en     km
en     km

អតីតសហជីពរោងចក្រសេងបូ ហ្គាមិន មានជីវភាពលំបាក ដោយតុលាការមិនទាន់ជម្រះក្ដីជាមួយក្រុមហ៊ុន

Share

អ្នកស្រី រឿន កូលាប ជាអតីតប្រធានសហជីពការពារសិទ្ធិកម្មករនៅក្នុងក្រុមហ៊ុនសេង​បូ​ ហ្គា​មិន ស្នើឱ្យតុលាការពន្លឿនជួយដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយសារជីវភាពអតីតសហជីពរូបនេះ កាន់តែលំបាក ក្នុងពេលវិវាទការងារនេះអូសបន្លាយជាង ១ឆ្នាំ មិនទាន់មានដំណោះស្រាយ។ យ៉ាងអតីតសហជីពរូបនេះ នៅតែទាមទារដាច់ខាតឱ្យក្រុមហ៊ុនទទួលខ្លួនចូលធ្វើការវិញ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ក្រុមហ៊ុន សេង​បូ​ហ្គា​មិន​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​បញ្ឈប់អ្នកស្រី រឿន កូលាប ពីការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមហេតុផលថា អ្នកស្រី កូលាប មិនបានបំពេញការងារឱ្យ​គ្រប់​ចំនួន​កំណត់​តាម​តម្រូវ​ការ​របស់​ក្រុមហ៊ុន​។ វិវាទការងារនេះ ត្រូវបានប្ដឹងផ្ដល់តាមរយៈប្រព័ន្ធតុលាការ ដែលតុលាការ បើកសវនាការជំនុំជម្រះក្ដីចំនួន ៦លើក ប៉ុន្តែ ៣លើកចុងក្រោយនេះ គឺភាគីក្រុមហ៊ុនអវត្តមាន មិនបានចូលរួមក្នុងសវនាការជំនុំជម្រះក្ដីឡើយ។

អ្នកស្រី រឿន កុលាប អតីតប្រធានសហជីពការពារសិទ្ធិកម្មករនៅក្នុងក្រុមហ៊ុនសេង​បូ​ ហ្គា​មិន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២ ខែធ្នូនេះថា តាំងពីសវនាការ ៣លើក ដែលលើកចុងក្រោយនេះ ប្រព្រឹត្តទៅខែសីហាកន្លងមក គឺភាគីក្រុមហ៊ុនតែងតែអវត្តមាន ប៉ុន្តែតុលាការខេត្តកំពង់ស្ពឺ ហាក់ដូចជាស្ងប់ស្ងាត់មិនមានសកម្មភាពអ្វីដើម្បីជំរុញឱ្យភាគីក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយវិវាទការងារនេះឡើយ។ យ៉ាងណាការអវត្តមានរបស់ភាគីក្រុមហ៊ុនកន្លងមក តុលាការខេត្តកំពង់ស្ពឺប្រាប់អ្នកស្រីថា ក្រុមហ៊ុន សេង​បូ​ ហ្គា​មិន មិនមានរដ្ឋបាល ហើយម្ចាស់ក្រុមហ៊ុនដែលជាជនជាតិចិន ក៏បានដូរមកម្ចាស់ថ្មី ដូច្នេះជាហេតុធ្វើឱ្យភាគីក្រុមហ៊ុនអវត្តមានក្នុងសវនាការ។

អតីតសហជីពរូបនេះយល់ថា ហេតុផលទាំងនេះគ្រាន់តែជាលេសរបស់ភាគីក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែការពិតក្រុមហ៊ុននេះគេចវេសមិនចង់ចូលខ្លួនមកដោះស្រាយបញ្ចប់វិវាទការងារនេះជាមួយអ្នកស្រី ពីព្រោះទោះបីមិនមានរដ្ឋបាលក្ដី តែអ្នកស្រីជឿថាម្ចាស់ក្រុមហ៊ុននេះ គឺនៅដដែលទេ មិនមានការផ្លាស់ប្ដូរម្ចាស់គ្រប់គ្រងថ្មីឡើយ។

អ្នកស្រី រឿន កូលាប។ រូបភាពពីហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)។

អ្នកស្រី រឿន កូលាប៖ «ខ្ញុំនៅតែទាមទារឱ្យខាងក្រុមហ៊ុនលើកខ្ញុំចូលធ្វើការ ហើយនិងផ្ដល់នៅប្រាក់រំលឹកឱ្យខ្ញុំចាប់តាំងពីពេលដែលបញ្ឈប់ខ្ញុំរហូតមកដល់ពេលនេះអ៊‌ីចឹង ប៉ុន្តែខាងក្រុមហ៊ុនបានផ្ដល់ចម្លើយមកវិញដោយប្រើពាក្យដាច់ខាតថាមិន​ឱ្យខ្ញុំចូលធ្វើការទេ តែបើខ្ញុំទារប្រាក់សំណងគេឱ្យ តែគេមិនឱ្យខ្ញុំចូលទេ»។

