ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះមួយលំដាប់ពិភពលោក មានឈ្មោះ Emirates បានចាប់ផ្ដើមបើកជើងហោះហើរត្រង់រវាង ទីក្រុងឌូបៃ បាងកក និងសៀមរាប ប្រទេសកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ជូនដំណឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២៥។
លោក រឿន សុភាន់ ជូនសេចក្តីរាយការណ៍
ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបើកប្រតិបត្តិហោះហើរត្រង់រវាង ទីក្រុងឌូបៃ បាងកក និងសៀមរាប ដែលជើងហោះហើរត្រង់នេះ ត្រូវបានរំពឹងថា នឹងអាចជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើនរវាងប្រទេសកម្ពុជា និងប្រទេសអារ៉ាប់រួមបានមួយកម្រិតទៀត។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
ពិធីអបអរជាផ្លូវការនូវការដំណើរការជើងហោះហើរ។រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានលើកឡើងថា ការតភ្ជាប់ជើងហោះហើរថ្មីរវាងកម្ពុជា និងប្រទេសក្នុងសហព័ន្ធអារ៉ាប់មួយនេះ គឺពុំមែនជាលើកដំបូងនោះទេ ដ្បិតកន្លងមកក្រុមហ៊ុនអាកាសចរណ៍មួយនេះបានធ្វើប្រតិបត្តិការរួចហើយ រវាងទីក្រុងឌូបៃ ទីក្រុងបាងកក និងទីក្រុងភ្នំពេញ ដោយក្នុងមួយសប្ដាហ៍មានជើងហោះហើរចំនួន ១០ជើង ។
សារព័ត៌មានក្នុងស្រុកដែលបានចុះផ្សាយព័ត៌មាននេះ បានបន្ថែមថា យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។
យន្តហោះក្រុមហ៊ុន Emirates ។រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ លោកថា ផ្លូវហោះហើរថ្មីនេះនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌុយបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងទ្វីបទាំង៦។ ដោយឡែក ការដាក់ឱ្យដំណើរការជើងហោះហើរពីទីក្រុងឌុយបៃ ទៅកាន់ទីក្រុងសៀមរាបឆ្លងកាត់ទីក្រុងបាងកក គឺចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ ដោយក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្តល់ជូនជើងហោះហើរសរុបចំនួន ១០ជើងក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅកាន់គោលដៅពីរផ្សេងគ្នាក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖រឿន សុភាន់