ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានលើកពេលសួរដេញដោលកូដករណាហ្គាវើលដ៍ចំនួនពីរនាក់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ ក្រោមមូលហេតុមានភារកិច្ចបន្ទាន់។ នេះបើតាមការគូសបញ្ជាក់ពីលោក សំ ចម្រើន មេធាវីការពារក្តីកូដករណាហ្គាវើលដ៍។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
អ្នកស្រី ហៃ សុភាព និងអ្នកស្រី ឃ្លាំង សុបិន្ត ត្រូវខកខាតចូលឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ដោយសារតែចៅក្រមស៊ើបសួរជាប់រវល់ត្រូវបំពេញភារកិច្ចផ្សេងទៀតបន្ទាន់។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីជូនកូដករណាហ្គាវើលដ៍ប្រាប់អ្នកសារព័ត៌មាន។
លោកមេធាវី សំ ចម្រើន បន្តថា ការលើកពេលសួរដេញដោលនេះ ចៅក្រមស៊ើបសួរបានជូនដំណឹងនិងប្រាប់មូលហេតុត្រឹមត្រូវដល់មេធាវីរួចរាល់ហើយ។ លោកបន្ថែមថា កន្លងមកដំណើរការនីតិវិធីគឺប្រព្រឹត្តិទៅបានល្អ ហើយការសាកសួរពីសំណាក់ចៅក្រមស៊ើបសួរក៏បានយកចិត្តទុកដាក់លើជនជាប់ចោទ។
ដោយឡែកបច្ចុប្បន្នលោកមេធាវី សំ ចម្រើន កំពុងប្តឹងប្រឆាំងការឃុំខ្លួនកូនក្តីរបស់លោក ដោយលោកចង់ឱ្យតុលាការផ្តល់សិទ្ធិឱ្យកូនក្តីនៅក្រៅឃុំជាបណ្តុះអាសន្ន ព្រោះកូនក្តីមិនបានប្រព្រឹត្តិបទល្មើសអ្វីធ្ងន់ធ្ងរនោះទេ។
ដោយឡែកនៅព្រឹកមិញនេះដែលមានកូដករណាហ្គាវើលដ៍ប្រហែលជាង ៣០នាក់បានមកប្រមូលផ្តុំគ្នានៅពីមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីគាំទ្រនិងឃ្លាំមើលដំណើរការក្តីនេះ។ តែក្រុមកូដករដែលមកគាំទ្រដែលភាគច្រើនជាស្រ្តីត្រូវបានកម្លាំងសមត្ថកិច្ចណែនាំមិនឱ្យប្រមូលផ្តុំគ្នា ហើយបានបំបែកក្រុមកូដករជាផ្នែកៗក្រោមហេតុផលរក្សាគម្លាតការពារជំងឺកូវីដ-១៩។
កូដករម្នាក់ដែលបានមកគាំទ្រប្រាប់ថា តុលាការគួរតែឱ្យជនជាប់ចោទដែលជាកូដករនៅក្រៅឃុំដើម្បីជួបជុំក្រុមគ្រួសារ និងមើលថែកូន ព្រោះកូដករជាប់ឃុំខ្លះមានកូនតូចត្រូវការការមើលថែពីម្តាយ។

សមាជិកសហជីពនិងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ចាប់ផ្តើមចេញធ្វើកូដកម្មនៅពាក់កណ្តាលខែធ្នូឆ្នាំ២០២១។ រហូតមកដល់ចុងខែធ្នូឆ្នាំ២០២១ ក្រុមកូដករត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ជាង ៣០នាក់ក្រោមហេតុផល ធ្វើឱ្យបង្កឱ្យមានភាពវឹកវក ចលាចល និងការញុះញង់ បង្កអសន្តិសុខដោយមិនគោរពតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងបំពានច្បាប់ស្តីពីការធ្វើកូដកម្មជាដើម។
ប៉ុន្តែក្នុងចំណោមពួកគេជាង ៣០ នាក់នោះ សមត្ថកិច្ចបានដោះលែងមកវិញជាបន្តបន្ទាប់ បន្ទាប់ពីបានធ្វើកិច្ចសន្យា ហើយបច្ចុប្បន្ននៅសល់តំណាងសហជីពនិងបុគ្គលិកចំនួន ៨ ទៀតនៅជាប់ក្នុងពន្ធនាគារនៅឡើយ។ ក្នុងចំណោមអ្នកទាំង ៨នាក់នោះមាន អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី ហៃ សុភាព លោក សុខ ណារិទ្ធ និងលោក សុខ គង្គា និងកញ្ញា ឈឹម ស៊ីថរ ដែលជាតំណាងសហជីពលេចធ្លោម្នាក់ផងដែរ។
ទាក់ទងរឿងនេះ បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចាប់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាលដ៍ថា ជាការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ ដោយបានអំពាវនាវឱ្យមានការដោះលែងក្រុមកូដករឱ្យមានសេរីភាពឡើងវិញ។
ដោយឡែកក្រុមកូដករវិញកាលពីប៉ុន្មានថ្ងៃមុននេះ ពួកគេបានប្រមូលស្នាមមេដៃដាក់ញត្តិតាមស្ថានទូតចំនួន ១៤ ដើម្បីឱ្យស្ថានទូតជួយជំរុញកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងតំណាងរបស់ពួកគេមកវិញ និងជួយអន្តរាគមន៍ដោះស្រាយវិវាទមួយនេះ៕