ទោះជាក្រុមហ៊ុននេះគេចវេសក្ដី អ្នកស្រីក៏នៅតែបន្តមិនបោះបង់ការប្ដឹងផ្ដល់ទៅកាន់ក្រុមហ៊ុនសេង​បូ​ ហ្គា​មិនឡើយ ហើយអ្នកស្រីជឿថាតុលាការខេត្តកំពង់ស្ពឺ នឹងជួយពន្លឿនដំណើរការរឿងក្ដីវិវាទការងារនេះឱ្យឆាប់បញ្ចប់ ពីព្រោះបើអូសបន្លាយពេលបន្តទៀត គឺប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសារអ្នកស្រីកូលាប។

អ្នកស្រី រឿន កូលាប៖ «ខ្ញុំមានតែសំណូមពរឱ្យរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធការងារហ្នឹង សូមឱ្យគាត់ចេះជួយមើលនៅតាមរោងចក្រហ្នឹងឱ្យខ្ញុំផង ដើម្បីឱ្យគាត់គិតគូរដំណើររឿងក្ដីខ្ញុំបន្ថែមឱ្យឆាប់រហ័សបន្តិចទៅ សម្រាប់ខ្ញុំបើថាគាត់គិតគូរដោះស្រាយយ៉ាងណាយ៉ាងណាទេឱ្យគាត់បានចូលក្នុងរោងចក្រមកយើងបានចរចាគ្នាស្អាត ចូលទៅតុលាការទៅយើងបានដោះស្រាយគ្នាម្ដងទៀតថាសឱ្យដឹងស ថាខ្មៅឱ្យដឹងខ្មៅ តែប៉ុណ្ណឹងទៅខ្ញុំអស់ចិត្តហើយ កុំឱ្យតែអាចាញ់មិនដឹងចាញ់អាឈ្នះក៏មិនដឹងឈ្នះ។ បើនិយាយពីចិត្តខ្ញុំ ខ្ញុំមិនចង់អីរញ៉េរញ៉ៃអីបន្តតទៅទៀតទេ វាគ្មានទៅប្រយោជន៍អីណាប៉ុន្មានទេ យើងខំជួយខំចូកអីតែឯងៗដល់តែពេលកម្មករគាត់ថាយើង គេសើចចំអកយើងថាយើងមិនដឹងថាប្រឹងធ្វើស្អី? វាអត់ផ្ដល់កម្លាំងចិត្តឱ្យយើងផង»។

លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រាប់វិទ្យុស្ដ្រីដែរថា ប្រសិនជាខាងតុលាការ ឬភាគីពាក់ព័ន្ធ នៅតែបន្តមិនជួយរកយុត្តិធម៌ លើករណីអ្នកស្រី កូលាប ជាមួយនឹងក្រុមហ៊ុនទេ គឺផលប៉ះពាល់ខ្លាំងបំផុតទៅលើក្រុមគ្រួសាររបស់អ្នកស្រី កូលាប។ ក្រៅពីគ្រួសាររបស់អ្នកស្រី កូលាប គឺនឹងប៉ះពាល់ដល់សហជីពសេរីនៅក្នុងរោងចក្រផ្សេងទៀត ដែលការពារ​សិទ្ធិជូនកម្មករ អាចត្រូវបានថៅកែរោងចក្រ ប្រើលេសបែបនេះដដែល ដើម្បីបញ្ឈប់សហជីពទាំងនោះ ប្រសិនជាក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ បន្តមិនជួយរកយុត្តិធម៌។

