en     km
en     km

លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានបរិស្ថានត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ពីបទ «ញុះញង់» និងបទ «បរិហារកេរ្តិ៍»

Share

អង្គការជាតិ និងអន្តរជាតិ ចាត់ទុកការចាប់ខ្លួនលោក អ៊ុក ម៉ៅ ជាការគំរាមកំហែង និងបំបិទសំឡេងអ្នកសារព័ត៌មានបរិស្ថាន ដែលហ៊ានផ្សាយព័ត៌មានពិតពីបទល្មើសព្រៃឈើ ខណៈអ្នកសារព័ត៌មានរូបនេះរងការចោទប្រកាន់ពីបទ «ញុះញង់» និងបទ «បរិហារកេរ្តិ៍»។ ពួកគេស្នើឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ទៅលើករណីនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនលោក អ៊ុក ម៉ៅ។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

លោក អ៊ុក ម៉ៅ មានវ័យ ៥៧ឆ្នាំ ជា​អ្នក​សារ​ព័ត៌​មាន​របស់​អង្គ​ភាព «​ឥន្ទ្រី​ផ្លើស ញូស៍»​ ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង។ លោកត្រូវបាន​បុរស ៣នាក់​ ដែលស្លៀកពាក់ស៊ីវិល​ចាប់​ខ្លួនតាំងពីរំលង​អាធ្រាត្រថ្ងៃទី១៦ ខែឧសភា ដោយ​ដឹកតាម​រថយន្ត​ម៉ាកលុចស៊ីស (​Luxus) ចេញទៅ​ដោយ​មិនមានដីកាបង្ហាញនោះទេ។​ នេះបើតាមការចុះផ្សាយរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ។

លោក ស៊ុន ឡង់ឌី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែឧសភានេះថា មកដល់ពេលលោក អ៊ុក ម៉ៅ ត្រូវឃុំខ្លួន​ក្នុងពន្ធនាគាខេត្តស្ទឹងត្រែង ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តទៅកាលអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។ ចំពោះសកម្មភាពលោក អ៊ុក ម៉ៅ ពាក់ព័ន្ធនឹងបទចោទនេះ លោកមិនទាន់ទទួលបានព័ត៌មានច្បាស់ពីតុលាការនៅឡើយទេ តែបទចោទនេះ សមាគមអាដហុកមើលឃើញថាលោក អ៊ុក ម៉ៅ តែងតែផ្សព្វផ្សាយព័ត៌មាន និងផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានអំពីបញ្ហាបរិស្ថាននៅក្នុងខេត្តស្ទឹងត្រែង។

លោក ស៊ុន ឡង់ឌី៖ «សមាគមអាដហុកយល់ឃើញថាការចាប់ខ្លួនទៅលើលោកអុក ម៉ៅ ជាអ្នកសារព័ត៌មានបរិស្ថានដោយមិនបានប្រាប់ពីមូលហេតុនៃការចាប់ខ្លួន និងបង្ហាញដីកាពីតុលាការគឺជាការបំភិតបំភ័យទៅដល់អ្នកសារព័ត៌មានបរិស្ថាននិងសកម្មជនបរិស្ថានផ្សេងៗទៀត ហើយក៏ជាការបំពានច្បាប់តាមមាត្រា៩៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ យើងយល់ថាបទចោទនេះ តាមរយៈបទចោទនេះយើងឃើញថា លោក អុក ម៉ៅ គាត់តែងតែផ្សព្វផ្សាយព័ត៌មាន ដូចជាផ្តល់បទសម្ភាសន៍ទៅតាមវិទ្យុផ្សេងៗលើកឡើងពីបញ្ហាបរិស្ថានក្នុងខេត្តស្ទឹងត្រែង»។

ករណីលោក អ៊ុក ម៉ៅ នេះ ក្នុងនាមជាសមាគមអាដហុក លោកឡង់ឌីសូមស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ទៅលើករណីនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនលោក អ៊ុក ម៉ៅ ដែលជាអ្នកសារព័ត៌មានម្នាក់ហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន និងព្រៃឈើ។

លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង។ រូបភាពពីអង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន​(RSF)។

ប៉ុន្តែលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងដែរថា តាមព័ត៌មានដែលលោកទទួលបានពីមន្ត្រីនគរបាលយុត្តិធម៌ លោក អ៊ុក ម៉ៅ មានសំណុំរឿងច្រើននៅតុលាការ ដែលពាក់ព័ន្ធនឹងវិវាទផង និងការប្រឆាំងជាមួយការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ។ ដូច្នេះការចាប់ខ្លួនលោក អ៊ុក ម៉ៅថ្មីៗនេះ ក្នុងបទចោទអ្វីលោកមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយលើកហេតុផលថាលោក អ៊ុក ម៉ៅ ជាប់បណ្ដឹងច្រើនករណីនៅតុលាការ។

លោក ម៉ែន គង់៖ «ខ្ញុំមិនដឹងថាគាត់ជាអ្នកសារព័ត៌មានអីទេ អ្នកខ្លះថាគាត់គឺជាអ្នកសារព័ត៌មាន អ្នកខ្លះថាគាត់ជាសកម្មជនការពារព្រៃឈើ ប៉ុន្តែខ្ញុំមិនមានមូលដ្ឋានសន្និដ្ឋានគាត់ថាជាអ្នកសារព័ត៌មានឬក៏ជាសកម្មជនការពារព្រៃឈើអីនោះទេ គាត់គ្រាន់តែជាប្រជាពលរដ្ឋដែលរស់នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចគាត់ផ្លាស់ទីលំនៅពីច្រើនកន្លែង»។

បន្ទាប់ពីមានការចាប់ខ្លួនលោក អ៊ុក ម៉ៅ អង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន​(RSF) បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ និង​បញ្ចេញ​ប្រតិ​កម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌​មាន​បរិស្ថាន​ប្រ​ចាំ​ខេត្ត​ស្ទឹង​ត្រែង គឺជាការ​​បំពាន​ និងធ្វើឱ្យ​កើន​ឡើង​នៃ​ការ​យាយី​ផ្នែក​តុលាការ​ដ៏ធ្ងន់​ធ្ងរ​ដល់​អ្នក​កាសែត។ ក្នុងសេចក្ដីថ្លែងការណ៍នោះ ពួកគេ​​ទាម​ទារឱ្យ​ដោះ​លែង​លោក អ៊ុក ម៉ៅ ជា​បន្ទាន់​។

អង្គការខាងលើបញ្ជាក់ថា លោក អ៊ុក ម៉ៅ បានរងពាក្យបណ្តឹងចំនួន១៤នៅតុលាការ ដែលភាគច្រើនទាក់ទងនឹងការរាយការណ៍របស់លោកពីបញ្ហាកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការលាតត្រដាងប្រតិបត្តិការរបស់ក្រុមហ៊ុនរុករករ៉ែ ដែលមានទំនាក់ទំនងជាមួយយោធា។

ករណីនេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា ថ្លែងថា ការបន្តចាប់ខ្លួន និងការបន្តប្ដឹងផ្ដល់ចោទប្រកាន់មកលើអ្នកសារព័ត៌មានផ្សេងៗ ជាពិសេសអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ជាកត្តារាំងស្ទះក្នុងការផ្ដល់ព័ត៌មានពិតអំពីបទល្មើសព្រៃឈើ ហើយកត្តារាំងស្ទះនេះ វាផ្ទុយនឹងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលបើកលំហព័ត៌មានពិត។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ រូបភាពពីខេមបូចា។

