ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារបានឲ្យដឹងថា មេឃបន្តធ្លាក់ភ្លៀងរយៈពេលពីរថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃទី១៤និងទី១៥ ខែកក្កដា បានបង្កជាជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួនក្នុងឃុំចំនួនបីនៃស្រុកឆែប ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅលិចផ្ទះប្រជាពលរដ្ឋមួយចំនួនខណៈភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៥យ៉ាងខ្លាំង។ រូបភាព មាន សុវណ្ណារិទ្ធ។
អាជ្ញាធរស្រុកឆែបបានប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៦ខែកក្កដានេះថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយពុំមានប្រជាពលរដ្ឋរូបណាម្នាក់បាត់បង់អាយុជីវិតឡើង ខណៈកងកម្លាំងត្រៀមជួយប្រជាពលរដ្ឋជាប់ជាប្រចាំ។
លោក អ៊ុំ សុភឿន អភិបាលរងស្តីទីនៃស្រុកឆែបឲ្យដឹងបន្ថែមថា ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកឆែប បង្កផលប៉ះពាល់ដល់ឃុំចំនួន ៣ ហើយបច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងអន្តរាគមន៍ចុះត្រួតពិនិត្យ និងស្រង់ស្ថិតិពលរដ្ឋរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ យ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាជួយពលរដ្ឋបានទាន់ពេល។
ស្ថានភាពទឹកនៅបន្តលិចស្ពាននិងផ្លូវខ្លះនៅឃុំមួយចំនួននៃស្រុកឆែប។ រូបភាព មាន សុវណ្ណារិទ្ធ។
ពាក់ព័ន្ធករណីនេះ លោក ណុប វុធ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តនិងជាអភិបាលរងខេត្តព្រះវិហារ បញ្ជាក់ប្រាប់ថា នាប៉ុន្មានថ្ងៃនេះខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាជំនន់លិចផ្លូវនិងផ្ទះសម្បែងពលរដ្ឋមួយចំនួននៅក្នុងក្រុងព្រះវិហារ។ ក្នុងនោះមានឃុំឆែប១ ឃុំសង្កែ១ និងឃុំសង្កែ ២ នៃស្រុកឆែប។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារបន្តថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងព្រះវិហារ អាជ្ញាធរអាចគ្រប់គ្រងបានហើយ ដោយបើកទ្វារទឹកទំនប់រក្សាដើម្បីរំដោះទឹកភ្លៀងចេញ និងបានជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំឲ្យត្រៀមការពារទុកជាមុនសម្រាប់ការបើកទ្វារទឹកនេះ។ បន្ថែមលើសពីនេះ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះកំពុងចុះជួយពលរដ្ឋនិងត្រៀមចាំជួយដល់ពលរដ្ឋជានិច្ច។
វត្តអារាមមួយចំនួនក៏រងផលប៉ះពាល់ពីំជំនន់ទឹកភ្លៀងផងដែរ។ រូបភាព មាន សុវណ្ណារិទ្ធ។
តាមរបាយការណ៍បញ្ជាប់ដោយអ្នកនាំពាក្យខេត្តព្រះវិហារបានឱ្យដឹងថា ស្ថានភាពទឹកជំនន់បានបង្កឱ្យផ្ទះប្រជាពលរដ្ឋលិចលង់សរុបចំនួន ៤២៣ ខ្នង ផ្លូវលិចចំនួន ៣០៥ម៉ែត្រស្មើនិង៤ខ្សែ លិចសាលារៀនចំនួន១ខ្នង សាលាឃុំចំនួន ២ ខ្នង វត្ត១ បង្គន់ចំនួន ៤០៩ អណ្តូងទឹកចំនួន ៥៥ ជង្រុកស្រូវចំនួន ៣ និងដីស្រែខូចខាតអស់ចំនួន ៩១៣ ហិចតា។ អ្នកនាំពាក្យសង្កត់ធ្ងន់ថា បញ្ហាជំនន់ទឹកភ្លៀងនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនោះទេ ស្ថានភាពកម្ពស់ទឹកក៏មិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននោះដែរ។
ស្ថានភាពទឹកនៅពុំទាន់វិលត្រឡប់មកសភាពធម្មតាមវិញនៅឡើយទេត្រឹមព្រឹកថ្ងៃទី១៦ខែកក្កដា។ រូបភាព មាន សុវណ្ណារិទ្ធ។
ជុំវិញបញ្ហាជំនន់ទឹកភ្លៀងនេះ ប្រជាពលដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារបានជួបសម្ភាសន៍ឱ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងនេះធ្វើឱ្យទ្រព្យសម្បត្តិមួយចំនួនក្នុងផ្ទះត្រូវខូចខាត និងសត្វចិញ្ចឹមត្រូវបាត់បង់មួយចំនួន។ តែយ៉ាងណាប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា មិនឱ្យទ្រព្យសម្បត្តិពលរដ្ឋខូចខាតធ្ងន់ធ្ងរ ពិសេសបង្ការមិនឱ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ។ តែយ៉ាងណា ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភពីស្រូវរបស់ខ្លួនដែលអាចខូចខាតទាំងស្រុង បើសិនភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្តបែបនេះ។
មន្រ្តីអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកជំនន់និងបញ្ហារបស់ប្រជាពលរដ្ឋ។ រូបភាព មាន សុវណ្ណារិទ្ធ។
ចំពោះមុខបញ្ហានេះ អាជ្ញាធរខេត្តសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ លើករណីគ្រោះធម្មជាតិនេះដែលនឹងអាចកើតមានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ចាប់ពីថ្ងៃទី១៥ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះ៕
រូបភាពសកម្មភាពអាជ្ញាធរចុះជួបពលរដ្ឋរងគ្រោះ៖
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។