en     km
en     km

អ្នកជំនាញអប់រំ៖ យុវជននឹងលែងជក់បារីអេឡិចត្រូនិកប្រសិនជាតម្លៃពន្ធឡើងថ្លៃ

Share

មនុស្សជាច្រើនបានយល់ច្បាស់ពីភាពអវិជ្ជមាន ដែលហុចផលឱ្យនៅពេលប្រើប្រាស់បារីអេឡិចត្រូនិក (e-cigarette) ឬហៅម្យ៉ាងទៀតថា vape ខណៈមនុស្សមួយចំនួន ក៏ដូចជាយុវជននៅក្នុងវ័យសិក្សាខ្លះកំពុងឈ្លក់វង្វេងនៅក្នុងការប្រឡូក និងសាករបស់ថ្មីតាមមិត្តភក្តិបនភឿន។ ដើម្បីបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិកនេះ អ្នកជំនាញអប់រំលើកទឹកចិត្តឱ្យរដ្ឋាភិបាលរឹតបន្តឹងទៅលើពន្ធនាំចូលបារីអេឡិចត្រូនិក គួបផ្សំនឹងការផ្សព្វផ្សាយពីផលប៉ះពាល់ឱ្យបានទូលំទូលាយ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានដាក់បម្រាមហាមមិនឱ្យមានការចែកចាយ លក់ដូរ​ ឬប្រើប្រាស់នៅរាល់បរិវេណនៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននោះឡើយ ដ្បិតផលិតផលទាំងនេះមិនមែនជាឧបករណ៍ផ្តាច់ការជក់បារីទេ តែជាផលិតផលប៉ះពាល់ដល់សង្គមជាតិ គ្រួសារ និងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពផងដែរ។ បើយោងតាមសេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ការប៉ះពាល់ផ្នែកសុខភាពមានដូចជា បង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ ធ្វើឱ្យមានបញ្ហាទាក់ទិននឹងបេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយជាដើម។

រូបភាព៖ ក្រសួងសុខាភិបាល

 

ចំពោះលោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ថា យុវជនជាច្រើនកំពុងឈ្លក់វង្វេងទៅលើភាពឡូយឆាយនៃការប្រើប្រាស់និងសាករបស់ថ្មីៗដែលពុំទាន់យល់ដឹងពីផលអវិជ្ជមានដែលនឹងជះផលនាថ្ងៃអនាគតនោះឡើយ។ កន្លងមក លោកស្រីសង្កេតឃើញមានសិស្សានុសិស្សមួយចំនួនប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងបរិវេណសាលារៀនដោយអនាធិបតេយ្យ និងពុំខ្លាចរអ៊ាពីការដាក់ទោសទណ្ឌពីខាងសាលារៀនទេ ផ្ទុយទៅវិញពួកគេអង្គុយជក់ និងបង្ហុយផ្សែងយ៉ាងរីករាយ។ ចំពោះលោកស្រីផ្ទាល់ យល់ថា ការណ៍នេះមិនត្រឹមតែជះផលអវិជ្ជមានទៅលើពួកគាត់តែមួយមុខនោះទេ​ តែបានធ្វើឱ្យប៉ះពាល់ទៅដល់សមាជិកគ្រួសារ និងសង្គមជាតិផងដែរ។

ជាដំណោះស្រាយនៅជុំវិញបញ្ហានេះ លោកស្រី អ៊ុក ឆាយ៉ាវី ផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជាគួរគិតគូរពីការដំឡើងថ្លៃពន្ធនាំចូលលើផលិតផលបារីអេឡិចត្រូនិកឱ្យគត់មុតបំផុត ពីព្រោះកាលណាតម្លៃនៃផលិតផលនេះថ្លៃ នោះយុវជនពុំមានលទ្ធភាពទិញនិងប្រើប្រាស់បន្តទៀតឡើយ។

«ការប្រើប្រាស់បារី[អេឡិចត្រូនិក​]នៅតាមប្រទេសយើងហ្នឹង គួរតែយកពន្ធឱ្យធ្ងន់មែនទែន​ ព្រោះអ្វីមួយដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដល់សិស្សានុសិស្ស ដល់ពលរដ្ឋ គួរតែដាក់ពន្ធឱ្យខ្ពស់ ដើម្បីឱ្យពួកគាត់(សិស្ស)ឈប់ប្រើប្រាស់។»។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​

ថ្លែងនៅក្នុងកម្មវិធីផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការប្តេជ្ញាលើការមិនឱ្យក្រុមហ៊ុនបរទេសវិនិយោគការផលិតបារីអេឡិចត្រូនិកនៅក្នុងកម្ពុជាឡើយ ទោះក្នុងក្រមខណ្ឌនាំចេញក៏ដោយ។ ការពោលដូច្នេះដោយសារសម្តេចមើលឃើញពីផលប៉ះពាល់យូរអង្វែងដែលកើតមានបន្ទាប់ពីអ្នកទិញយកទៅប្រើប្រាស់។ ក្នុងនោះសម្ដេចក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលតាមគ្រឹះស្ថានអប់រំ ចៀសវាងមានសិស្សនាំគ្នាជក់បារីអេឡិកត្រូនិកដោយឥតសណ្តាប់ធ្នាប់។ ជាងនេះ សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋនាំគ្នាលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ មិនថាតែដើម្បីការពារជំងឺមហារីកប៉ុណ្ណោះទេ។

សម្តេច ហ៊ុន ម៉ាណែត៖«ប៉ុន្មានថ្ងៃមុន មានប្រទេសមួយនោះខ្ញុំទៅ ខ្ញុំអត់បញ្ចេញ[ឈ្មោះ​] វា[អាចប៉ះពាល់]ក្រុមហ៊ុនវិស័យឯកជនគាត់។ ហើយរហូតទៅដល់រដ្ឋមន្រ្តីរបស់គាត់មកនិយាយជាមួយលោកជំទាវ ចម និមល សួរពីគោលការណ៍ដើម្បីមកផលិតបារីអេឡិចត្រូនិកនៅកម្ពុជា។ ខ្ញុំថាមិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ទេ​​។ អត់ចាំបាច់ទេ យើងមានជម្រើសរាប់ពាន់មុខដែលគេមកវិនិយោគ អ៊‌ីចឹងអត់មានបារី គឺថា[អត់មាន]វិនិយោគផលិតបារីអគ្គិ​សនីនៅកម្ពុជា ក៏កម្ពុជាមិនក្រដែរ។»។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី

 

ជាមួយគ្នានេះដែរ លោកស្រី អ៊ុក ឆាយ៉ាវី លើកទឹកចិត្តឱ្យយុវជនរៀនឆ្លើយថាទេ​ ចំពោះសកម្មភាពឬទង្វើដែលប្រាសចាកពីសីលធម៌ ប៉ះពាល់ដល់សុខភាព និងអនាគតវែងឆ្ងាយរបស់ខ្លួន។ ចំណែកឯម្តាយឪពុកនិងអាណាព្យាបាលក៏ត្រូវចូលរួមចំណែកទូន្មានប្រៀបប្រដៅកូនៗឱ្យចេះគិតគូរបន្ថែមពីផលអវិជ្ជមាននៃការប្រើប្រាស់បារីអេឡិចត្រូនិក។ រីឯគ្រឹះស្ថានអប់រំ លោកស្រីយល់ថា គប្បីមានច្បាប់រឹតបន្តឹងយុវជនកុំឱ្យបន្តប្រើប្រាស់ ឬប្រសិនជាឃើញពួកគេប្រើប្រាស់ហើយត្រូវមានចំណាត់ការជាបន្ទាន់។

លោកស្រី អ៊ុក ឆាយ៉ាវី៖«ជាពិសេសសូមលើកទឹកចិត្តដល់ម្តាយឪពុក បើឃើញកូនបែបនេះហើយគួរតែណែនាំកូនឱ្យបានល្អ។ ហើយមួយទៀតសំខាន់បំផុត គឺថ្នាក់ដឹកនាំយើង សូម្បីតែនៅក្នុងអង្គការ ក៏ដូចជានៅក្នុងគ្រឹះស្ថានណាមួយ គួរតែឈប់បានឈប់ទៅ ព្រោះកាលដែលផ្សែងបារី ផ្សែងគ្រឿងញៀន[បង្ហុយទៅ]ធ្វើឱ្យផ្តល់ផលប៉ះពាល់ដល់អ្នកជុំវិញខ្លួន។»។​

 

ទាក់ទិនការទប់ស្តាត់នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានចេញសេចក្តីណែនាំកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយស្នើឱ្យគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលអវិជ្ជមាននៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំនិងអ្នកសិក្សា។ ម្យ៉ាងទៀត ក្រសួងហាមឃាត់មិនឱ្យមានការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុងនិងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។ ក្រសួងអប់រំក៏ចង់ឃើញការសហការជាមួយមាតា បិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

Share

ព័ត៌មានទាក់ទង