en     km
en     km

តុលាការអនុញ្ញាតឱ្យស្រ្តីអ្នកទោសពាក់ព័ន្ធគម្រោងCLVម្នាក់នៅក្រៅឃុំបណ្ដោះអាសន្នដោយសារបញ្ហាសុខភាព

Share

អ្នកស្រី ហ៊ូ រុនអេង ដែលជាប់ឃុំខ្លួនដោយសារបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន ក្រោយព្រឹត្តិការណ៍បង្ក្រាបអ្នករិះគន់គម្រោង CLV ត្រូវតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីធ្លាក់ខ្លួនឈឺ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថ្វីត្បិតបាននៅក្រៅឃុំ ប៉ុន្តែមេធាវីការពារក្ដីថា តុលាការគួរតែទម្លាក់បទចោទលើអ្នកស្រី ហ៊ូ រុនអេង ឱ្យឆាប់ដើម្បីផ្ដល់សេរីភាពពេញលេញឱ្យអ្នកស្រី រុនអេង បានទៅព្យាបាលជំងឺនៅក្រៅប្រទេស។ កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍

 

 

អ្នកស្រី ហ៊ូ រុនអេង មានវ័យ ៥៣ឆ្នាំ ដែលគេស្គាល់ថាជាពលរដ្ឋម្នាក់ហ៊ានសរសេរមតិរិះគន់បង្ហោះចូលក្នុងទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន កាលពីខែកញ្ញា ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងទឹកដីខ្មែរ ហើយក្រោយមកអ្នកស្រីត្រូវបានចាប់ខ្លួន។ សាររបស់អ្នកស្រីក្នុងន័យដើមសរសេរថា «មនុស្សយួនចូលក្នុងដីខ្មែរយូរៗទៅ ធ្វើកលល្បិចឱ្យមេដឹកនាំខ្មែរសម្លាប់ខ្មែរ យកខ្មែរគ្នាឯងជាខ្មាំង»។

តាមរយៈការសរសេរក្នុងប្រអប់ខម្មិន(Comment)នេះ ធ្វើឱ្យសម្តេច ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រតិកម្មដោយប្រកាសមិនលើកលែងឡើយ ពោលគឺត្រូវចាត់ទុកជាក្រុមជ្រុលនិយមដែលមានចេតនាចោទប្រកាន់រដ្ឋាភិបាល។

មេធាវីការពារក្ដីអ្នកស្រី ហ៊ូ រុនអេង លោក សឺន ជុំជួន បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៨ ខែមេសានេះថា អ្នកស្រី ហ៊ូ រុនអេង កាលពីចុងខែមីនាមកនេះ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមសំណើរបស់លោកជាមេធាវី ក្រោមហេតុផលសុខភាពកូនក្ដីមានបញ្ហាធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មុនតុលាការសម្រេចឱ្យកូនក្ដីលោកបាននៅក្រៅឃុំ អ្នកស្រី រុនអេង ត្រូវបញ្ជូនចេញពីពន្ធនាគារម ១ មកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ក្រោយពីមានស្ថានភាពហើមពោះ និងមិនអាចបន្ទោបង់។

ដោយសារសភាពជំងឺត្រូវការវះកាត់សង្គ្រោះបន្ទាន់ ព្រោះតែធ្លាយពោះវៀនដុះខ្នែង ដូច្នេះមេធាវីការពារក្ដីថា ជំងឺអ្នកស្រី រុនអេង ត្រូវការមើលថែឌិតដល់ពីក្រុមគ្រួសារ និងត្រូវសម្រាកព្យាបាលជំងឺក្នុងមន្ទីពេទ្យ។ ប៉ុន្តែក្រោយពីវះកាត់ហើយ និងបានធូរស្បើយខ្លះ ស្រាប់តែកូនក្ដីលោកត្រូវមន្ត្រីពន្ធនាគារផ្លាស់ទៅឃុំខ្លួននៅពន្ធនាគារម ២ទៅវិញ។ ទោះបីផ្លាស់ប្ដូរពន្ធនាគារឃុំខ្លួនក្ដី តែសុខភាពកូនក្ដីលោកនៅតែប្រឈម និងចាប់ផ្ដើមរើឡើងវិញដែលអាចឈានទៅរកការព្យាបាលនៅក្រៅប្រទេស ស្របពេលអ្នកស្រី រុនអេង ក៏មានវ័យចំណាស់ថែមទៀត។

លោក សឺន ជុំជួន មេធាវីការពារក្ដីអ្នកស្រី ហ៊ូ រុនអេង។

លោក សឺន ជុំជួន៖ «សេចក្ដីសម្រេចឱ្យគាត់នៅក្រៅឃុំហ្នឹងគឺមានលក្ខខណ្ឌមិនមែនរួចផុតពីបទចោទនោះទេ។ លក្ខខណ្ឌហ្នឹងមានន័យថាឱ្យគាត់ព្រមបង្ហាញវត្តមានចំពោះសមត្ថកិច្ចហ្នឹងជារៀងរាល់ខែនៅមូលដ្ឋាន ហើយពាក់ព័ន្ធនឹងការហាមឃាត់ផ្សេងៗទៅក្រៅប្រទេសជាដើម ប៉ុន្តែលក្ខខណ្ឌជំងឺរបស់គាត់ ប្រសិនណាមានការព្យាបាលនៅក្រៅប្រទេស ទាល់តែយើងមានការស្នើសុំការអនុញ្ញាតពីខាងតុលាការដែរណា»។

ក្រោយពីតុលាការសម្រេចឱ្យអ្នកស្រី ហ៊ូ រុនអេង នៅក្រៅឃុំបណ្ដោះអាសន្នមក លោកថា សភាពជំងឺអ្នកស្រីស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រួសារ ដោយពួកគេមានបំណងបញ្ជូនអ្នកស្រី រុនអេង ទៅព្យាបាលនៅក្រៅប្រទេស ខណៈការសម្រាកព្យាបាលនៅក្នុងស្រុកមិនបានជួយឱ្យធូរស្បើយនៅឡើយ។

លោក សឺន ជុំជួន៖ «ស្ថានភាពជំងឺគាត់ហ្នឹង ចាំបាច់ត្រូវតែបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ហើយលក្ខខណ្ឌមិនឱ្យគាត់ចេញមកក្រៅហ្នឹងអាហ្នឹងវាប៉ះពាល់ហើយ តែទោះបីជាយ៉ាងណាក្ដី យើងស្នើសុំទៅតុលាការថា​ វាចាំបាច់ត្រូវទៅព្យាបាលនៅក្រៅប្រទេស យើងមើលថាវាអនុញ្ញាត ឬមិនអនុញ្ញាត អាហ្នឹងវាជារឿងផ្សេងមួយទៀត។ អ៊‌ីចឹងមានន័យថាគាត់មិនទាន់រួចផុតពីបទចោទនៅឡើយទេ ដូច្នេះយើងសង្ឃឹមថា នឹងមានសវនាការក្នុងពេលឆាប់ៗខាងមុខនេះ ហើយសង្ឃឹមថា គាត់អាចរួចខ្លួនពីបទចោទហ្នឹងណា»។

កន្លងមកអ្នកស្រី ហ៊ូ រុនអេង ធ្លាប់ចេញវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយសុំទោសសម្ដេច ដោយបានបញ្ជាក់រាល់ការសរសេរបញ្ចេញមតិយោបល់របស់ខ្លួនថាជាមតិយោបល់ផ្តេសផ្តាស សរសេរតាមអ្វីតែគេថាប៉ុណ្ណោះ គ្មានចេតនាមួលបង្កាច់រាជរដ្ឋាភិបាលឡើយ។ តែទោះបីអ្នកស្រីបានចេញវីដេអូសុំទោសក្ដី ក៏សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកស្រី រុនអេង ពីបទ «ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»ដោយគ្មានការលើកលែងនោះទេ។

បន្ទាប់មកសមត្ថកិច្ចខេត្តកំពង់ចាម បានចាប់ឃាត់ខ្លួនអ្នកស្រី ហ៊ូ រុនអេង ដែលមានទីលំនៅក្នុងភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្រោយមកអ្នកស្រី ត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេល ៦ខែ ទើបមានការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

ការចាប់ខ្លួនស្ដ្រីវ័យកណ្ដាលរូបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាល បានដាក់កម្លាំងបង្ក្រាបដោយចាប់ខ្លួនសកម្មជនសង្គម អ្នកនយោបាយ និងពលរដ្ឋ ដែលមានគម្រោងជួបជុំ ឬបង្ហោះសារលើបណ្តាញសង្គម ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV។ បន្ទាប់ពីរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះ មានសកម្មជនសង្គម និងពលរដ្ឋ ដែលឃុំខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោងនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នជាបន្តបន្ទាប់ ក្រោយពួកគេចេញវីដេអូសុំទោស៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង