ភ្នំពេញ៖ តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនប្រមាណ ៥០ អង្គភាពបានដាក់ញត្តិស្នើទៅកាន់តុលាការកំពូលឱ្យដកសិទ្ធិពីលោក រ៉ុង ឈុន កុំឱ្យបន្តធ្វើនយោបាយបន្តទៀត ក្រោមហេតុផលអះអាងថាលោក រ៉ុង ឈុន ជាបុគ្គលដើរតាមមាគ៌ាក្រុមនយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី ដោយតែងធ្វើការញុះញង់ពាក់ព័ន្ធនឹងករណីព្រំដែន។ យ៉ាងណាលោក រ៉ុង ឈុន បញ្ជាក់ថាលោកមិនចាប់អារម្មណ៍និងមិនប្រតិកម្មអ្វីឡើយចំពោះញត្តិរបស់បណ្តាអង្គការទាំងនោះ តែលោកយល់ថា សកម្មភាពរបស់លោកគឺជាសិទ្ធិបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ញត្តិចំហមួយរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាព បានផ្ញើមកកាន់តុលាការកំពូល ក្នុងគោលបំណងស្នើឱ្យតុលាការពិចារណាដកសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូលកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ ដែលត្រូវបណ្តាញប្រព័ន្ធផ្សព្វផ្សាយចេញផ្សាយយ៉ាងព្រោងព្រាតនៅថ្ងៃទី២៧ ខែឧសភា នេះ។
ញត្តិដែលបានផ្ញើមកកាន់តុលាការកំពូលកាលតាំងពីរសៀលថ្ងៃទី ២៣ ខែឧសភា របស់អង្គការនិងស្ថាប័នចំនួន៥០នោះ បានសង្កត់ធ្ងរលើសកម្មភាពរបស់លោក រ៉ុង ឈុន ដែលតែងឃោសនាធ្វើបាតុកម្មទាក់ទងបញ្ហាព្រំដែន និងការដំឡើងប្រាក់ខែគ្រូបង្រៀនកាលពីពេលកន្លងទៅថា បានបង្កការរំខានដល់ស្ថិរភាពនយោបាយរបស់កម្ពុជា។ ជាងនេះ ក្រុមសង្គមស៊ីវិលខាងលើ ក៏ចាត់ទុកទង្វើរបស់លោក រ៉ុង ឈុន ថាជាសកម្មភាពជ្រុលនិយមដើរតាមចរន្តនយោបាយរបស់លោក សម រង្ស៊ី ដែលបន្តសាបព្រោះមនោគមវិជ្ជាមកលើប្រជាពលរដ្ឋខ្មែរ បង្កគ្រោះថ្នាក់ចំពោះសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូល។
សម្រាប់ក្រុមសង្គមស៊ីវិលខាងលើយល់ថា សកម្មភាពរបស់លោក រ៉ុង ឈុន និងបក្ខពួក បានរំខានដល់បរិយាកាសវិនិយោគធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភ និងមិនហ៊ានមកវិនិយោគនៅកម្ពុជា ពិសេសការធ្វើបាតុកម្មក្នុងរូបភាពប្រឆាំងផលប្រយោជន៍ជាតិ តាមរយៈការទាមទារឱ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជាជាដើម។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូលកម្រាស់២ទំព័រ ក្រុមសង្គមស៊ីវិលនិងស្ថាប័នចំនួន៥០ស្ថាប័នខាងលើ ទាញសេចក្តីសន្និដ្ឋានជូនតុលាការកំពូលថា បើសិនជាតុលាការគ្មានចំណាត់ការលើលោក រ៉ុង ឈុន និងបក្ខពួកនោះទេ នោះពួកគេនឹងប្រើល្បិចកលនយោបាយចាស់មកអនុវត្ត បង្កការញុះញង់ឱ្យមានបាតុកម្មដោយមិនគិតគូរពីស្ថិរភាពនយោបាយ ការវិនិយោគ សេដ្ឋកិច្ច និងសន្តិភាពជាក់ជាពុំខាន។
ឆ្លើយតបនឹងសំណើក្នុងញត្តិខាងលើ តុលាការកំពូលសម្រេចបញ្ជូនញត្តិនេះទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ ពិចារណា ព្រោះសំណុំរឿងនេះជាកម្មវត្ថុស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍។ តែយ៉ាងណា តុលាការកំពូលនឹងបន្តតាមដានពិនិត្យមើលការដោះស្រាយសំណូមពរនៃញត្តិនេះនៅសាលាឧទ្ធរណ៍ភ្នំពេញ។
ជុំវិញរឿងនេះ លោក រ៉ុង ឈុន ប្រាប់វិទ្យុស្រ្តីថា លោកមិនបានចាប់អាម្មរណ៍និងគ្មានអ្វីប្រតិកម្មចំពោះញត្តិរបស់បណ្តាអង្គការទាំងនោះទេ។ តែយ៉ាងណាលោកយល់ថា អ្វីដែលលោកធ្វើគឺជាការប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងនាមជាប្រជាពលរដ្ឋបញ្ចេញមតិយោបល់លើបញ្ហាជាតិតែប៉ុណ្ណោះ ដែលមិនគប្បីដាក់ទោសបញ្ចប់សកម្មភាពនយោបាយនោះទេ។
លោក រ៉ុង ឈុន៖«ការចោទប្រកាន់ហ្នឹងវាមិនឆ្លុះបញ្ចាំងទៅនឹងការពិតទេ។បើសិនជាយើងគ្រាន់តែផ្ញើសារប្រើប្រាស់សិទ្ធិជាមូលដ្ឋាន ហើយបើជាត្រូវផ្តន្ទាទោសដល់ធ្ងន់ធ្ងរបែបហ្នឹង។ហើយវាធ្ងន់ធ្ងរលើសការផ្តន្ទាទោសទៀតនោះវាជាការដកសិទ្ធិ បើយើងមើលក្នុងរដ្ឋធម្មនុញ្ញសិទ្ធិជាមូលដ្ឋានគឺមិនត្រូវបានដកទេ ព្រោះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ»។
លោក រ៉ុង ឈុន នៅបរិវេណតុលាការគ្រាលោកទៅចូលរួមសវនាការ។
សូមរំលឹកជូនថាកាលពីថ្ងៃទី១២ ខែឧសភានេះ កន្លងទៅថ្មីនេះៗសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បដិសេធមិនផ្ដល់នីតិសម្បទាឱ្យលោក រ៉ុង ឈុន មានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញនោះទេ ក្រោមហេតុផលថាទីប្រឹក្សារូបនេះ មិនទាន់សងសំណងចំនួន១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរួចរាល់។
បច្ចុប្បន្ននេះ លោក រ៉ុង ឈុន ក៏កំពុងជាប់ក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត ដែលសាលាដំបូងរាជធានីភ្នំពេញចោទពីបទ «មិនរាងចាលក្នុងបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងការផ្តល់បទសម្ភាសន៍របស់លោកជាមួយវិទ្យុអាស៊ីសេរី អំពីវត្តមានលោកនាយករដ្ឋមន្ត្រីចុះតាមបន្ទាត់ព្រំដែន។ ជាងនេះសកម្មភាពរបស់លោក រ៉ុង ឈុន ដែលចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅបឹងតាមោក ការចុះជួបប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល និងការទៅសម្ពោធទីស្នាក់ការគណបក្សនៅស្រុកកោះធំ ខេត្តកណ្តាល ក៏ស្ថិតក្នុងចំណាត់ការរបស់តុលាការផងដែរ។ នៅក្នុងសំណុំរឿងទាំងនោះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន ជាអចិន្ត្រៃយ៍។
សម្រាប់មន្រ្តីសិទ្ធិមនុស្សនៃអង្គការលីកាដូធ្លាប់ផ្តល់បទសម្ភាសន៍ជូនវិទ្យុស្រ្តីថា ការបាត់បង់សិទ្ធិធ្វើនយោបាយរបស់ រ៉ុង ឈុន ឬការមិនផ្តល់សម្បទាដល់លោក រ៉ុង ឈុន អាចធ្វើសកម្មភាពនយោបាយឡើងវិញទេនោះ គឺមានន័យថា ជាការធ្វើឱ្យប៉ះពាល់សិទ្ធិធ្វើនយោបាយរបស់សកម្មជននយោបាយចាស់វស្សារូបនេះ៕