អគ្គនាយកដ្ឋានចម្ការកៅស៊ូ បានបង្ហាញរបាយការណ៍នាំចេញផលិតផលពីកៅស៊ូ បានចំនូលជាង៩៩ លានដុល្លា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ។ តាមរបាយការណ៍ ការនាំចេញផលិតផលកើនឡើងទាំងជ័រ និងទាំងឈើកៅស៊ូ តែតម្លៃជ័របែរជាថយចុះទៅវិញ ក្នុងត្រីមាសនេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
គិតត្រឹមត្រីមាសទី១ នាឆ្នាំ២០២២នេះ ការនាំចេញផលិតផលកៅស៊ូ រួមមានជ័រ និងឈើកៅស៊ូ ទទួលបានចំណូលជាង៩៩ លានដុល្លាអាមេរិក។ នេះបើយោងទៅតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានចម្ការកៅស៊ូ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
ប្រភពនេះ បញ្ជាក់ដោយលម្អិតពីចំណូលថា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩ លាន ១៤ម៉ឺន ៦ពាន់ ៩៧០ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨លាន ៥៦ម៉ឺន ២៧០ដុល្លា និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨ម៉ឺន ៦ពាន់ ៧០០ដុល្លា។
បើធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ តម្លៃនៃផលិតផលជ័រកៅស៊ូ មានការថយចុះ៤២ ដុល្លាក្នុងមួយតោន ដោយតម្លៃជាមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ មានតម្លៃ១៥៩៤ ដុល្លាក្នុងមួយតោន។ នេះបើផ្អែកតាមអគ្គនាយកដ្ឋានចម្កាកៅស៊ូដដែល ដោយបន្ដឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ ត្រឹមត្រីមាសទី១នេះ កើនឡើងចំនួន៧៨៣តោន ស្មើនឹង១ភាគរយប៉ុណ្ណោះ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៨៣៦ម៉ែត្រគុប កើនឡើង ៣,៤៧ភាគរយ។
សូមបញ្ជាក់ថា ផ្ទៃដីដាំកៅស៊ូនៅក្នុងប្រទេសកម្ពុជា យោងតាមអគ្គនាយកដ្ឋានចម្ការកៅស៊ូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ សរុបមានចំនួនជាង ៤០ម៉ឺន ៤ពាន់ហិកតា តែផ្ទៃដីចៀរជ័រមានចំនួនជាង ៣១ម៉ឺន ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួនជាង ៩ម៉ឺន ៣ពាន់ ហិកតា ស្មើនឹង២៣ភាគរយ។ អគ្គនាយកដ្ឋានរំលឹកឱ្យដឹងដែរកាលពីឆ្នាំ២០២១ថា កម្ពុជារកចំណូលបានជាង ៦១១ លានដុល្លារ ពីការនាំចេញលផលិតផលកៅស៊ូទាំងពីរនេះ។ ប្រភពនៃការនាំចេញជ័រកៅស៊ូកម្ពុជា មានទីផ្សាប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី៕