ភ្នំពេញ៖ និស្សិត និងបុគ្គលិករដ្ឋ ៨១នាក់ ទទួលបានអាហារូបករណ៍ Erasmus Plus អោយទៅសិក្សា និងបង្រៀននៅប្រទេសជាង ១០នៅអឺរ៉ុប។
សិស្ស និស្សិត ដែលបានទទួលអាហារូបករណ៍ទាំងនេះ គឺសុទ្ធសឹងតែមានសមត្ថភាពនិងអាចចែករំលែកចំណេះដឹងរបស់ខ្លួនទៅកាន់ពលរដ្ឋដែលនៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមការលើកឡើងពីលោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពីធីជួបជុំក្រុមអតីតនិស្សិត និងបុគ្គលិកសិក្សាកម្ពុជា ដែលធ្លាប់ទទួលបានជំនួយ និងអាហារូបករណ៍ពីសហភាពអឺរ៉ុប ។
នៅក្នុងពិធីជួបជុំដែលធ្វើឡើងនៅសណ្ឋាគារឡាហ្វលឡឺរ៉ូយ៉ាល់ នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាលោកមានសេចក្ដីសោមន្សរីករាយ និងអរគុណជាខ្លាំងដល់សមាគមអតីតនិស្សិតនៃកម្មវិធីអាហា រូបករណ៍ដែលបានចំណាយពេលវេលាផ្ដល់ព័ត៌មានដល់សិស្ស-និស្សិត អំពីលទ្ធភាពទទួលបានអាហារូបករណ៍ដែលផ្ដល់ជូនដោយកម្មវិធី Erasmus Plus និងការបង្ហាត់បង្ហាញពួកគេអំពីវិធីដាក់ពាក្យសុំអាហារូបករណ៍ និងធ្វើយ៉ាងណា ដើម្បីឱ្យពួកគេទាញប្រយោជន៍ឱ្យបានល្អបំផុតពីបទ ពិសោធន៍នេះ ។
លោកបញ្ជាក់ថា សមាជិកសមាគមអតីតនិស្សិតគឺជាទូតដ៏ល្អបំផុតរបស់កម្មវិធីនេះ ហើយគំនិតរបស់ពួកគេអំពីរបៀបចូលរួមក្នុងកម្មវិធី Erasmus នៅកម្ពុជាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ និងសហភាពអឺរ៉ុបទាំងមូល។
សូមស្ដាប់ប្រសាសន៍របស់លោក ចច អេដហ្គា តាមរយៈអ្នកបកប្រែ!
ជុំវិញរឿងនេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងយុវជននិងកីឡាមានប្រសាសន៍ថា លោកក៏មានសេចក្ដីរីករាយដែលបានកិច្ចសហប្រតិបត្តិការពីសហភាពអឺរ៉ុបលើវិស័យអប់រំ។ លោកបន្ដថា និស្សិត និងបុគ្គលិករដ្ឋ គឺពួកគេអាចទទួលបានចំណេះដឹង និងប្រយោជន៍ច្រើនពីកម្មវិធី អាហារូបករណ៍នេះ ។
សំឡេង៖
លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបានជ័យលាភីពីអាហារូបករណ៍ Erasmus Plus បន្ដថ្នាក់បណ្ឌិតនៅប្រទេសរ៉ូម៉ាន់នីលើជំនាញកុំព្យូទ័ររយៈពេល ៣ឆ្នាំបន្ដ នៅថ្ងៃទី១២ ខែកញ្ញា ២០១៨នេះ។

សំឡេង៖
Erasmus Plus គឺជាកម្មវិធីរបស់សហភាពអឺរ៉ុបដែលផ្ដល់ការគាំទ្រដល់គម្រោងនានារួមមាន ភាពជាដៃគូ ព្រឹត្តិការណ៍ និងការសិក្សាចល័តវិស័យអប់រំ ការបណ្ដុះបណ្ដាល យុវជន និងកីឡា។
នៅចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨នេះ កម្មវិធី Erasmus Plus និង Erasmus Mundus ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុបបានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ៧៨០នាក់ ឱ្យធ្វើការសិក្សា ឬធ្វើបាឋកថា នៅអឺរ៉ុប។
តាម លោក ចច អេដហ្គា នៅឆ្នាំ២០១៨នេះ កម្មវិធីអាហារូបករណ៍ Erasmus Plus បានឧបត្ថម្ភថវិកាដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ចំនួន ៨១នាក់ ឱ្យទៅសិក្សា និងបង្រៀនចាប់ពីរយៈពេល ៥ថ្ងៃ រហូតដល់ ១២ ខែ នៅតាមសាកលវិទ្យាល័យនាំមុខគេនានានៅអឺរ៉ុប ដូចជា ប្រទេស ប៊ែលហ្ស៊ិក សាធារណឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី លូស៊ីអានី ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី អេស្ប៉ាញ និងស៊ុយអ៊ែត៕