en     km
en     km

យុវជនព្រៃឈើមកពីខេត្តនានា ស្នើឱ្យក្រសួងបរិស្ថានសហការជាមួយពួកគេ ដើម្បីការពារព្រៃឡង់

Share

 

យុវជនជនជាតិដើមភាគតិច ខេត្តស្ទឹងត្រែង និងព្រះវិហារ ស្នើឱ្យក្រសួងបរិស្ថានសហការជាមួយពួកគេ ដើម្បីបើកលំហសេរីភាពចុះល្បាតព្រៃឡង់ ក្រោយការងារល្បាតព្រៃរបស់យុវជនទាំងនោះ ត្រូវរឹតត្បិត និងប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយសារការគំរាមពីជនល្មើសកាប់បំផ្លាញព្រៃឈើ។ យ៉ាងណាក្រសួងបរិស្ថាន បដិសេធថាមិនបានហាមឃាត់ការងារល្បាតព្រៃរបស់យុវជនឡើយ ដោយក្រសួងស្វាគមន៍កិច្ចសហការរបស់យុវជន និងសហគមន៍ ដែលចង់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

កញ្ញា ឆេន លក្ខិណា ស្ដ្រីជនជាតិដើមភាគតិចព្រៅ មកពីខេត្តស្ទឹងត្រែង បានឱ្យដឹងថា កញ្ញាចាប់ផ្ដើមចុះល្បាតព្រៃឈើតាំងពីឆ្នាំ២០១៣ ដោយផ្ដើមចេញពីការស្រលាញ់ និងចង់ការពារធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់។ តាមរយៈការស្រលាញ់នេះហើយ បានធ្វើឱ្យកញ្ញា បន្តការងារចុះល្បាត និងអភិរក្សព្រៃឈើក្នុងតំបន់ព្រៃឡង់ ពីព្រោះព្រៃឈើជាប្រភពចំណូល និងជាប្រភពចំណីអាហារសម្រាប់សហគមន៍។ ដូច្នេះហើយកញ្ញាថា ប្រសិនជាបាត់បង់ព្រៃឈើទាំងអស់នោះ នឹងធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់សហគមន៍ដែលអាស្រ័យផលពីធនធានធម្មជាតិ។

កញ្ញា ឆេន លក្ខិណា៖ «១០ឆ្នាំមុនខ្ញុំគិតថាធនធានធម្មជាតិពិតជាស្រស់ស្អាតមែ​នទែ​ន ហើយសម្បូរទៅសត្វព្រៃមិនថាតូច ធំនោះទេ ជាពិសេសសត្វស្វា ដំរី រស់នៅដែនជម្រកព្រៃឡង់ មិនទាន់មានអ្នកកាប់សម្លាប់ទេ ប៉ុន្តែធៀបមកឆ្នាំ២០២៤ ដើមឆ្នាំ២០២៥នេះ ដែនជម្រកសត្វព្រៃឡង់ មិនថាដីព្រៃ ដីសហគមន៍មានកាប់រុនទន្ទ្រានយកជាសម្បត្តិឯកជន និងលក់ឈ្មួញនានា។អ៊‌ីចឹងយើងឃើញថា នៅ២០២៤ ដើមឆ្នាំ២០២៥នេះ មានការកាប់ទន្ទ្រានយកដីព្រៃធ្វើជាសម្បត្តិឯកជន កាប់ឈើប្រណិតដូចជា ដើមច្បោះ កកោះ ធ្វើជាគ្រឿងសង្ហារឹម»។

កញ្ញាលើកឡើងថា ការអភិរក្សព្រៃឈើនេះ មិនងាយស្រួលឡើយ ត្រូវប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលនៅពេលចុះល្បាតម្ដងៗ និងការគំរាមពីជនល្មើសដែលកាប់បំផ្លាញព្រៃឈើ ហើយនៅពេលចុះល្បាត ទាំងកញ្ញា និងសហគមន៍ រួមគ្នាចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាពល្បាតព្រៃ ដោយមិនទទួលបានការគាំទ្រថវិកាពីស្ថាប័នណាឡើយ។

 

កញ្ញា ឆេន លក្ខិណា៖ «គាត់អត់ឱ្យយុវជនេរបស់យើងដែលស្រលាញ់ធម្មជាតិ ចុះទៅតំបន់ដែលគេអភិរក្ស មានការរឹតត្បិតសេរីភាពបញ្ចេញមតិ ការចូលរួមអីទាក់ទងធនធានធម្មជាតិតែងរឹតត្បិតសិទ្ធិសេរីភាព ដោយលក្ខខណ្ឌណាមួយក៏ដោយក្នុងគោលបំណងទៅព្រៃ ដើម្បីសង្កេតមើលមានកាប់ទន្ទ្រានឈើដែរទេ? ហើយមួយទៀតពួកយើងត្រូវគេគំរាមមិនឱ្យសកម្មភាពទាំងឡាយពាក់ព័ន្ធបរិស្ថាន ជាការចូលរួមដែលយើងមើលឃើញចំណុចខ្វះខាត ក៏យើងមិនអាចធ្វើវាបានទៀតដែរ»។

ងាកមកយុវជនជនជាតិដើមភាគតិចកួយលោក ហម ផាត ជាយុវជនសកម្មក្នុងការចុះល្បាតព្រៃឡង់ប្រចាំខេត្តព្រះវិហារ ប្រាប់ថា ការងារល្បាតព្រៃឈើនេះ ត្រូវប្រឈមទីមួយខ្វះខាតសម្ភារៈប្រើប្រាស់ដូចជា អាវភ្លៀង អង្រឹង និងភ្លើងពិលជាដើម។ លោកក៏ប្រឈមនឹងជនល្មើសដែលកាប់ព្រៃឈើ នៅពេលជួបក្រុមជនល្មើសម្ដងៗ ពួកគេតែងតែមកគំរាមលោក ​និងអ្នកល្បាតផ្សេងទៀត ឱ្យបញ្ឈប់សកម្មភាពចុះល្បាត ជាពិសេសឈានដល់ការគំរាមបាញ់សម្លាប់។ និងបញ្ហាប្រឈមចុងក្រោយ លោកថា ការមិនសហការពីមន្ទីរ អាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សា តែងតែហាមឃាត់ក្រុមល្បាតរបស់លោកមិនឱ្យចូលទៅតំបន់ព្រៃឡង់ ក្រោ​មហេតុផលមិនមានលិខិតអនុញ្ញាតជាដើម។

លោក ហម ផាត៖ «ទីមួយខ្ញុំឃើញថាព្រៃឈើយើងពីមុនមានប្រយោជន៍ហើយត្រូវបាត់បង់ជាច្រើន ដូច្នេះជាហេតុធ្វើឱ្យខ្ញុំទៅរួមចំណែកជួយទៅដល់សហគមន៍ ហើយមួយទៀតខ្ញុំស្រលាញ់ធនធានធម្មជាតិដែរ ពីព្រោះផ្ដល់ផលប្រយោជន៍ប្រជាជន និងសហគមន៍យើង ដោយរំពឹងពីព្រៃឈើទើបខ្ញុំស្រលាញ់»។

យុវជនជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ខាក ម៉ាស៊ី បានរៀបរាប់ដែរថា រាល់ពេលចុះល្បាតព្រៃឡង់ម្ដងៗ លោករកឃើញបទល្មើសព្រៃឈើ ហើយតែងតែរាយការណ៍ទៅកាន់អាជ្ញាធរឱ្យជួយអន្តរាគន៍ ប៉ុន្តែអាជ្ញាធរ ហាក់ដូចជាមិនសហការ និងមិនទទួលយកអ្វីដែលរកឃើញពីការដើរល្បាតព្រៃរបស់លោកឡើយ។

លោក ខាក ម៉ាស៊ី៖ «ពួកយើងផ្ដល់ហើយតែគាត់មិនចូលរួមជាមួយពួកយើង ដូចថាគាត់ទៅការពារជនល្មើស ឬទៅការពារព្រៃឈើ ដើម្បីប្រទេសជាតិ អាហ្នឹងជាសំណួរមួយដែលយើងចង់សួរក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សថា ប្រសិនជាយើងជួបបទល្មើសដោយផ្ទាល់ ហើយនាំទៅមើលដល់កន្លែងហើយ ម៉េចក៏អត់ទៅ អាហ្នឹងជាកាតព្វកិច្ចរបស់គាត់ តើពួកគាត់ចង់ការពារ ឬក៏ចង់បំផ្លាញ»។

យុវជនរូបនេះសំណូមពរឱ្យក្រសួងបរិស្ថាន ពិនិត្យតាមដានមន្ត្រីថ្នាក់ក្រោម ដែលជាឧទ្យានុរក្ស តើមានប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកពីក្រុមឈ្មួញកាប់ព្រៃឈើដែរទេ? ហើយប្រសិនក្រសួងរកឃើញថាមន្ត្រីរបស់ខ្លួនបានប្រព្រឹត្តអំពើពុករលួយ ត្រូវផ្តន្ទាទោសតាមច្បាប់ មិនគួរលើកលែងឡើយ។ បន្ថែមពីនេះ លោកក៏ស្នើឱ្យក្រសួង បើកលំហឱ្យសហគមន៍ និងយុវជន ដែលស្រលាញ់ធនធានធម្មជាតិ បានចូលទៅល្បាតតំបន់ព្រៃឡង់ដោយសេរី គ្មានការទាមទារច្បាប់ ឬលិខិតអនុញ្ញាតនោះឡើយ។

