កំពង់ធំ៖ គ្រាប់ប្រភេទ ៦០ មីលីម៉ែត្រចំនួន ២ គ្រប់ និងគ្រាប់បែកប្រភេទ BLU-24 មួយគ្រាប់ ត្រូវបានកម្លាំងនៃក្រុមការងារកម្ចាត់មីន និងគ្រាប់មិនទាន់ផ្ទុះនៃខេត្តសៀមរាប បានចុះមករំដោះចេញពីចម្ការដំឡូងមីរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការចុះប្រតិបត្តិការនេះ បន្ទាប់ពីប្រជាកសិករបានភ្ជួររាស់ដីប្រទះឃើញ និង រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដោយមិនបានប៉ះពាល់នោះទេ។
សកម្មភាពអ្នកជំនាញចុះដោះគ្រាប់ក្នុងចម្ការរបស់ប្រជាកសិករ។រូបភាព ប៉ាត ពណ្ណរាយ។
លោក គីម ធីវន ប្រធានក្រុមស្រាវជ្រាវព័ត៌មានមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម(TSC.60)ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា គ្រាប់ប្រភេទនេះជាកាកសំណល់សង្គ្រាមតាំងពីទសវត្ស៦០ ដែលជាប្រភេទគ្រាប់ផលិតនៅសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា គ្រាប់ទាំងនេះនៅមានឥទ្ធិពលដែលអាចផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ប្រសិនណាមានការប៉ះទង្គិចខ្លាំងលើគ្រាប់។
លោក គីម ធីវន កំពុងផ្តល់បទសម្ភាសន៍ជូនអ្នកព័ត៌មានជុំវិញការដោះមីននៅខេត្តកំពង់ធំ។រូបភាព ប៉ាត ពណ្ណរាយ។
អ្នកជំនាញដោះគ្រាប់មីនរូបនេះប្រាប់ថា ទោះបីជាគ្រាប់មានសណ្ឋានចាស់ហើយច្រែះស៊ីក៏ដោយ ក៏គម្បីកុំប៉ះពាល់ ព្រោះគ្រាប់ភាគច្រើននៅមិនទាន់ខូច ឬស្អុយនោះទេ ដែលអាចបង្កគ្រោះថ្នាក់បាន។ ភ្ជាប់ជាមួយករណីនេះ លោកសូមអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរដែនដីនៅពេលប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ ដើម្បីរកកិច្ចអន្តរាគមន៍ទាន់ពេលវេលា បញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
ក្រុមការងារបច្ចេកទេសពន្យល់ណែនាំទៅកាន់ប្រជាពលរដ្ឋជុំវិញវិធីការពារខ្លួនពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។រូបភាព ប៉ាត ពណ្ណរាយ។
សូមជម្រាបជូនថា គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួនពីរគ្រាប់ត្រូវប្រទះឃើញនៅស្រុកសណ្តាន់ និងគ្រាប់ BLU-24 នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ មួយទៀតផងដែរ គឺកាលពីពេលថ្មីៗនេះ ក្រុមការងារកម្ចាត់មីនប្រចាំការនៅខេត្តសៀមរាប និងកំពង់ធំ ក៏បានរំដោះគ្រាប់ប្រភេទ ៦០មីលីម៉ែត្រមួយគ្រាប់ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។