ហេង សិទ្ធី បានលើកឡើងនាពេលកន្លងមក។ បើយើងមើលទៅដោយសាររឿងបញ្ចេញមតិ និងចោទប្រកាន់ទៅលើបុគ្គលមួយចំនួន ឬមន្ត្រីមួយចំនួន ពាក់ព័ន្ធនឹងអំពើពុករលួយ ក៏ជារឿងមួយនាំឱ្យមានការចោទប្រកាន់លោក ហេង សិទ្ធីនេះផងដែរ»។

ដោយឡែក លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរបញ្ជាក់ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមថា លោក ហេង សិទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» តាមបញ្ញត្តិនៃមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ ហើយអង្គហេតុនៃបទល្មើសនេះ ប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមអ្នកនាំពាក្យរូបនេះ មិនបញ្ជាក់អង្គហេតុ ពាក់ព័ន្ធនឹងបទចោទមកលើលោក ហេង សិទ្ធី ឡើយ ប៉ុន្តែលោកបែរជាឆ្លើយថា បច្ចុប្បន្ននេះ សំណុំរឿងលោក ហេង សិទ្ធី កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលនឹងធ្វើការស៊ើបអង្កេត និងបន្តចំណាត់ការផ្សេងទៀត តាមនីតិវិធី និងច្បាប់ជាធរមាន។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទលើលោក ហេង សិទ្ធី មកដល់រសៀលថ្ងៃទី២៦ ខែឧសភានេះ មិនមានការឆ្លើយតបពីលោកនៅឡើយ។

លោក ហេង សិទ្ធី ត្រូវព្រះមហាក្សត្រ​ដក​គោរមងារ​អ្នក​ឧកញ៉ា កាលពី​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២៤ តាម​សំណើ​របស់​​នាយក​រដ្ឋមន្ត្រីសម្ដេច ហ៊ុន ម៉ាណែត។ ក្រោយពីបញ្ចប់គោរមងារ​អ្នក​ឧកញ៉ា លោក ហេង សិទ្ធី ក៏រងបណ្ដឹង​ពីជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ ភឿ ហ្គិកសេង (Phua Gek Seng) បានប្ដឹងអតីតឧកញ៉ារូបនេះពីបទ​បរិហារកេរ្តិ៍ និង​គំរាម​កំហែង​ទារ​ប្រាក់​ចំនួន ២លាន​ដុល្លារ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង