ភ្នំពេញ៖ រដូវបិទនេសាទឆ្នាំ២០២៥ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃអាទិត្យ ទី១ ខែមិថុនាខាងមុខនេះ។ នៅក្នុងអំឡុងពេលនេះ មានតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាមធ្យាបាយនេសាទត្រីនៅក្នុងដែននេសាទទឹកសាប។
(កញ្ញា យឿន ស្រីមុំ រាយការណ៍)
យោងតាមរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដូវបិទនេសាទក្នុងដែននេសាទទឹកសាប គឺចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ភូមិសាស្រ្តដែលអនុញ្ញាតរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។ ចំណែកឯខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅភាគខាងត្បូងនៃខ្សែស្របទន្លេចតុម្មុខ ចាប់អនុវត្តពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
តាមសេចក្តីជូនដំណឹងពីរដ្ឋបាលជលផលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ដដែលឱ្យដឹងថា ក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។ ឧបករណ៍លក្ខណៈគ្រួសារដែលអនុញ្ញាតប្រើប្រាស់ មានប្រមាណ ៤៤ប្រភេទដូចជា ជុច កន្សុំ ឈ្នាងដៃ(ឈ្នាងជញ្ជាត់) ទ្រូ ប្រម សន្ទូច(ផ្លែមួយ បោះ បបក់ បង្កៃ និងរនង) សំណាញ់ អង្រុត និងអញ្ចងជាដើម។ ឧបករណ៍នេសាទលបនិងសៃយ៉ឹន អនុញ្ញាតឱ្យប្រើរបាំងព្រួលរួមផ្សំមិនលើសពី១០ម៉ែត្រ ឬមិនលើសពី១/៣នៃទទឹងមុខទឹក រីឯឧបករណ៍មងអាចធ្វើនេសាទបានតែប្រវែង ១០០ម៉ែត្រតែប៉ុណ្ណោះ។
រូបភាព៖ រដ្ឋបាលជលផលកំពង់ចាម
ចំពោះឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម និងឈ្នក់ មិនអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងរដូវបិទនេសាទនេះឡើយ។ ស្របពេលគ្នានេះដែរ រដ្ឋបាលជលផលបានអំពាវនាវឱ្យសាធារណជន និងអ្នកនេសាទទាំងអស់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ទាក់ទងនឹងវិស័យជលផលនេះទៀតសោត សេចក្តីព្រាងច្បាប់ស្តីពីជលផល ត្រូវបានលើកយកមកពិនិត្យ និងឱ្យយោបល់ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ ទៅតាមសំណើរបស់រដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីផលផលនេះរួមមាន១៥ជំពូក ១០៤មាត្រា និងមាន២ឧបសម្ព័ន្ធ ត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃទី២២ ខែឧសភាសប្តាហ៍មុន ក្នុងសម័យប្រជុំលើកទី៤របស់ខ្លួន។
រូបភាព៖ រដ្ឋបាលជលផល
សេចក្ដីព្រាងច្បាប់ស្តីពីជលផល ត្រូវបានរៀបចំឡើង ដើម្បីជំនួសសេចក្ដីព្រាងច្បាប់ជលផល ឆ្នាំ២០០៦។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើន សេដ្ឋកិច្ចសង្គម បច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រង ព្រមទាំងអភិរក្សធនធានជលផល ប្រកបដោយនិរន្តរភាព ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ៕