ភ្នំពេញ៖ ការរត់ប្រណាំងទៅរកសេតវិមានរវាងអតីតរដ្ឋមន្ដ្រីការបរទេស Hillary Clinton និងមហាសេដ្ឋីអចលន ទ្រព្យ Donald Trump ឥឡូវនេះ ពួកគេបានទៅដល់ចំណុចមួយដែលគេមើលឃើញថា បេក្ខជនទាំងពីរនេះមើល ឃើញចំណុចឈ្នះ និងចាញ់ជាមួយគ្នាកាន់តែច្បាស់។

ការស្ទង់មតិមួយធ្វើឡើងដោយសាកលវិទ្យាល័យដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យQuinnipiac បង្ហាញថា លោកស្រី Hillary Clinton បាននាំមុខលោក Donald trump តែ ២% ប៉ុណ្ណោះនៅដំណាក់កាលចុងក្រោយនេះគឺរវាង ៤២% និង ៤០%។
ការស្ទង់មតិនេះធ្វើឡើងលើអ្នកដែលមានឈ្មោះបោះឆ្នោត ១៦១០នាក់ គឺធ្វើឡើងកាលពីថ្ងៃទី ២១ មិថុនា។សាកលវិទ្យា ល័យនេះបានបញ្ជាក់ថា បើមានចំណុចល្អៀងគឺមានតែ ២% ប៉ុណ្ណោះ។
ការស្ទង់មតិមួយទៀតរបស់សាកលវិទ្យាល័យនេះដដែល គឺលើចំនួនមនុស្សប្រហាក់ប្រហែលគ្នាតែនៅទីតាំងខុសគ្នាដោយបញ្ជាក់ថា លោកស្រី Clinton បាននាំមុខលោក Donald trump តែ២% គឺរវាង ៣៩% និង៣៧%។
ការស្ទង់មតិដែលធ្វើឡើងពីមុនមកដោយបណ្ដាញផ្សាយព័ត៌មាន NBC និង World Street Journal បញ្ជាក់ថា លោកស្រីគ្លីតុនបាននាំមុខលោក Donald trump រហូតដល់ទៅ១១%។
ប៉ុន្ដែការស្ទង់មតិថ្មីនៅចុងខែមិថុនានេះ ដែលធ្វើឡើងដោយសកលវិទ្យាល័យ Quinninpiac បញ្ជាក់ថាប្រជាប្រិយភាពរបស់លោក Donald trump បានដើរជាន់កែងជើងរបស់លោកស្រី Clinton ហើយ។
សហរដ្ឋអាមេរិកនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃ៨ វិច្ឆិកា ឆ្នាំ២០១៦ ដែលការបោះឆ្នោតនេះគឺជាការជ្រើសរើសប្រធានាធិបតីអាមេរិកលើកទី ៤៥ ជំនួសប្រធានាធិបតីអូបាម៉ាដែលចូលនិវត្តន៍៕
ប្រភព៖CNN