 

លោក ខាក ម៉ាស៊ី៖ «ឱ្យតែអ្នកអារឈើភាគច្រើនគេថាបានបង់លុយទៅឱ្យក្រសួងបរិស្ថានរួចហើយ អ៊‌ីចឹងស្នើឱ្យមន្ត្រីបរិស្ថាន ក្រសួងបរិស្ថាន ស្នើមើលថា បើមានមន្ត្រីឧទ្យានុរក្សណា ដែលសូកប៉ាន់គ្នាជាមួយជនល្មើស សូមឱ្យពួកគាត់តាមដានចាប់ ឬផ្តន្ទាទោសមន្ត្រីទាំងអស់នោះដាក់ពន្ធនាគារផង ដោយសារពួកគាត់បានកាប់បំផ្លាញ ជួយបំផ្លាញព្រៃឈើ»។

ក្នុងវ័យ ២៥ឆ្នាំ លោក ហម ផាត ធ្វើការងារល្បាតព្រៃឡង់នេះ អស់រយៈពេលជាង ៨ឆ្នាំមកហើយ ខណៈគ្រួសារលោក និងសហគមន៍ ពឹងលើព្រៃឈើដូចជា ប្រកបរបរដងជ័រច្បោះ បេះផ្លែឈើ ​និងរកឃ្មុំ ដើម្បីចិញ្ចឹមជីវិត។ ដោយសារព្រៃឈើជាប្រភពចំណូលជួយសហគមន៍ ដូច្នេះលោកប្ដេជ្ញាបន្តការងារអភិរក្សព្រៃឈើនេះឱ្យបានគង់វង្សសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ ទោះបីត្រូវប្រឈមគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។

លោក ហម ផាត៖ «ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាល ឬក្រសួងបរិស្ថានឱ្យសហគមន៍ចូលរួមការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងទាំងមូល»។

កញ្ញា ឆេន លក្ខិណា ជាស្ដ្រីម្នាក់ក្នុងចំណោមស្ដ្រី ៣នាក់ផ្សេងទៀត ដែលចុះល្បាតព្រៃឡង់ក្នុងខេត្តស្ទឹងត្រែងជាមួយក្រុមបុរស។ កញ្ញា បញ្ជាក់ថា ប្រសិនជាមិនចូលរួមអភិរក្សព្រៃឈើដែលនៅសេសសល់នេះទេ នៅថ្ងៃអនាគតទាំងកញ្ញា និងសហគមន៍ត្រូវប្រឈមបាត់បង់ព្រៃឈើដែលជាប្រភពចំណូលជួយជីវភាពសហគមន៍ ហើយសហគមន៍ខ្លួនឯង អាចនឹងត្រូវចំណាកស្រុកចេញពីភូមិផងដែរ។

កញ្ញា ឆេន លក្ខិណា៖ «ចង់សំណូមពរទៅកាន់រដ្ឋាភិបាល គប្បីគួរតែកុំចាត់ទុកយុវជនដែលជាអ្នកស្រលាញ់ធនធានធម្មជាតិ ដែលជាអ្នកស្រលាញ់ការងារសង្គម បើលំហសកម្មជន ឬនាងខ្ញុំដែលជាប់Blacklist (បញ្ជីខ្មៅ) នៅថ្នាក់ខេត្ត ដែលកំពុងផ្ដោតមុខសញ្ញា ដោយសារអីគឺពួកយើងធ្វើទៅដើម្បីផលប្រយោជន៍រួម ហើយក៏មិនប្រកាន់ទិន្នាការបក្សណាឡើយ។ ហើយមួយទៀតកុំចាត់ទុកយុវជនជាបញ្ហា ត្រូវចាំថាពួកយើងជាផ្នែកមួយដល់ប្រទេសជាតិ ក៏ដូចជាធនធានធម្មជាតិយើងទាំងអស់គ្នានេះឱ្យគង់រង្ស ហើយព្រៃឡង់របស់យើងក៏ត្រូវការធនធានមនុស្ស ដែលគាត់ចូលរួម និងថែរក្សា»។

ការស្នើបែបនេះរបស់យុវជន ធ្វើឡើងអំឡុងពេលពួកគេចូលរួមប្រារព្វទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «អភិរក្សព្រៃឈើ ដើម្បីនិរន្តរភាពសហគមន៍» ប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមីនានេះ។

