en     km
en     km

បង្ក្រាបទីតាំង​ខារ៉ាអូខេ​ និងផ្ទះសំណាក់នៅខេត្តកំពង់ស្ពឺ បង្កប់សេវាផ្លូវភេទលើអនីតិជន ដោយចាប់ខ្លួនម្ចាស់ទីតាំង

Share

សមត្ថកិច្ចបង្រ្កាបទីតាំងខារ៉ាអូខេ​ KTV យីហោ នាគ​ មាស ។ ប្រភពរូបភាពពី នគរបាលខេត្តកំពង់ស្ពឺ

ស្រ្តី៨នាក់ត្រូវបានសង្រ្គោះចេញពីការបំរើសេវាកម្មផ្លូវភេទ ហើយបុរស២នាក់ជាម្ចាស់​ទីតាំង​ខារ៉ាអូខេ​ KTV និងម្ចាស់ផ្ទះសំណាក់ ត្រូវបានឃាត់ខ្លួន ហើយ ស្ថិតក្នុងភូមិឡ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា។

ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល នាថ្ងៃចន្ទ ទី១៩ ខែឧសភា ដោយកម្លាំងការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ ដែលដឹកនាំដោយលោកស្រី​ ឧត្តមសេនីយ៍ត្រី​ ងិន​ សុគន្ធា​ ស្នងការរង​ និងសម្របសម្រួលនីតិ​វិធីផ្ទាល់ពីលោក​ រ៉ែន​ នរិទ្ធ​ ព្រះរាជអាជ្ញារង​ អយ្យការ​  អមសាលាដំបូងខេត្ដកំពង់ស្ពឺ។

កម្លាំងនគរ​បាលបានបើកប្រតិបត្ដិការស្រាវជ្រាវ ចូលដល់ទីតាំង​ ខារ៉ាអូខេ​យីហោ​ នាគ​ មាស​ និងផ្ទះសំណាក់​យីហោ​ សុខ​ សាន្ត​  ស្ថិតនៅភូមិឡ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង។ សមត្ថកិច្ច​បានឃាត់ខ្លួន​ មនុស្ស​២នាក់​ ដែលជាម្ចាស់ទីតាំង​ KTV និង​ ផ្ទះសំណាក់​។ ក្នុងនោះ មាន ឈ្មោះ ឃ្លាំង ភារម្យ អាយុ ៣៥ឆ្នាំ ជាម្ចាស់​ទីតាំង​ខារ៉ាអូខេ​ KTV នាគ​ មាស និងឈ្មោះ តុញ ខ្លី អាយុ ៣៧ឆ្នាំ​  ជាម្ចាស់ផ្ទះសំណាក់​ សុខ​ សាន្ត។

ក្នុងប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​នគរបាល​ បានធ្វើការ​សង្គ្រោះនារី​វ័យក្មេង​ និងនារីចំណាស់​ បានចំនួន​ ៨នាក់។​ ក្នុងនោះ​ ជាអនីតិជន​ ៥នាក់​និងធ្វើ​ការ​ចាប់យក​ ដកហូតស្រោមអនាម័យដែលភ្ញៀវប្រើប្រាស់រួច ​ចំនួន​២​ស្រោម។ នេះបើតាមការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ.

ដោយផ្អែកលើភស្ដុតាង និងចម្លើយសារភាព សមត្ថកិច្ច​បានធ្វើ​ការ​បញ្ជូនម្ចាស់ទីតាំងរួមជាមួយ​ នារី​រងគ្រោះ​ទាំង​៨​នាក់​ មកកាន់ការិយាល័យ​ប្រឆាំង​ការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ធ្វើចំណាត់ការ​នីតិវិធី​បន្ដ​។

ចំណែកក្មេង​ស្រីទាំង៥នាក់ដែលគេចាត់ទុកថាជា​ជនរងគ្រោះ ត្រូវ​បានប្រគល់​​ជូន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ ដើម្បីធ្វើ​ការរកដៃគូរ​ សហការ​បណ្ដុះបណ្ដាល​ជំនា​ញ​តាមលទ្ធភាព​ជួយដល់ពួកគេ។​ រីឯ​ម្ចាស់​ទីតាំង​ ត្រូវបានកសាងសំ​ណុំរឿងបញ្ចូន​ ទៅអយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

នេះមិនមែនជាលើកទី១ឡើយដែលកើតមានករណីបង្កប់សេវាផ្លូវភេទនៅខេត្តកំពង់ស្ពឺក្រោមស្លាកសេវាកម្សាន្ត ឬខារ៉ាអូខេ KTV ករណីស្រដៀងនេះតែងត្រូវបានរកឃើញជារឿយៗ។ ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នគរបាលក៏បានបង្រ្កាប ​ខារ៉ាអូខេ យីហោ បុប្ផាថ្មី ស្ថិត​នៅ​ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងដែរ ដោយបានរកឃើញនារីក្មេងៗមិនទាន់គ្រប់អាយុឱ្យទទួលភ្ញៀវ និងបើកបម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធផងដែរ៕

 

 

 

Share

ព័ត៌មានទាក់ទង