en     km
en     km

ទោះអស់សង្ឃឹមលើប្រព័ន្ធយុត្តិធម៌តែគ្រួសារសកម្មជនចលនាមាតាធម្មជាតិនៅតែបន្តប្ដឹងជំទាស់ទៅតុលាការ

Share

ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិ បង្ហាញក្ដីអស់សង្ឃឹម និងខកចិត្ត ក្រោយតុលាការកំពូលសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនទាំងនោះ។ ទោះអស់សង្ឃឹម តែគ្រួសារសកម្មជនទាំងនោះ មិនបោះបង់ការទាមទារយុត្តិធម៌ជូនសកម្មជនចលនាមាតាធម្មជាតិឡើយ ដោយពួកគេបន្តប្ដឹងជំទាស់តាមផ្លូវច្បាប់។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

បន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះសកម្មជនចលនាមាតាធម្មជាតិទាំង ៥រូប កាលពីសប្ដាហ៍មុនមក នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ តុលាការកំពូល ប្រកាសបដិសេធសំណើនៅក្រៅឃុំពួកគេ ក្នុងនោះមានតែលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ត្រូវមន្ត្រីពន្ធនាគារដឹកមកតុលាការ។ ចំណែកលោក យឹម លាងហ៊ី និងកញ្ញា ឡុង គន្ធា មិនមានវត្តមានមកចូលរួមឡើយ។

ស្ថានភាពនៅតុលាការកំពូលព្រឹកនេះ មានការឃ្លាំមើលពីបណ្ដាស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអូស្ដ្រាលី អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស។ ក្រៅពីនេះក៏មានការឃ្លាំមើលពីគណបក្សប្រឆាំង និងកងកម្លាំងដែលស្លៀកពាក់ស៊ីវិលប្រមាណជិត ២០នាក់ផងដែរ។

ម្ដាយលោក លី ចាន់ដារ៉ាវុត សកម្មជនចលនាមាតាធម្មជាតិ ថ្លែងប្រាប់វិទ្យុស្ដ្រីថា អ្នកស្រីមកថ្ងៃនេះមានក្ដីសង្ឃឹមថាតុលាការកំពូលនឹងអាចសម្រេចឱ្យកូនបាននៅក្រៅឃុំ ប៉ុន្តែផ្ទុយទៅវិញតុលាការបែរជាសម្រេចឃុំខ្លួនដដែល។ ក្រោយការសម្រេចនេះ អ្នកស្រីបង្ហាញអារម្មណ៍អស់សង្ឃឹម​ ដោយសារគ្មានកូនមករស់នៅក្បែរ ទន្ទឹមនឹងខ្លួនកំពុងមានជំងឺប្រចាំកាយផង។

«បើគាត់នៅផ្ទះទៅគាត់អាចជួយការងារយើងខ្លះអ៊‌ីចឹង ជួយសម្រាលការងារយើង ដល់ពេលគាត់ជាប់អ៊‌ីចឹងទៅរាល់ការងារត្រូវស្ថិតលើខ្ញុំម្នាកឯង គឺពិបាកពិបាកមែនទែន ហើយយើងមានប៉ះពាល់ផ្លូវចិត្តយើង ចូលលក្ខណៈថាមានជំងឺច្រើន សុខភាពមីងក៏ខ្យោយ មួយរយៈនេះមីងឈឺ ស្រក់គីឡូ ដោយសារសុខភាពផ្លូវចិត្តយើង កាលណាមានវិបត្តិផ្លុវចិត្តសុខភាពយើងទ្រុធទ្រោមតាមហ្នឹងដែរ»។

ជាស្ដ្រីមេម៉ាយដែលមានកូនប្រុសតែម្នាក់ អ្នកស្រីប្រឹងប្រកបរបរលក់ដូរតិចតួច ដើម្បីបានចំណូលយកផ្គត់ផ្គង់លោក ដារ៉ាវុត ក្នុងពន្ធនាគារផង និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃខ្លួនឯងផង។ ទោះបីលំបាកក្ដី តែស្រ្តីជាម្តាយរបស់លោកចាន់ដារ៉ាវុត នៅតែបង្ហាញមោទនភាពចំពោះសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិរបស់កូនប្រុស។

«គិតថារំភើបចិត្តមានការដោះលែងពួកគាត់ត្រឡប់មកវិញ តែឥលូវអត់វិញមានអារម្មណ៍សោកស្ដាយ និងខកចិត្ត ព្រោះអីយើងគិតថាគួរតែដោះលែងគាត់ឱ្យមានសេរីភាពឱ្យគាត់បានបន្តការសិក្សា និងបន្តការងារជួយសង្គមឡើងវិញ»។

ចំណែកអ្នកស្រី ប៉ាត់ រស្មី ភរិយាលោក ថុន រដ្ឋា ជាសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀតដែលបានមកតាមដានលទ្ធផលសាលក្រមផងដែរនោះឱ្យដឹងដែរថា តុលាការបដិសេធមិនឱ្យប្ដីអ្នកស្រី និងសកម្មជន ៤នាក់ផ្សេងទៀតនៅក្រៅនោះទេ ដោយសារខ្លាចពួកគេបង្កភាពអសន្តិសុខក្នុងសង្គម។ ការបដិសេធក្រោមហេតុផលនេះ អ្នកស្រីយល់ថា មិនសមស្របឡើយ ដ្បិតស្វាមីអ្នកស្រីជាពលរដ្ឋស្រលាញ់សង្គម បរិស្ថាន និងប្រឹងប្រែងធ្វើសកម្មភាពជាច្រើន ក្នុងបុព្វហេតុថែរក្សាការពារធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយ។

 

អ្នកស្រី ប៉ាត់ រស្មី៖ «ខ្ញុំមានអារម្មណ៍ឈឺចាប់មែនទែនដែលតុលាការសម្រេចមិនឱ្យពួកគាត់បាននៅក្រៅឃុំ យើងឃើញស្រាប់ហើយថាស្ថានភាពកន្លងមកពួកគាត់ធ្វើការងារតែការពារធនធានធម្មជាតិ និងលាតត្រដាងអំពើពុករលួយមួយចំនួនដែលមន្ត្រី ឬក៏អ្នកពាក់ព័ន្ធបំផ្លាញធនធានធម្មជាតិហ្នឹង គឺគាត់លាតត្រដាង ហើយគាត់អត់មានកំហុសអីទេ តែបែរជាតុលាការមិនអនុញ្ញាតឱ្យគាត់នៅក្រៅឃុំ»។

ធ្លាប់មានក្ដីរំពឹងថាតុលាការនឹងសម្រចឱ្យលោក ថុន រដ្ឋា បាននៅក្រៅឃុំមានសេរីភាព តែពន្លឺនៃក្តីរំពឹងនេះប្រែផ្ទុយស្រឡះ ក្រោយតុលាការសម្រេចឃុំខ្លួនក្រុមសកម្មជនដដែល។ មិនតែប៉ុណ្ណោះការសម្រេចនេះធ្វើឱ្យទឹកមុខអ្នកស្រី រស្មី ដែលដើរចេញពីក្នុងតុលាការសំដៅមកក្រៅ ពោរពេញដោយភាពក្រៀមក្រំ និងក្ដីអស់សង្ឃឹម។ ដោយឡែកក្នុងជីវភាពគ្រួសារវិញ អ្នកស្រី រស្មី នៅតែបន្តទទួលបន្ទុកមើលថែកូនតូចៗទាំង ៣នាក់ និងត្រូវរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពផង និងត្រូវផ្គត់ផ្គង់ស្វាមី ដែលឃុំខ្លួនក្នុងពន្ធនាគារឆ្ងាយពីគ្រួសារថែមទៀត។

អ្នកស្រី ប៉ាត់ រស្មី៖ «ចង់និយាយថាយើងអត់ដឹងធ្វើម៉េចទេក្នុងនាមនេះ មានតែធ្វើតាមនីតិវិធីយើងនឹងប្ដឹងជំទាស់ការសម្រេចអាដើមដែលគេកាត់ទោសគាត់ឱ្យជាប់ទោស ៦ឆ្នាំហ្នឹង មានតែតាមវិធីច្បាប់ទេ ព្រោះយើងមិនអាចធ្វើអីបាន»។

មុនតុលាការប្រកាសបដិសេធនេះ ក្រុមយុវជន និងអង្គការសិទ្ធិមនុស្ស នៅថ្ងៃទី២៩ ខែមេសា បាននាំគ្នារៀបចំយុទ្ធនាការស្នើឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលជាប់ពន្ធនាគារ ដោយសារតែសកម្មភាពស្របច្បាប់ក្នុងកិច្ចការពារបរិស្ថាន និងសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ និងឱ្យពួកគេរួចផុតពីបទចោទ។

សូមរំលឹកថា សកម្មជនមាតាធម្មជាតិទាំង ៥រូប ត្រូវបានជាប់ឃុំក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសពីបទ «រួមគំនិតក្បត់»។ សកម្មជនទាំងនោះ ស្ថិតក្នុងចំណោមមនុស្សចំនួន ៧១នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំដោយការប្រើប្រាស់សិទិ្ធរបស់ខ្លួននៅកម្ពុជា តាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស និងបរិស្ថាន៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង