ភ្នំពេញ ៖ លោក ច្សច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្ត្រីនៅថ្ងៃទី២០ខែមេសានេះថាសហភាពអឺរ៉ុបមានក្តីសង្ឃឹមថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះនឹងមានវត្តមានរបស់មេបក្សប្រឆាំងចូលរួម ។ ការរំពឹងនេះខណៈដែលលោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅបរទេសដោយមានបណ្តឹងចំនួន៤ជាប់ខ្លួនហើយលោក កឹម សុខា ក៏កំពុងជាប់ពាក់ព័ន្ធនឹងក្តីក្តាំងស្នេហាផងដែរ ។ តែបែបនេះក្ដីមន្ត្រីគណបក្សកាន់អំណាចលើកឡើងថា ស្វាគមន៍វត្តមានលោក សម រង្ស៊ី ជានិច្ច តែមេបក្សប្រឆាំងមួយនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ រាយការណ៍ដោយលោក កែវ សុខា ៖

លោក ច្សច អេដហ្គា (George EDGAR) បញ្ជាក់ថា សហភាពអឺរ៉ុប ចង់ឃើញបរិយាកាសបោះឆ្នោតមួយដែលល្អប្រសើរពោលគឺត្រូវតែមានការចូលរួមប្រកូតប្រជែងពីគ្រប់គណបក្សនយោបាយ ពិសេសគឺមេដឹកនាំគណបក្សប្រឆាំងដោយមិនមានភាពភ័យខ្លាច ឬគាប់សង្កត់គ្នានោះឡើយ។
លោក ច្សច អេដហ្គា(George EDGAR) រំពឹងទៀតថាអ្នកនយោបាយកម្ពុជានឹងកសាងវប្បធម៌សន្ទនាឡើងវិញ ដើម្បីជាមធ្យោបាយមួយនាំឱ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិអាចមានលទ្ធភាពត្រលប់ចូលស្រុក ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ។ លោកបានថ្លែងដូចនេះ តាមរយៈអ្នកបកប្រែភាសា ៖
លោក ច្សច អេដហ្គា(George EDGAR) ៖ អ្វីដែលយើងទន្ទឹងរងចាំហ្នឹង គឺយើងសង្ឃឹមថានឹងមានឡើងវិញនូវវប្បធម៌សន្ទនា។ ហើយយើងក៏រងចាំបរិយាកាសមួយដែលគណបក្សនយោបាយពាក់ព័ន្ធទាំងអស់មកជជែងពិភាក្សាគ្នាបាន ដោយមិនមានការភិតភ័យ ឬមួយក៏មិនមានការធ្វើទុក្ខបុកមន្នេញផ្សេងនោះបាទ ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះ ក៏សង្ឃឹមថា គណបក្សនយោបាយធំពីរដែលមានអាសនៈអាចត្រលប់ចូលតុចចារគ្នាវិញ ដើម្បីពិភាក្សារួមគ្នាដោះស្រាយគោលនយោបាយផ្សេងៗ ។
មន្ត្រីនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ លើកឡើងថា គណបក្សប្រជាជនស្វាគមន៍ វត្តមានរបស់លោក សម រង្ស៊ី ដើម្បីចូលរួមការប្រកួតប្រជែងព្រឹត្តិការណ៍បោះឆ្នោតជានិច្ច ក៏ប៉ុន្តែ លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយកម្ពុជាមិនបានបិទសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយរបស់នរណាម្នាក់នោះទេ។ទាក់ទងវប្បធម៌សន្ទនាវិញ អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបន្តថា វប្បធម៌សន្ទនារបស់គណបក្សទាំងពីរមិនបានស្លាប់ទេ ។ លោកថា លោក សម រង្ស៊ី បានជាន់ឈ្លីវប្បធម៌សន្ទនាដោយខ្លួនឯង រីឯលោក កឹម សុខា វិញក៏មិនស្មោះត្រង់ និងមានតំលៃអ្វីមកចចារវប្បធម៌សន្ទនាទេព្រោះលោក កឹម សុខា កំពុងមានរឿងអាសូវផ្ទាល់ខ្លួន។
លោក សម រង្ស៊ី ធ្លាប់បានគេចខ្លួនដូចនេះគឺ ៤លើកមកហើយប៉ុន្តែឱ្យតែជិតបោះឆ្នោត លោកបាន ត្រឡប់មកវិញដោយមានការលើកលែងទោសពី ព្រះមហាក្សត្រ និងការសម្របសម្រួលនយោបាយ ជាមួយ សម្ដេច ហ៊ុនសែន ។ តែជាបែបនេះក្ដី សម្ដេច ហ៊ុន សែន សន្យាមិនលើកលែងទោស លោក សម រង្ស៊ី ជាដាច់ខាតហើយសន្យាកាត់ដៃស្ដាំលោកទៀតផងបើកលោកស្នើព្រះមហាក្សត្រ លើកលែងទោសមេបក្សប្រឆាំងរូបនេះ ។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យានយោបាយ និងជាអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថាលោក សម រង្ស៊ី នឹងអាចរកគ្រប់មធ្យោបាយដើម្បីវិលត្រលប់មកកម្ពុជាវិញមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។ លោក សូ ចន្ថា ថា លោក សម រង្ស៊ី អាចត្រូវចាប់ខ្លួនតាមបណ្តឹងដែលមានកន្លងមកតែលោក សូ ចន្ថា សង្កត់ធ្ងរថាប្រសិនលោក សម រង្ស៊ី ត្រូវបានចាប់ខ្លួនមែននោះ នោះសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិនឹងឈ្នះបក្សប្រជាជនមិនខាន ។
ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួន ២ គឺ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨ហើយខណៈការបោះឆ្នោតជិតមកដល់ស្ថានការណ៍នយោបាយ កម្ពុជា ឡើងកំដៅ រហូតមានការចាប់ខ្លួន សកម្មជនបក្សប្រឆាំង និងសកម្មជនសង្គម ដែលមានការព្រួយបារម្ភពី ការធ្លាក់ចុះ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី លោក ច្សច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាសង្ឃឹមថា លទ្ធផលបោះឆ្នោត នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ គឺតាមរយៈការកែទម្រង់ការបោះឆ្នោត ៕