en     km
en     km

ក្រុមការងារអភិរក្សផ្សោត៖បញ្ហាដាក់មងក្នុងតំបន់ផ្សោតរស់នៅនៅតែជាប្រធានបទក្តៅលើកមកជជែក

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ អង្គការ WWF-កម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពីការគ្រប់គ្រងនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដោយអ្នកជំនាញជាតិ និង អន្តរជាតិ បានអបអរសាទរនូវវឌ្ឍនភាពកិច្ចការអភិរក្សផ្សោតនាពេលកន្លងមកប្រកបដោយលទ្ធភាពវិជ្ជមាន។ តែយ៉ាងណា បញ្ហាការដាក់ឧបករណ៍មងរបស់អ្នកនេសាទក្នុងតំបន់ផ្សោតបម្លាស់ទីរស់នៅ នៅតែចោទជាបញ្ហាប្រឈមគំរាមកំហែងដល់អាយុជីវិតសត្វផ្សោតដដែរ ខណៈបញ្ហានេះត្រូវបានក្រុមអ្នកជំនាញកំពុងជជែករកដំណោះស្រាយ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សសត្វផ្សោតជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាកំពុងមានវត្តមានក្នុងសិក្ខាសាលាមួយស្តីពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលរៀបចំដោយអង្គការ WWF-កម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៤ និងទី២៥ ខែមីនានេះនៅទីរួមខេត្តក្រចេះ។

សកម្មភាពអ្នកចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។រូបភាពពីWWF។

បើទោះបីជាជំនួបនៅព្រឹកនេះ ពុំទាន់ជជែកឱ្យស៊ីជម្រៅលើយន្តការសំខាន់ៗលើកិច្ចការងារអភិរក្សផ្សោតយ៉ាងណាក្តី តែបញ្ហាការរាយមងក្នុងតំបន់ដែលសត្វផ្សោតចូលចិត្តបម្លាស់ទៅរស់នៅនៅតែជាប្រធានបទក្តៅដែលត្រូវលើកយកមកជជែក។ នេះបើតាមលោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាននៃអង្គការ WWF-កម្ពុជាប្រាប់វិទ្យុស្រ្តីនៅព្រឹកនេះ។

លោកថា សិក្ខាសាលានេះកើតឡើងបន្ទាប់ពីអង្គការ WWF-កម្ពុជា និងដៃគូពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ហែលទឹកទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ហែលកាត់ទីជម្រករបស់ផ្សោត ដោយបានប្រទះឃើញសំណាកឧបករណ៍នេសាទដូចជាមងជាដើម។

យ៉ាងណាមិញ នៅថ្ងៃទី១នៃកម្មវិធីសិក្ខាសាលានេះ ក្រុមអ្នកជំនាញមកពីបណ្តាប្រទេសនានាពុំទាន់បានធ្វើបទបង្ហាញពីបទពិសោធន៍និងដំណោះស្រាយលើបញ្ហាប្រឈមនៃកិច្ចការអភិរក្សសត្វផ្សោតនេះនៅឡើយទេ ដោយគន្លឹះដោះស្រាយនានាអាចនឹងត្រូវលើកឡើងនៅថ្ងៃស្អែក។

លោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាននៃអង្គការ WWF-កម្ពុជា។

តែយ៉ាងណាលោក ឆេង សំបូរ ប្រាប់ថា សិក្ខាសាលានៅថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីវាយតម្លៃសមិទ្ធិផលនានាឈានទៅពង្រឹងភាពជាដៃគូ និងកែលម្អយុទ្ធសាស្រ្តអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា។ លោកថា កិច្ចពិភាក្សានេះក៏នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការជំរុញការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្រ ការបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងធានាបាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីការពារផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះ ។ មួយទៀតដែល អង្គសិក្ខាសាលានឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់ នោះគឺជាយន្តការមួយឆ្ពោះទៅរកការធានាការរស់រានមានជីវិតរយៈពេលវែងរបស់សត្វផ្សោត។

នៅក្នុងសិក្ខាសាលានោះដែរ លោក ស្រេង សុភាព អភិបាលរងនៃរដ្ឋបាលខេត្តក្រចេះ បានសង្កត់ធ្ងន់ថា «យុទ្ធនាការហែលទឹកទន្លេមេគង្គកន្លងមកនេះ ជាផ្នែកមួយបានរួមចំណែកដល់ការផ្សព្វផ្សាយ និងការការពារសត្វផ្សោតទន្លេមេគង្គ។លោករំពឹងថា សិក្ខាសាលានេះនឹងផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្រ្តអភិរក្សបន្ថែមទៀត សម្រាប់ប្រភេទសត្វផ្សោត ដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតរស់នៅរបស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ»។

អ្នកចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។រូបភាពពីWWF។

យោងតាមរបាយការណ៍របស់ក្រសួងសិកម្មបាន​ឱ្យ​ដឹង​ថា ចំនួន​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់១០៥​ក្បាល​គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​ ២០២៤។ សម្រាប់ក្រសួងកសិកម្មចាត់ទុក សត្វផ្សោត គឺជាធនធាន ជលផលមួយប្រភេទក្នុងចំណោមធនធានជលផលកំពុងរងគ្រោះថ្នាក់ សរុបចំនួន ៥៨ ដែលត្រូវបានកំណត់ក្នុង អនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ សត្វនេះ ក៏ត្រូវ​បាន​កំណត់​ក្នុង​បញ្ជី​ក្រហ​មរ​បស់អន្តការ IUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជផងដែរ៕

 

 

 

Share

ព័ត៌មានទាក់ទង