លោក ណុប វី៖ «ការប្ដឹងផ្ដល់ ការព្យាយាមនៅក្នុងការចាត់វិធានការទាំងផ្លូវច្បាប់ក្ដី ទាំងវិធានការផ្សេងៗទៀតទៅលើអ្នកសារព័ត៌មានបរិស្ថាននេះ វាធ្វើឱ្យមានផលប៉ះពាល់ទៅដល់ផលប្រយោជន៍របស់សង្គម ហើយជាពិសេសការជំរុញឱ្យមានការចាត់វិធានការប្រឆាំងជាមួយរាល់បទល្មើសទាំងឡាញណាចំពោះបទល្មើសកាប់រុករានទន្ទ្រានយកដី ឬមួយក៏ការកាប់បំផ្លាញធនធានធម្មជាតិ ដែលចំណុចនេះខ្ញុំជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បិទបញ្ចប់នូវការប្ដឹងផ្ដល់ ឬចាប់យកអ្នកសារព័ត៌មានជាសត្រូវបាទ!»។

នាយកសមាគមរូបនេះ បន្ថែមថា បើសិនគ្មានការចូលរួមរាយការណ៍ពីអ្នកសារព័ត៌មានទេ បទល្មើសព្រៃឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋ ក៏គ្មានប្រសិទ្ធភាពក្នុងការបង្ក្រាបផងដែរ។

ប៉ុន្តែលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងដែរថា ក្រសួងព័ត៌មានកំពុងស្រាវជ្រាវ និងតាមដានករណីលោក អ៊ុក ម៉ៅ ដែលត្រូវចាប់ខ្លួនកាលពីសប្ដាហ៍មុន។ ជុំវិញករណីនេះដែរ លោកណែនាំឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់ការងាររបស់ខ្លួនដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយក្នុងករណីជួបបញ្ហា និងមានវិវាទ លោកក៏ណែនាំឱ្យអ្នកសារព័ត៌មាន ដាក់សំណើមកក្រសួង ដើម្បីឱ្យក្រសួងព័ត៌មានធ្វើការពិនិត្យផ្ដល់កិច្ចការពារជូនអ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ៖ «អ្នកសារព័ត៌មានទំាងអស់ដែលកំពុងតែអនុវត្តការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ ហើយមានការចុះបញ្ជីប្រកបសកម្មភាពការងាររបស់ខ្លួនក្នុង ២៥រាជធានីខេត្តនេះ ប្រសិនបើជួបបញ្ហាហើយមានពាក់ព័ន្ធនឹងវិវាទផ្សេងៗ គឺយើងអាចធ្វើការស្នើសុំក្រសួងព៏ត៌មានដើម្បីយើងអាចទទួលបាននូវការគំាពារ ការការពារ ការផ្តល់ការប្រឹក្សាផ្នែកច្បាប់ ការផ្តល់មេធាវីការពារក្តីផ្សេងៗ ហើយលក្ខខណ្ឌដែលត្រូវអនុវត្តន៍គឺ អ្នកសារព័ត៌មានត្រូវតែអនុវត្តការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌ ហើយត្រូវតែមានប័ណ្ណសម្គាល់អ្នកសារព័ត៌មានដែលក្រសួងព័ត៌មានបានចេញជូន ហើយមានសុពលភាព»។

វិទ្យុស្ដ្រីព្យាយាមទាក់ទងអ្នកស្រី ឯក សុជាតិ ភរិយាលោក អ៊ុក ម៉ៅ មកដល់រសៀលថ្ងៃទី១៩ ខែឧសភានេះ មិនទាន់មានការឆ្លើយតបនៅឡើយទេ។

កាលពីចុងឆ្នាំ២០២៤ មានករណីបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់មកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ឈ្មោះលោក ឈឿង ឈឹង​ ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើស​ព្រៃឈើនៅស្រុកជីក្រែង​ ខេត្តសៀមរាប។ ក្រៅពីករណីបាញ់សម្លាប់អ្នកសារព័ត៌មាន នៅដើមឆ្នាំ២០២៥ ក៏មានករណីអ្នកកាសែត​ជនជាតិ​អង់គ្លេស​ម្នាក់​​លោក Gerald Flynn ដែល​តែង​តែ​រាយការណ៍​ព័ត៌មាន​រស៊ើប​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យចូល​ប្រទេស​កម្ពុជាផងដែរ៕

អត្ថបទដោយកញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង