en     km
en     km

ជួបការលំបាកមិនបោះបង់ ពេលនេះ អ្នកស្រីមាស ទាវ មានជីវភាពធូរធារដោយសារដាំត្រសក់

Share

តាកែវ៖ ជួបការលំបាកតែមិនបោះបង់ អ្នកស្រី មាស ទាវ បានជម្នះការលំបាកក្នុងការដាំត្រសក់ផ្អរជាលើកដំបូង រហូតទទួលបានជោគជ័យ ដែលបច្ចុប្បន្ននេះធ្វើឱ្យអ្នកស្រីមានជីវភាពល្អប្រសើរ មានពេលវេលាច្រើនសម្រាប់មើលថែទាំចៅតូចនៅឯផ្ទះ រួចមានចំណូលពីការលក់ផ្លែត្រសក់បានថែមទៀត។

អ្នកស្រី មាស ទាវ ប្រជាកសិករនៅក្នុងភូមិឆ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ចាប់ដាំត្រសក់តាំងពីឆ្នាំ២០១៨ ដំបូងលំបាកមិនដឹងបច្ចេកទេសដាំ ស្ទើរតែបោះបង់ការងារនេះទៅហើយ។ តែលុះបានអង្គការHelen Keller ជួយទាំងពូជ និងបច្ចេកទេសដល់កសិករនៅក្នុងសហគមន៍ បច្ចុប្បន្នធ្វើឱ្យអ្នកស្រីទទួលបានផលពីការដាំត្រសក់នេះ ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងមានពេលនៅមើលថែទាំកូន និងចៅនៅផ្ទះ អ្នកស្រីយល់ថា ជីវភាពគ្រួសារអ្នកស្រីពេលនេះគ្រាន់បើជាងមុន។

អ្នកស្រី មាស ទាវ ៖«មុនដំបូងចង់ឈប់ដាំដែរ យើងអត់ដែលដឹងវាខូច វាអីអ៊ីចឹងក្រោយមកទៀតយើងចេះតែធ្វើទៅមានលោកគ្រូ អ្នកគ្រូគាត់មកបង្ហាត់បង្រៀនប្រាប់យើងចេះតែធ្វើតាមគាត់ប្រាប់យូរៗក៏ចេះដឹងស្គាល់ថ្នាំខ្លះ ស្គាល់គន្លាក់រៀនធ្វើ»។

ដោយសារ តែការដាំត្រសក់របស់អ្នកស្រី មាស ទាវ មានលក្ខណៈខ្នាតតូចអ្នកស្រីប្រាប់ថា ទិន្នផលដែលទទួលក៏តិចទៅតាមហ្នឹងដែរ គឺ២ទៅ៣លានរៀល ជួនក៏៣ទៅ៤លានរៀល និងជួនកាលក៏១លានរៀល ពោលគឺមិនទៀងទេ អាស្រ័យលើការដាំបាន ឬដាំមិនបានក្នុងមួយរដូវចាប់ពីដាំ រហូតដល់បេះមានរយៈពេល២ខែ។

អ្នកស្រី មាស ទាវ ៖«ធៀបពីមុនមកឥឡូវ ខ្ញុំក៏កាន់តែចាស់ទាំងតា និងយាយលែងពិបាកដើរទៅរកខាងក្រៅ យើងនៅតែក្នុងផ្ទះធ្វើការងារដាំបន្លែនៅតែផ្ទះបានជួយមើលចៅ មើលកូនម្យ៉ាងដែរ ល្អជាងមុនតាមខ្ញុំគិត តែអាយុយើងច្រើនដែរហើយ ចាស់ហើយ បើនៅក្មេងចេះតែធ្វើបានយូរទៀត»។

ទាក់ទងនឹងបច្ចេកទេសដាំ ក៏ដូចជាគ្រាប់ពូជ កសិករនៅក្នុងសហគមន៍ភូមិឆ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ គឺទទួលបានពីអង្គការ Helen Keller។  កញ្ញា ឈិត ឆពុំ អ្នកសម្របសម្រួលថ្នាក់ខេត្តនៃអង្គការ Helen Kellerអន្តរជាតិប្រចាំនៅកម្ពុជា ប្រាប់ឱ្យដឹងថា សម្រាប់គម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ» អនុវត្តន៍ដោយអង្គការហេទ្បែន ខេលល័រ ធ្វើនៅខេត្តចំនួន៣មានកំពង់ធំ កំពត និងតាកែវ។ មានកសិករជាង៤១០០គ្រួសារ ទទួលបានផលពីគម្រោងអាហារូបត្ថម្ភ ដែលផ្តោតលើ កសិកម្មដែលពួកគាត់ដាំដុះជាលក្ខណៈគ្រួសារយកមកហូប សម្រាប់គ្រួសារប្រចាំថ្ងៃ និងសល់ពីនេះយកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

កញ្ញា ឈិត ឆពុំ ៖«គោលបំណងនៃគម្រោងគឺចង់ឱ្យកសិករនៅតាមតំបន់ មានបន្លែលក្ខណៈគ្រួសារ របស់គាត់ហូបចុកបានគ្រប់គ្រាន់ និងសុវត្ថិភាព ចង់ឱ្យស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំទទួលបានអាហារូបត្ថម្ភ»។

កញ្ញា ឈិត ឆពុំ បានប្រាប់បន្ថែមថា សម្រាប់ខេត្តតាកែវមានកសិករជិត១០០០នាក់ទទួលបានផលពីគម្រោងខាងលើ ក្នុងនោះគាត់ទទួលបានគ្រាប់ពូជបន្លែចំនួន១៤មុខ ពូជស្រូវសម្រាប់កសិករ ដែលដាំស្រូវទទួលបាន២មុខ គឺពូជស្រូវ សែនក្រអូប និងសែនរំដួល៕

រូបភាពអង្គការHelen Keller

Share

ព័ត៌មានទាក់ទង