លោកស្រី ទូច សើ៖ «ចំពោះខាងខ្ញុំវិញគឺនៅតែបន្តនៅតែដើរដំណើរឆ្ពោះទៅមុខ ដើម្បីរកយុត្តិធម៌ឱ្យគាត់ មិនមែនតែចំពោះតែគាត់មួយទេ ប្រសិនជាយើងរកយុត្តិធម៌ យើងឃើញហើយជាក់ស្ដែងនៅក្នុងស្រុកយើង រោងចក្រណាដែលមានសហជីពរបស់ប្រជាធិបតេយ្យគាត់ការពារសិទ្ធិកម្មករ គឹរោងចក្រអត់ចង់ឱ្យមាន គឺថៅកែ រឹតមិនចង់ឱ្យមាន។ តែប្រសិនជារោងចក្រណារបស់ថៅកែ គឺគាត់សប្បាយចិត្ត និងរីករាយ ទីមួយដោយសារអីបានជាខ្ញុំហ៊ាននិយាយដល់ថ្នាក់ហ្នឹង គាត់ប្រសិនជាគាត់បើកលុយ បាត់លុយ ឬមួយក៏គាត់តវ៉ាអីមួយ គឺខាងក្រុមហ៊ុនហ្នឹងអត់ហ៊ានតវ៉ា អត់ហ៊ានចេញមុខទេ តែបើយើងបង្កើតដោយគាត់ស្ម័គ្រចិត្តខ្លួនគាត់ គាត់នឹកឃើញថាគាត់ឈរការពារសិទ្ធិកម្មករ គឺក្រុមហ៊ុនមិនអាចទុកគាត់បានទេ»។

អ្នកស្រី ទូច សើ។ រូបភាពពីហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ។

ជុំវិញរឿងនេះ លោក ផេង ស៊ីភ័ណ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា សំណុំរឿងអ្នកស្រី កូលាប ស្ថិតក្នុងនីតិវិធីរបស់ចៅក្រម ដូច្នេះលោកសុំមិនធ្វើការអធិប្បាយ។

លោក ផេង ស៊ីភ័ណ៖ «ចង់និយាយថានេះជានីតិវិធីរបស់ចៅក្រមចង់និយាយអ៊‌ីចឹង បាទ! អ៊‌ីចឹងខ្ញុំអត់ឆ្លើយអ្វីដែល​នេះបានទេ ក៏ប៉ុន្តែគ្រាន់តែអារឿងពាក់ព័ន្ធសវនាការអីម៉េច លើកពេល ឬក៏ក្រនេះម៉េច អាហ្នឹងគាត់អាចមកសួរនាំបានចង់និយាយអ៊‌ីចឹងឱ្យសមីគាត់មកសួរនាំ»។

ប៉ុន្តែអ្នកស្រី រឿន កូលាប អះអាងថា កន្លងមកក្រោយពីសវនាការហើយបានមួយខែ ឬមួយខែកន្លះ គឺតុលាការតែងតែជូនដំណឹង និងកោះហៅអ្នកស្រីមកកាន់តុលាការ ប៉ុន្តែរយៈពេល ៣ខែចុងក្រោយនេះ តុលាការគ្មានការជូនដំណឹង ឬកោះហៅអ្នកស្រីបន្តទៀតឡើយ។ ការស្ងប់ស្ងាត់បែបនេះ អ្នកស្រីបារម្ភខ្លាចតុលាការបិទសំណុំរឿងវិវាទការងារអ្នកស្រីជាមួយក្រុមហ៊ុននេះ។

អ្នកស្រី កូលាប៖ «សម្រាប់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភថា ប្រសិនជាគាត់ស្ងាត់អ៊‍‌ីចឹងរឿងខ្ញុំអត់ដើរទៅមុខទេរឿងខ្ញុំអត់ដើរទៅមុខអ៊‌ីចឹងខ្ញុំមិនដឹងថាភាពយុត្តិធម៌សម្រាប់ខ្ញុំនឹងបាននៅពេលណា ប៉ុន្តែដោយសារខាងរោងចក្រហ្នឹងគាត់អត់មកអ៊‌ីចឹង គឺតុលាការគាត់បាននិយាយដែរថា ប្រសិនខាងក្រុមហ៊ុនគាត់អត់មកទេគាត់នឹងចេញសេចក្ដីសម្រេចឱ្យនៅពេលខាងមុខ ប៉ុន្តែក៏អត់បញ្ជាក់ថាខែណាដែរ»។

វិវាទការងារនេះកន្លងមក ក្រុម​អង្គការសង្គម​ស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ ចាត់ទុកការបញ្ឈប់​អ្នកស្រី​ កូ​លាប​ ​ដែល​ទើប​ក្លាយ​ជា​ប្រធាន​សហជីព​ជាប់ឆ្នោត​ថ្មីនៅក្នុងក្រុមហ៊ុននេះ ​គឺជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​ ​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ស្រប​ច្បាប់​នៅកន្លែង​ការងារ​។ ក្រុមអង្គការទាំងនោះក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សូម​ជួយ​អន្តរាគមន៍​ ​និង​សូម​ឱ្យ​ក្រុមហ៊ុន​ ​សេង​បូ​ ហ្គា​មិន​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ត្រូវ​ទទួលយក​ ​អ្នកស្រី​ រឿន កូ​លាប​ ​ចូល​ធ្វើការងារ​វិញ​៕ ​

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង