en     km
en     km

ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំស្នើឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បន្ថែមលើកិច្ចគាំពារកុមារតាមមូលដ្ឋាន

Share

ភ្នំពេញ៖ «កុមារជាទំពាំងស្នងឬស្សី និងជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ»។ នេះជាពំនោលលើកឡើងរបស់ លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ថ្លែងក្នុងកម្មវិធីខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា ខួបលើកទី២៣ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា។ ការថ្លែងនេះធ្វើឡើង នៅបរិវេណសាលាបឋមសិក្សាសំរោង ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ថ្លែងក្នុងកម្មវិធីខួបលើកទី ៧៥់។រូបភាពពី សូរហ៊ាន សំអាង ។

ការថ្លែងបែបនេះ ដ្បិតប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំបានចាប់អារម្មណ៍ឃើញថា កុមារគឺជាប្រភេទមនុស្សងាយរងគ្រោះ ងាយធ្លាក់ខ្លួនចូលក្នុងការជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។ ដូច្នេះហើយលោកប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈលើកិច្ចគាំពារកុមារ។

ក្នុងនោះអាជ្ញាធរត្រូវប្រាដកថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទៅលើផ្នែកចំណេះដឹង ស្មារតី មនសិកាស្នេហាជាតិ សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។ ជាងនេះ អាជ្ញាធរត្រូវប្រឆាំងដាច់ខាត រាល់ការរើសអើង ការជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើកុមារផងដែរ។

កម្មវិធីនេះមានការចូលរួមពីសិស្សានុសិស្សនិងមន្រ្តីពាក់ព័ន្ធប្រមាណ ២៣០នាក់។រូបភាពពី សូរហ៊ាន សំអាង ។

អ្វីជាពិសេស សមត្ថកិច្ចអាជ្ញាធរត្រូវប្តេជ្ញាចិត្តឱ្យបានខ្ពស់បញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហឹង្សាលើកុមារ រួមទាំងការចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារផងដែរ។

ជុំវិញរឿងនេះលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក អាជ្ញាធរឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដោយបង្កើនការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈម និងការរំលោភបំពានគ្រប់រូបភាព៕

អត្ថបទខ្លីសរសេរដោយ  សូរហ៊ាន សំអាង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

 

Share

ព័ត៌មានទាក់ទង