ជុំវិញរឿងនេះ លោក ងួន សែប អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៅក្រសួងបរិស្ថាន បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា រាល់ការចូលរួមអភិរក្សធនធានធម្មជាតិ ជាពិសេសក្នុងតំបន់ព្រៃឡង់ ក្រសួងបរិស្ថាន គ្មានការហាមឃាត់សហគមន៍ ដែលចង់ចូលទៅល្បាតព្រៃឈើនោះឡើយ។ ចំពោះបទល្មើសព្រៃឈើវិញលោកបដិសេធក្នុងការអត្ថាធិប្បាយ ដោយសារតែមិនមែនជាផ្នែករបស់លោកដែលទទួលខុសត្រូវ ប៉ុន្តែអ្វីដែលនាយកដ្ឋានលោកទទួលខុសត្រូវ គឺស្ដារព្រៃឈើឡើងវិញនៅតំបន់ដែលបាត់បង់ព្រៃឈើ តាមរយៈការបណ្ដុះកូនឈើនៅទូទាំង ២៥រាជធានី-ខេត្ត និងតាមរយៈការជួយបង្កើតមុខរបរជូនសហគមន៍ ដើម្បីរួមចំណែកកាត់បន្ថយការកាប់ព្រៃឈើ។

 

លោក ងួន សែប៖ «ខ្ញុំបដិសេធទាំងស្រុងអ្នកណាមិនឱ្យចូល តែការចូលរបស់គាត់យល់ទេ វាខុសបែបបទ បែបបទម៉េច ចង់និយាយថាគាត់ចូលទៅហ្នឹងបើក្នុងនាមគាត់អង្គភាព អាហ្នឹងគាត់ត្រូវមានការអនុញ្ញាត យល់ទេ ហើយសហគមន៍មានណាគេហាមឃាត់ ចូលរាល់ថ្ងៃហ្នឹង ពួកគាត់មានទៅស្អី កុំឱ្យតែពួកគាត់ចូលទៅបំផ្លាញធនធានធម្មជាតិគេអត់ហាមទេ អត់ហាមតែម្ដង អ្នកណានិយាយថាហាម ពីណាគេ។ ប៉ុន្តែវាចេះឧទាហរណ៍ខាងខ្ញុំចង់ទៅបំបួសដើមឈើដែរ ហើយគាត់ចង់ទៅធ្វើមួយទៀត យើងអត់អ៊‌ីចឹងទេយើងចង់ទៅធ្វើប្រមូលផ្ដុំមួយកន្លែងម្ដងអ៊‌ីចឹងទៅ ងាកម៉េចកុំឱ្យការគ្រប់គ្រងតែមួយ វាមានពីរបី តែអានេះធ្វើរួមតែម្ដង»។

យោងតាមមាត្រា១១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការចេញ-​ចូលក្នុងតំបន់ការពារធម្មជាតិរួម ក្នុងនោះការចេញ-ចូលតំបន់ស្នូល ដែលជាតំបន់គ្រប់គ្រង សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិដែលកម្រជិតផុតពូជទទួលរងគ្រោះថ្នាក់ មានប្រព័ន្ធអេកូឡូស៊ីផុយស្រួយ ត្រូវហាមឃាត់ លើកលែងតែមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដែលមានភារកិច្ច និងអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រធម្មជាតិ ក្នុងគោលបំណងការពារ និងអភិរក្សធនធានធម្មជាតិ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន។

កាលពីឆ្នាំ២០១៦ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលមានផ្ទៃដីសរុប ៤៣១,៦៨៣ហិចតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង។ តំបន់នេះ បង្កើតឡើងក្នុងគោលបំណង អភិរក្សទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ហើយនិងលើកកម្ពស់ការចូលរួមសហគមន៍ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ។

របាយការណ៍របស់បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN) កាលពីឆ្នាំ២០២២ រកឃើញថា នៅក្នុងឆ្នាំ២០២១ គឺជាឆ្នាំដែលមានការបាត់បង់គម្របព្រៃឈើខ្ពស់បំផុតមិនធ្លាប់មាន ហើយដែនជម្រកសត្វព្រៃ ព្រៃឡង់ បានបាត់បង់គម្របព្រៃឈើជាង ១១,១០០ហិកតា។ បើគិតចាប់តាំងពីឆ្នាំ២០០០មក ​គម្រប​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​ព្រៃឡង់​បាន​បាត់​បង់​គម្រប​ព្រៃ​ឈើ​ចំនួន ៦៧,៤០០​ហិកតា ឬស្មើនិង ១៦% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង