en     km
en     km

ករណីម្ចាស់បំណុលជាប់ពន្ធនាគារ៖ តុលាការសៀមរាប ​ថាតុលាការមិនដែលបានទទួលបណ្ដឹងពីការជំពាក់លុយនេះឡើយ

Share

ករណីម្ចាស់បំណុលត្រូវជាប់ពន្ធនាគារដោយសារកូនបំណុល ដែលកើតឡើងនៅឯខេត្ដសៀមរាប បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងវែកញែកពីមជ្ឈដ្ឋានជាច្រើនតាមបណ្ដាសង្គមនៅក្នុងខែមេសា ឆ្នាំ២០២៥ ខណៈម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ហើយស្វាមីកូនបំណុលត្រូវដកបុណ្យស័ក្ក។

ក្រោយមហាជនបន្ដវែកញែកនិងរិះគន់កាន់តែខ្លាំងសាលាដំបូងខេត្តសៀមរាបបាន​បកស្រាយលើករណីអ្នកស្រី ចិន ស្រីដា ដែលជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ដោយសារ​បណ្ដឹងរបស់កូនបំណុលពីរនាក់ប្ដីប្រពន្ធ ថាដោយសារ​អ្នកស្រីមិនបានស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីទាមទារ​បំណុលរបស់ខ្លួន។ សម្រាប់សាលាដំបូងខេត្តសៀមរាបករណីរបស់អ្នកស្រី ចិន ស្រីដា ជាករណី២ដាច់ពីគ្នាគឺរដ្ឋប្បវេណី(ជំពាក់លុយ) និងករណីព្រហ្មទណ្ឌ(ទាក់ទងនឹងការគំរាមកំហែងកេរ្តិ៍)។

តាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ សាលាដំបូងខេត្តសៀមរាបបញ្ជាក់ថា ចាប់តាំងពីមានជម្លោះរហូតមកដល់ពេលនេះតុលាការមិនដែលបានទទួលបណ្ដឹងពីអ្នកស្រី ចិន ស្រីដា ទាមទារឱ្យកូនបំណុលសងលុយនោះទេ ប៉ុន្តែកូនបំណុល គឺលោក សម្បត្តិ កុសល និងអ្នកស្រី រ៉ាំង ភិរម្យ បានប្ដឹងអ្នកស្រីជាបន្តបន្ទាប់។

មានបណ្ដឹង៤ដែលកូនបំណុល​ប្ដឹងអ្នកស្រី ចិន ស្រីដា ក្នុងនោះមួយបណ្ដឹងកំពុងស្ថិតនៅចំណាត់ការអង្កេតរបស់រាជអាជ្ញា និង១បណ្ដឹងបានចេញសាលក្រមរួចរាល់ទាក់ទងនឹង «បទគំរាមកំហែងកេរ្តិ៍»។

តុលាការខេត្តសៀមរាបបានបញ្ជាក់ថា ករណីកូនបំណុលមិនសងលុយជារឿងរដ្ឋប្បវេណី ហើយប្រសិនជាអ្នកស្រី ចិន ស្រីដា ប្រើប្រាស់មធ្យោបាយតាមផ្លូវតុលាការនោះតុលាការធានាថានឹងបានលុយវិញពិតប្រាកដ ដោយឡែកករណីដែលកូនបំណុលប្ដឹងអ្នកស្រី ចិន ស្រី ជាករណីព្រហ្មទណ្ឌដែលតុលាការមានសិទ្ធិចេញដីការនានា រួមទាំងចាប់ខ្លួន ឬឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីបម្រើការឱ្យអនុវត្តនីតិវិធី។

តុលាការបញ្ជាក់ថា៖ «ការលើកឡើងថា ម្ចាស់បំណុល​មិនបានទទួលការសងប្រាក់ពីកូន​បំណុល ហើយបែរជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ គឺជាការលើកឡើងមិនត្រឹមត្រូវនោះទេ ព្រោះថា​ការ​ជាប់ពន្ធនាគារ​របស់ឈ្មោះ ចិន ស្រីដា គឺជាការទទួលខុសត្រូវ​ក្នុងរឿងក្ដីព្រហ្មទណ្ឌ និងការលើកឡើងថា ការប្ដឹងមកតុលាការមិនទទួលបានដំណោះស្រាយនោះ ក៏ពុំមែនជាការពិតដែរ ព្រោះសាលាដំបូងខេត្តសៀមរាប មិនដែលទទួលបានបណ្ដឹងទាមទារប្រាក់ពីឈ្មោះ ចិន ស្រីដា ឡើយ»។

ករណីអ្នកស្រី ចិន ស្រីដា ត្រូវលោក សម្បត្តិ កុសល ដែលគេស្គាល់ថាជាស្នងការរងខេត្តបន្ទាយមានជ័យ ត្រូវជាស្វាមីរបស់ស្ត្រីជាកូនបំណុល ប្ដឹងកាលពីខែមីនា ឆ្នាំ២០២៤ គឺ៤ថ្ងៃបន្ទាប់ពីអ្នកស្រី ស្រីដាឆាតប្រាប់ឱ្យប្ដីកូនបំណុលរបស់ខ្លួនសងលុយដែលថាស្រ្តីជាប្រពន្ធបានខ្ចីលុយខ្លួនយករត់ការឱ្យប្ដីឡើងផ្កាយមួយនៅខេត្តបន្ទាយមានជ័យ។ បណ្ដឹងនោះបានបានដកស្រង់ខ្លឹមសាររបស់អ្នកស្រី ចិន ស្រីដា ថា «បើគេចវេសមិនសងឱ្យខ្ញុំ ដឹងមួយម៉ាត់ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយឱ្យសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឱ្យខ្ញុំ»។

អ្នកស្រី ចិន ស្រីដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ស្របពេលមានការប្តឹង ផ្តល់ទៅដល់តុលាការ របស់លោកសម្បត្តិ កុសលនេះ គេក៏ឃើញមានប្រកាសមួយរបស់ លោក ស សុខា រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីស្នងការរងខេត្តបន្ទាយមានជ័យ មកបម្រើការងារ នៅនាយកដ្ឋានវិទ្យុទាក់ទង ចំអគ្គស្នងការដ្ឋាន នគរបាលជាតិ ៕

 

Share

ព័ត៌មានទាក់ទង